Menu

៣-តើមុំព័ត៌មានគឺជាអ្វី?

វិទ្យុមិនអាចនិយាយអំពីគ្រប់​រឿង​រ៉ាវ​បាន​ទេ។ ព័ត៌មាន​ត្រូវ​បាន​កំណត់តាម​ពេលវេលា។​ ដូចនេះ យើងត្រូវ​ធ្វើ​​ការ​​ជ្រើសរើស។ សញ្ញាណ​នៃ​មុំព័ត៌មាន​ផ្សារភ្ជាប់ទៅនឹង​​ស្ទីល​សារព័ត៌មាននៃបទយកការណ៍មួយ។ អ្នក​​យក​ព័ត៌មាន​មួយ​រូប​អាច​លើកឡើងពី​ទិដ្ឋភាព​ខុសៗគ្នា ឬមុំនៃ​ប្រធាន​បទ​មួយ​ដូចគ្នា។ ព័ត៌មាន​នីមួយៗ អាចនឹងត្រូវ​បាន​ចាប់​យក បង្ហាញ រំពឹងទុក និងមើលឃើញ ក្រោម​រូបភាពមុំ​ផ្សេងៗគ្នា។

មុំព័ត៌មានជាជម្រើសសារព័ត៌មាន​មួយ

ជារៀងរាល់ថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយកំពុងប្រកួតប្រជែងផលិត​ព័ត៌មាន​​សំខាន់ៗ។ ចំពោះ​ប្រធាន​បទតែមួយ យើង​គ្រប់​​គ្នា​អាចកត់សម្គាល់​ឃើញថា​លទ្ធផលការងារមានភាពខុសៗគ្នា ពីស្ថានីយវិទ្យុមួយ ទៅស្ថានីយ​មួយ​​ផ្សេងទៀត។​ វាអាស្រ័យទៅលើមុំព័ត៌មាន​ដែលត្រូវ​បាន​ជ្រើសរើស ដើម្បីផលិតចេញ​ជា​​ព័ត៌មាន។ ប្រសិន​​ជាជ្រើសរើសមុំបាន​ត្រឹមត្រូវ​ បទយកការណ៍នោះពិតជា​មាន​ភាព​ទាក់​ទាញ។

មុំព័ត៌មាន : ការឆ្លើយតបទៅនឹង​លក្ខខណ្ឌជាក់​ស្ដែង​នៃអាជីព​ជាអ្នកយក​ព័ត៌មាន

ការ​​ផ្តល់​ព័ត៌មានទាំងអស់នៅលើក្រដាសតែមួយត្រឹមតែរយៈពេល​មួយនាទី គឺមិន​អាចធ្វើ​ទៅរួចឡើយ។ អ្នក​យក​ព័ត៌មាន​វិទ្យុទទួលយក​លក្ខខណ្ឌនេះ និង​ប្រែក្លាយវាឲ្យទៅជាគុណសម្បត្តិ។ ការ​ជ្រើសរើស​មុំ​​ព័ត៌មាន​បាន​​​ល្អ​​មាន​ប្រយោជន៍លើ​​​​​​រយៈពេល​កំណត់នៃ​បទយកការណ៍​របស់​​អ្នក។ គ្មានអ្វី​ហាម​ឃាត់​​​អ្នក​មិន​ឲ្យ​ផលិត​ប្រធាន​បទ​មួយ ក្រោម​មុំពីរ​ផ្សេងគ្នា​ឡើយ : មុំមួយសម្រាប់​ព័ត៌មាន​ពេល​ល្ងាច និង​មួយ​ទៀត​សម្រាប់​ព័ត៌មាន​នៅព្រឹក​ថ្ងៃបន្ទាប់។

តើយើង​កំណត់​មុំនៃប្រធាន​បទមួយនៅពេលណា?

ពេលវេលាដ៏ត្រឹមត្រូវក្នុងការជ្រើសរើសមុំមួយនៃប្រធាន​បទមួយ គឺនៅក្នុងកិច្ចប្រជុំផ្នែកនិពន្ធព័ត៌មាន​ : តើ​យើង​ត្រូវ​សរសេរ​ប្រធានបទនីមួយៗយ៉ាង​ដូចម្តេច? តើរឿង​រ៉ាវ​អ្វីដែល​អ្នក​ស្ដាប់​ចាប់​អារម្មណ៍ ទាក់ទង​នឹង​ប្រធាន​​​បទ​នេះ ?​ តើ​នរណា​ជា​ដៃគូសន្ទនា​ដ៏ល្អនៅក្នុង​កិច្ច​សម្ភាសន៍​មួយ ? វិធីដ៏ល្អបំផុត​ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ គឺ​ត្រូវ​ពិភាក្សា​ជាក្រុម​ នៅក្នុង​កិច្ច​ប្រជុំ​ពេល​ព្រឹក។

ឧទាហរណ៍អំពីមុំព័ត៌មាន

ជ្រើសរើស​ប្រធាន​បទមួយ​អំពីបច្ចុប្ប​ន្នភាព : អគ្គិភ័យមួយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់​មួយនៃទី​ក្រុង​របស់​លោក​​អ្នក។ ភ្លើងកំពុង​ឆាបឆេះផ្ទះសំបែង​ និង​កន្លែងរកស៊ី។ ខាងក្រោម​នេះគឺជា​ឧហរណ៍​មួយ​ចំនួន​អំពីមុំព័ត៌មាន​ដែល​អាចមាន :

មុំទីមួយ : បញ្ជូន​អ្នក​យកព័ត៌មាន​ទៅកាន់កន្លែង​កើត​ហេតុ​ និង​ឲ្យ​គាត់​ហៅ​ទូរស័ព្ទ​មក​យើង​រាយ​​ការណ៍​​ព័ត៌មានអំពី​អគ្គភ័យ​​នេះ។ ការងារ : អត្ថបទ​សរសេរ​និង​រាយ​ការណ៍​​ផ្សាយ​តាម​ទូរស័ព្ទ។

មុំទីពីរ : ធ្វើរបាយការណ៍​អំពីការ​ខូចខាត​ទ្រព្យសម្បត្តិ និង​មនុស្ស : ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស តើ​ការ​សង្រ្គោះ​យ៉ាង​ដូចម្តេច? តើ​មាន​ផ្លូវ និង​ផ្ទះប៉ុន្មាន​ដែល​រង​ការ​ប៉ះពាល់ ។ល។ ការងារ : បទសម្ភាសន៍ជាមួយ​អ្នក​ទទួល​ខុសត្រូវ។

មុំទីបី : ពន្យល់អំពីរឿងរ៉ាវ​ដែល​បាន​កើត​មាន​ឡើង ពេលវេលា និងទីតាំង​ដែលភ្លើងចាប់​ផ្តើម​ឆាបឆេះ? មូលហេតុ? តើវាជាអគ្គិភ័យកើតឡើងដោយចេតនាឃាតកម្ម ឬ ដោយចៃដន្យ? ការងារៈ សរសេរអត្ថបទនៅក្នុង​បន្ទប់ធ្វើការ។

យើងអាចជ្រើសរើសមុំមួយ​នៅក្នុងចំណោម​មុំជាច្រើន។ យើងអាច​ផលិតមុំឲ្យ​បាន​ច្រើន ដើម្បី​ធ្វើឲ្យ​បទ​យក​​​ការណ៍​មានលក្ខណៈ​​ខុសប្លែកពីការផ្សាយ​ព័ត៌មាន​មួយ​ទៅការ​ផ្សាយ​មួយ​ទៀត។ ប្រសិន​ជា​ព្រឹត្តិការណ៍​​នោះ​សំខាន់​ណាស់ យើង​អាច​ធ្វើ​មុំច្រើន​នៅក្នុង​ការ​ចេញផ្សាយ​តែមួយ រួច​បង្កើត​ជា​សំណុំ​រឿងមួយ។

គោលការណ៍​នេះ​ត្រូវ​យក​ទៅអនុវត្ត​បាន​រាល់​ព្រឹត្តិការណ៍​ទាំង​អស់ ទាំងរឿង​នយោបាយ វប្បធម៌ សេដ្ឋកិច្ច និង​កីឡា (អត្ថបទ​សរសេរ​ មុនការប្រកួត សំទ្បេងមុនការប្រកួត ការរាយការណ៍ក្រោយ​ការ​ប្រកួត បទ​សម្ភាសន៍​​ជាមួយ​កីឡាករ គ្រូបង្វឹក និង​ឯកសារវិភាគ…)

ការងារដូចគ្នា សម្រាប់​សវនាការកាត់​ទោសមួយ : ឯកសារអំពីអង្គហេតុ បទបង្ហាញ​របស់​ជនជាប់​ចោទ ឯកសារ​សង្ខេប​អំពី​សវនាការ បទយក​ការណ៍​ជាសំទ្បេង​របស់​​មេធាវីរបស់​ភាគី​ទាំងពីរ…