Menu

៦-ការសរសេរអត្ថបទវិទ្យុ

វិទ្យុគឺជា​ប្រព័ន្ធសារព័ត៌មានលឿន​​រហ័សសម្រាប់មនុស្ស​គ្រប់​រូប ទាំង​អ្នក​មាន​ចំណេះ​ដឹង ឬក៏អ្នក​មិន​​​ចេះ​អក្សរ។ ដូចនេះ ការ​សរសេរអត្ថបទត្រូវតែសាមញ្ញ ខ្លី ថ្មីៗ ច្បាស់លាស់… ងាយ​ស្រួល​ស្ដាប់​ និង​ងាយ​ស្រួលចងចាំ។ គោលការណ៍​ទីមួយ គឺ​ត្រូវ​យល់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ មុន​នឹង​សរសេរ​អត្ថបទ។ ប្រសិន​ជាយើង​មិន​យល់​ច្បាស់​ទេ យើង​សរសេរ​មិន​បាន​ល្អឡើយ។ យល់​ឲ្យ​បាន​ច្បាស់ ដើម្បី​រាយការណ៍ ព័ត៌មាន​ឲ្យ​បាន​ជាក់​លាក់ នេះគឺជា​គោល​ការណ៍​មូលដ្ឋានរវាង​អ្នក​យក​ព័ត៌មាន និង​សាធារណជន។

ចាប់​ផ្តើមដោយព័ត៌មាន​បច្ចុប្បន្នភាព

គេ​ស្ដាប់​​ព័ត៌មាន​​របស់​លោក​អ្នក ដើម្បីចង់​ដឹង​អំពីអ្វី​ដែល​កើត​ឡើង។ ដូចនេះ យើង​ត្រូវ​ចាប់​ផ្តើម​សរសេរ​អត្ថបទ​នីមួយៗ ជាមួយ​ព័ត៌មាន​ថ្មីៗបំផុត។

ទាញចំណាប់​អារម្មណ៍​អ្នក​ស្ដាប់

ឃ្លាដំបូងគេ​ប្រមូល​ផ្តុំ​ដោយ​ព័ត៌មាន​បច្ចុប្បន្ន​ភាព ប៉ុន្តែ វាក៏ត្រូវ​មាន​ភាព​ទាក់​ទាញ​ផង​ដែរ។ ត្រូវ​ផ្ទៀង​ផ្ទាត់​មើល​ថា​ការ​សរសេរ​របស់​លោក​អ្នក​មាន​ភាព​ទាក់​ទាញ​ឬនៅ ជាពិសេស​ ការចាប់​ផ្តើម​អត្ថបទ។ ប្រសិន​ជា​លោក​អ្នក​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដាប់បាន ពួកគេ​នឹង​ស្ដាប់​ព័ត៌មាន​នោះ។

ប្រើទម្រង់​កាល​​បច្ចុប្បន្ន

លោក​អ្នក​ត្រូវ​រៀប​រាប់​ព្រឹត្តិការណ៍​ផ្សេង​ៗដែល​ទើប​នឹង​កើត​មាន ឬកំពុង​កើត​មានឡើង។ បច្ចុប្បន្ន គឺជា​កាល​ដែល​ត្រូវ​ប្រើ​នៅ​ក្នុង​អត្ថបទ ដោយ​សម្របទៅតាម​ការ​សរសេរព័ត៌មានបច្ចុប្បន្នភាព។

សរសេរឃ្លាខ្លីៗ

ជានិច្ចកាល ព័ត៌មាន​តែងមាន​ភាពស្មុគស្មាញ។ អ្នកស្ដាប់​មិន​អាចស្ដាប់​បកត្រឡប់ក្រោយទេ។ ពួកគេ​ត្រូវ​យល់​ភ្លាមៗ។ សូម​សរសេរ​ឃ្លាអត្ថបទ​របស់​​អ្នក តាមគំរូ៖ ប្រធាន/កិរិយាសព្ទ/កម្មបទ។ សូម​សរសេរ​​គំនិតមួយ ក្នុង​មួយ​ឃ្លា។ ត្រូវ​ចៀសវាង​ប្រើ​ល្បះ​រណប។ ត្រូវ​ដាក់​សញ្ញាខណ្ឌ និង​ចាប់​ផ្តើម​ឃ្លា​ថ្មី។

ត្រូវ​ជាក់ច្បាស់

អត្ថបទរបស់​​អ្នកត្រូវ​ខ្លី​ តែពាក្យនីមួយៗមាន​សារៈសំខាន់។ ដូចនេះ ត្រូវ​ប្រើ​ពាក្យ​ច្បាស់ ជ្រើសរើស​កិរិយាសព្ទ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជៀសវាង​កិរិយាសព្ទ មាន និង​ ជា ព្រោះ​វា​មាន​គ្រប់​កន្លែង និង​មិន​ច្បាស់​លាស់។

សរសេរអំពីរឿងរ៉ាវផ្សេងៗ និងចៀសវាងការ​បញ្ចេញ​ទស្សនៈ

អ្នក​មិន​មែនផ្សាយព័ត៌មាន ដើម្បីបញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​នោះទេ។ សូម​រៀបរាប់​អំពី​បច្ចុប្បន្ន​ភាព និង​ទុកឱកាស​ឲ្យ​អ្នក​ស្ដាប់​វិនិច្ឆ័យ​ដោយ​ខ្លួនឯង។

និយាយ មុន​នឹង​សរសេរ

ព័ត៌មានវិទ្យុគឺជា​លំហាត់​ផ្ទាល់​មាត់​មួយ។ ពិធីករ​អាន​ព័ត៌មាន។ សូម​សរសេរ​អត្ថបទរបស់​​អ្នក ដោយ​អាន​ខ្សឹបៗ។ នៅពេល​​អ្នក​ជាប់​គាំង​នឹង​ពាក្យមួយ ត្រូវ​ដូរ​ពាក្យថ្មី ព្រោះ​ថា​​អ្នក​អាច​ប្រឈម​​នឹង​បញ្ហា​នេះ នៅពេល​ផ្សាយ។ ពេល​សរសេរ​អត្ថបទ​រួចរាល់ ត្រូវ​អាន​ឡើង​វិញដោយ​សំទ្បេង​ខ្លាំងៗ។ ប្រសិន​ជា​​អ្នក​មិន​ពេញ​ចិត្ត​នឹងលទ្ធផល ត្រូវ​កែសម្រួល​អត្ថបទ។

និយាយ​ទៅកាន់​អ្នក​ស្ដាប់

​អ្នកសរសេរ​អត្ថបទ​ដោយ​ខ្លួនឯងផ្ទាល់ ហើយ​នៅកំឡុង​ពេល​ផ្សាយ អ្នក​មិន​ជាប់​​ពាក់​ព័ន្ធ​នឹង​សាធារណ​​ជន​ឡើយ។ ប៉ុន្តែ សូម​ព្យាយាម​ស្រមៃអំពីអ្នក​ស្ដាប់ ថាតើ​ពួកគេ​នឹង​យល់​ខ្លឹមសារ​ដែរ​ឬទេ ? សាកល្បង​និយាយ​ទៅកាន់​នរណា​ម្នាក់។ ប្រសិន​ជា​​អ្នក​សរសេរ​អត្ថបទ​បែបនេះ ​សាធារណជន​នឹង​មានអារម្មណ៍ថា​ថា​អ្នក​និយាយ​ទៅកាន់​ពួកគេ ហើយ​ពួកគេ​នឹងនៅ​ស្ដាប់​ព័ត៌មាន​របស់​អ្នក​។

ពិពណ៌នា​​ព័ត៌មាន

វិទ្យុតម្រូវការ​ត្រចៀក​របស់​អ្នក​ស្ដាប់។ អត្ថបទ​ល្អមួយ​បង្កើត​ជា​រូបភាព​នៅក្នុង​ខួរក្បាល​របស់​អ្នក​​ស្ដាប់។ ដើម្បីទទួល​បាន​លទ្ធផល​បែប​នេះ អ្នក​ត្រូវ​សរសេរ​បែប​ពណ៌នា។ ដើម្បីជៀសវាង​ការ​ភ្លេច​ភ្លាំង សូម​ប្រើ​សំណួរ​ទាំង​ប្រាំ 5w។ ដើម្បីពិពណ៌នាព័ត៌មាន ត្រូវ​គិត​ដល់វិញ្ញាណ​ទាំង​៥។ យើង​ទទួល​បាន​ព័ត៌មាន​ទាំង​អស់​តាម​រយៈ​វិញ្ញាណ៖ ចក្ខុវិញ្ញាណ ឃានវិញ្ញាណ កាយ​វិញ្ញាណ សោតវិញ្ញាណ និង​ជីវ្ហាវិញ្ញាណ។