និយមន័យ
ព័ត៌មានទាន់ហេតុការណ៍ គឺជាបណ្តុំព័ត៌មានបច្ចុប្បន្នភាព ដូចព័ត៌មានប្រចាំថ្ងៃដែរ។ វាមានមុខងារផ្តល់ព័ត៌មានថ្មីៗដល់អ្នកស្ដាប់។ ប៉ុន្តែ វាមានចំណុចខុសគ្នាច្រើន រវាងព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ។
រយៈពេលនៃព័ត៌មានទាន់ហេតុការណ៍
លក្ខណៈពិសេសទីមួយ : ព័ត៌មានទាន់ហេតុការណ៍ជាបណ្តុំព័ត៌មានបច្ចុប្បន្នភាពខ្លីៗ និងមានរយៈពេលខ្លី។ ម្យ៉ាងវិញទៀត វិទ្យុ FMមួយបានផ្សព្វផ្យាយអំពីព័ត៌មានទាន់ហេតុការណ៍របស់ខ្លួន ដោយប្រកាសថានឹងផ្តល់ឲ្យអ្នកស្ដាប់ « ការធ្វើដំណើរជុំវិញពិភពលោក ត្រឹមរយៈពេលតែ៩០វិនាទី»។ ព័ត៌មានទាន់ហេតុការណ៍មានរយៈពេល ពី ១ទៅ ៣នាទី។
ភាពទៀងទាត់
ស្ថានីយវិទ្យុភាគច្រើនផ្សាយព័ត៌មានទាន់ហេតុការណ៍រាល់ម៉ោង។ វិទ្យុព័ត៌មាន២៤ម៉ោង ផ្សាយព័ត៌មានបែបនេះ រាល់កន្លះម៉ោងម្ដង និងផ្សាយព័ត៌មានដែលមានចំណងជើង រាល់១៥នាទីម្ដង។ នេះគឺជាជម្រើសរបស់ស្ថានីយវិទ្យុ តាមមធ្យោបាយរៀងៗខ្លួន។ ក្នុងមួយថ្ងៃ វិទ្យុត្រូវមានអ្នកយកព័ត៌មាន ២នាក់អង្គុយចាំក្រោយអេក្រង់ ដើម្បីតាមដានព័ត៌មានថ្មីៗ និងទំនាក់ទំនងជាមួយអ្នករាយការណ៍ព័ត៌មានដែលចុះទៅ កន្លែងផ្ទាល់។
ទម្រង់នៃការនិពន្ធអត្ថបទ
ព័ត៌មានទាន់ហេតុការណ៍ប្រមូលផ្តុំតែព័ត៌មានខ្លីៗប៉ុណ្ណោះ។ ពិធីករអានព័ត៌មានទាន់ហេតុការណ៍ ដោយបម្រួលរយៈពេលនៃព័ត៌មានខ្លីៗ។ ព័ត៌មានខ្លះមានរយៈពេលត្រឹមតែ៥វិនាទី ព័ត៌មានខ្លះទៀតមានរយៈពេលរហូតដល់២០វិនាទី។ ការផ្សាយព័ត៌មានទាន់ហេតុការណ៍មួយអនុញ្ញាតឲ្យមានព័ត៌មាន ចំនួនពី៦ទៅ១០ ជាអតិបរមា។
ខ្លឹមសារនិពន្ធព័ត៌មាន
ដោយសារតែព័ត៌មានទាន់ហេតុការណ៍មានរយៈពេលខ្លី វានិយាយតែពីបច្ចុប្បន្នភាព។ មានតែព័ត៌មានសំខាន់បំផុតប៉ុណ្ណោះដែលត្រូវបានដាក់នៅក្នុងការផ្សាយព័ត៌មានទាន់ហេតុការណ៍។ យើងត្រូវសរសេរឲ្យដល់ខ្លឹមសារសំខាន់។ យើងមិនអាចលម្អិត វិភាគ ឬធ្វើអត្ថធិប្បាយណាមួយឡើយ។
- ព្រឹត្តិការណ៍ដំបូង-ព័ត៌មានថ្មីដែលកើតទ្បើង-ព័ត៌មានបើកឆាកនៃព័ត៌មានទាន់ហេតុការណ៍
- ព័ត៌មានមួយដែលកើតមានឡើងនៅម៉ោង ៩និង៤៥នាទី ត្រូវដាក់ចូលក្នុងព័ត៌មានទាន់ហេតុការណ៍ នៅម៉ោង១០។
- ព័ត៌មានដដែលនេះអាចនឹងមិនមាននៅក្នុងព័ត៌មានប្រចាំថ្ងៃ នៅម៉ោង១៣ ព្រោះវាមិនសំខាន់ តែវាសំខាន់ កាលពីម៉ោង១០។
នៅក្នុងព័ត៌មានទាន់ហេតុការណ៍មួយ បន្ទាប់ពីផ្សាយព័ត៌មានសំខាន់ៗ យើងអាចៈ
- ប្រកាសអំពីឯកសារព័ត៌មានដែលគេនឹងសរសេរលម្អិតនៅក្នុងការផ្សាយព័ត៌មានថ្ងៃត្រង់ ឬពេលល្ងាច (ផ្សព្វផ្សាយការងារផ្នែកនិពន្ធព័ត៌មាន)
- ផ្តល់ព័ត៌មានជាក់ស្ដែងៈ ចរាចរណ៍ ឧតុនិយម ការប្រកាសអំពីកិច្ចប្រជុំ សេចក្តីសង្ខេបសារាចរផ្នែករដ្ឋបាល (ភាពជិតរបស់ព័ត៌មានជាមួយអ្នកស្ដាប់)
- ជាយថាហេតុ ផ្សព្វផ្សាយសំទ្បេងខ្លីមួយ ឬអត្ថបទព័ត៌មានមួយ អាស្រ័យតាមការវាយតម្លៃរបស់ពិធីករ និងសារៈសំខាន់នៃព័ត៌មានបច្ចុប្បន្នភាព
- បញ្ចប់ព័ត៌មាន ដោយការប្រកាសអំពីផ្ទាំងទស្សនីយភាព ការប្រគំតន្រ្តី ឬប្រវត្តិរឿងខ្លីមួយ (បញ្ចប់កម្មវិធីដោយស្នាមញញឹម)