តើធ្វើអត្ថបទខ្លីនៅពេលណា ?
កត្តាពីរដែលនាំឲ្យមានការសរសេរប្រធានបទមួយ ក្នុងទម្រង់ជាអត្ថបទព័ត៌មានខ្លី
- ភាពចាំបាច់ : ដៃគូសន្ទនារបស់អ្នកបដិសេធការថតសំទ្បេង ប៉ុន្តែពួកគេយល់ព្រមផ្តល់ព័ត៌មានដល់អ្នក។ ឬមួយ អ្នកមិនមានដៃគូសន្ទនា និងប្រភពព័ត៌មានផ្ទាល់មាត់។
- ជម្រើសនៃការសរសេរព័ត៌មានៈ ជួនកាល ការសរសេរអត្ថបទខ្លីមួយវាប្រសើរជាងការថតសំទ្បេង។ ឧទាហរណ៍ អ្នកត្រូវវិភាគ ឬពន្យល់ប្រធានបទស្មុគស្មាញមួយ។
ប្រភេទនៃអត្ថបទព័ត៌មាន
អត្ថបទព័ត៌មានមានពីរប្រភេទៈ
- អត្ថបទធ្វើនៅការិយាល័យ : ជាអត្ថបទដែលគេសរសេរ ដោយមិនបានចេញទៅក្រៅ។ អ្នកយកព័ត៌មានធ្វើការនៅក្នុងការិយាល័យនិពន្ធព័ត៌មាន។ គេសរសេរព័ត៌មានដែលគេទទួលបានពីប្រភពផ្សេងៗ។ ជានិច្ចកាល គេប្រើប្រាស់ព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន អត្ថបទសារព័ត៌មាន អត្ថបទនិងឯកសារផ្សេងៗ។ អ្នកយកព័ត៌មានបន្ថែមព័ត៌មានតាមរយៈការស្រាវជ្រាវតាមបណ្តាញអ៊ីនធើណែត និងតាមទូរស័ព្ទ។
- អត្ថបទបទយកការណ៍គឺជាផលិតផលនៃបទយកការណ៍មួយ។ ដើម្បីសម្រេចការងារនេះបាន អ្នកយកព័ត៌មានត្រូវចុះប្រមូលព័ត៌មានដោយផ្ទាល់តាមទីតាំង។ គេសង្កេត កត់ត្រា និងសួរសំណួរ លើប្រធានបទដែលគេចាប់អារម្មណ៍។
មុននឹងសរសេរអត្ថបទ
- ជាបឋម អ្នកត្រូវផ្ទៀងផ្ទាត់ថាអ្នកមិនខ្វះព័ត៌មានណាមួយ ហើយអ្នកយល់ដឹងច្បាស់ពីប្រធានបទនោះ។ បន្ទាប់មក អ្នកត្រូវជ្រើសរើស និងរៀបចំព័ត៌មានដែលអ្នកបានប្រមូល។ ចូរអ្នកផ្តោតអារម្មណ៍លើមុំព័ត៌មានរបស់អ្នក។ ករណីនេះ អ្នកត្រូវចោលចំណុចមិនពាក់ព័ន្ធនឹងមុំ ព័ត៌មាន។
- ទុកដោយឡែកនូវរាល់ព័ត៌មានដែលនឹងអនុញ្ញាតឲ្យពិធីករផ្សាយអត្ថបទរបស់អ្នក និងត្រូវសរសេរការផ្តើមបង្ហាញព័ត៌មាន។
- រៀបចំលំដាប់លំដោយព័ត៌មានដែលអ្នកនឹងសរសេរ : លំដាប់លំដោយនោះត្រូវសមហេតុផល និងងាយស្រួលឲ្យអ្នកស្ដាប់យល់។ អ្នកត្រូវជ្រើសរើសឲ្យបានម៉ត់ចត់នូវព័ត៌មានដំបូងគេ ព័ត៌មានចុងក្រោយ សេចក្តីផ្តើម និងបញ្ចប់សេចក្តី។
សរសេរអត្ថបទរបស់អ្នក
ដើម្បីសរសេរអត្ថបទ សូមមើលឡើងវិញ ឯកសារទី៦ និង៧ ស្ដីពី ការសរសេរអត្ថបទព័ត៌មានវិទ្យុ។ សរសេរអត្ថបទ ដោយអានខ្សឹបៗ ដើម្បីបង្កើតបានជាសំទ្បេងវិទ្យុ។
បន្ទាប់ពីការសរសេរអត្ថបទ
អ្នកត្រូវរៀបចំទំព័រអត្ថបទ។ អ្នកត្រូវប្រើអក្សរធំ (និងគម្លាតបីជួរ)។ បង្កើតបរិយាកាសអត្ថបទ ផ្អែកលើខ្លឹមសារ។ អត្ថបទមួយដែលរៀបចំទំព័របានល្អ គេអាចនឹងអានវាបានល្អនៅពេលចាក់ផ្សាយ។
មិនត្រូវភ្លេចនិយាយ
អានអត្ថបទរបស់អ្នកឲ្យបានច្រើនដង មុននឹងទៅកាន់បន្ទប់ផ្សាយ ឬមុននឹងថតសំទ្បេង។ អានអត្ថបទ ដោយប្រើសំទ្បេងខ្លាំងៗ។
ប្រសិនជាអត្ថបទរបស់អ្នកកើតចេញពីបទយកការណ៍មួយនៅតាមទីតាំងផ្ទាល់ សូមអានអត្ថបទនោះសាឡើងវិញ ដោយសួរខ្លួនឯងថាតើអ្នកអាចសរសេរអត្ថបទបែបនេះ ដោយគ្រាន់តែនៅការិយាល័យនិពន្ធ និងធ្វើការតាមទូរស័ព្ទដែរឬទេ? បើសិនជាចម្លើយថាបាន សូមសរសេរអត្ថបទសាជាថ្មី !!!