រលកសំទ្បេងវិទ្យុ
នៅក្នុងជីវភាពប្រចាំថ្ងៃ យើងនិយាយគ្នាបែបធម្មតា។ នៅក្នុងវិទ្យុ យើងនិយាយកាន់តែយឺត។ ប៉ុន្តែ យើងត្រូវបង្កើតឲ្យចេញជារូបភាព រៀបរាប់ និងពិពណ៌នា។ យើងត្រូវមានភាពរស់រវើក មិនមែន និយាយដូចម៉ាស៊ីនឡើយ។ យើងត្រូវរកស្ទីលសាមញ្ញមួយ ដែលសមស្របទៅនឹងខ្លួនយើងផ្ទាល់។ អ្នកយកព័ត៌មានម្នាក់អាចពិពណ៌នាប្រាប់អ្នកត្រឹមតែប៉ុន្មានពាក្យអំពីកន្លែងមួយដែលគេបោះបង់ចោល ហើយអ្នកនឹងស្រមៃមើលឃើញទីនោះ ដូចអ្នកកំពុងតែស្ថិតនៅទីនោះ។ ដើម្បីឲ្យមានស្ទីលមួយក្នុងបន្ទប់ផ្សាយ យើងត្រូវធ្វើការជានិច្ចលើខ្លួនយើង។
ការគោរពបុគ្គលទាំងទ្បាយ
អាជីពរបស់យើងគឺទុកឱកាសឲ្យអ្នកដទៃមានមតិយោបល់ និងបញ្ចេញទស្សនៈ។ សាធារណជនមានសិទ្ធិទទួលបានការពិត។ ប៉ុន្តែ បុគ្គលទាំងឡាយមានកិត្តិយស និងជីវិតឯកជនរបស់ពួកគេ។ នៅទ្វីបអឺរុប និងនៅសហរដ្ឋអាមេរិក ច្បាប់មានលក្ខណៈតឹងរឹង និងដាក់ទោសរាល់ការបង្ខូចកេរ្តិ៍ឈ្មោះ និងបរិហារកេរ្តិ៍អ្នកដទៃ។
ភាពពិតប្រាកដ
អ្នកត្រូវផ្ទៀងផ្ទាត់អ្វីៗទាំងអស់។ អ្នកត្រូវផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកទទួលបានពីប្រភពទី១ ជាមួយនឹងប្រភពទី២។ ប្រសិនជាអ្នកមានមន្ទិលសង្ស័យ អ្នកត្រូវផ្ទៀងផ្ទាត់ម្ដងទៀត។ អ្នកនិយាយតាមរលកធាតុអាកាសអំពី« ព្រឹត្តិការណ៍ពិតប្រាកដ »។ ដូចនេះ ត្រូវមានភាពច្បាស់លាស់ និងជ្រើសរើសភាសាដោយប្រុងប្រយ័ត្ន ជាពិសេសការនិយាយអំពីអ្នកនយោបាយ។
តុល្យភាព
អ្នកត្រូវព្យាយាមផ្តល់នូវទស្សនៈផ្សេងៗ ជាពិសេស ក្នុងករណីមានបញ្ហាចម្រូងចម្រាស បញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច…
ភាពច្បាស់លាស់
អ្នកស្ដាប់ភាគច្រើនមានការព្រួយបារម្ភអំពីការរស់នៅ។ ភាសារបស់ពួកគេមានលក្ខណៈសាមញ្ញ។ ប្រសិនបើជាអ្នកស្ដាប់មិនយល់អំពីអ្នក មានន័យថាការស្រាវជ្រាវរបស់អ្នកមិនទទួលបានអ្វីទាំងអស់។
មិនធ្វើអត្ថាធិប្បាយ
ការធ្វើអត្ថាធិប្បាយគឺជាការវិនិច្ឆ័យ និងទស្សនៈរបស់អ្នក។ ប៉ុន្តែ អ្នកមិនមែនមកទីនេះ ដើម្បីធ្វើអត្ថាធិប្បាយឡើយ។ អ្នកត្រូវផ្តោតលើព្រឹត្តិការណ៍។
ការការពារប្រភពព័ត៌មាន
ព័ត៌មានរបស់សាធារណជនទាមទារឲ្យមានការស្រាវជ្រាវរកការពិត។ ការផ្សព្វផ្សាយព័ត៌មានរស៊ើបខ្លះអាចធ្វើឲ្យមនុស្ស ឬអង្គភាពមួយចំនួនមិនសប្បាយចិត្ត។ ដើម្បីផ្សព្វផ្សាយព័ត៌មានរស៊ើបនេះជាសាធារណៈ អ្នកត្រូវធានាទៅកាន់អ្នកដែលបញ្ចេញទស្សនៈតាមវិទ្យុថាអត្តសញ្ញាណរបស់គាត់ត្រូវរក្សាការសម្ងាត់។ ក្នុងករណីនេះ មានន័យថាអ្នកយកព័ត៌មានត្រូវ “ការពារប្រភពព័ត៌មានរបស់ខ្លួន និងរក្សាការសម្ងាត់រាល់ប្រភពដែលបានផ្តល់ព័ត៌មានដល់ខ្លួន។ ការប្រុងប្រយ័ត្ន : នីតិវិធីនេះត្រូវបានប្រើប្រាស់ជាករណីពិសេស ហើយបច្ចេកទេសនេះគឺជាមធ្យោបាយតែមួយគត់ ក្នុងការផ្សព្វផ្សាយព័ត៌មានសំខាន់ មួយ។
ត្រូវទាក់ទងជាមួយការិយាល័យនិពន្ធព័ត៌មាន
ការទាក់ទងគឺទាំងពេលយកព័ត៌មានក្នុងតំបន់ជម្លោះ និងទាំងពេលមានសន្តិភាពផងដែរ។ នៅស្ថានីយ វិទ្យុ ពិធីករ និងនិពន្ធនាយក ចង់ដឹងថាអ្នកកំពុងស្ថិតនៅកន្លែងណា ដើម្បីរៀបចំព័ត៌មានប្រចាំថ្ងៃ។