និយមន័យ
ចំណងជើងគឺជាព័ត៌មានសំខាន់ ដែលគេនឹងពង្រីកបន្ថែមនៅក្នុងអត្ថបទ។ អ្នកអត្ថាធិប្បាយវាយតម្លៃចំណងជើង ដោយនិយាយវាមុនគេ នៅក្នុងការផ្សាយព័ត៌មាន។
តើចំណងជើងមានសារៈប្រយោជន៍អ្វី?
ប្រសិនជាការផ្សាយព័ត៌មានរបស់អ្នក គឺជាហាងទំនិញមួយ ដែលអ្នកគឺជាអ្នកលក់ ចំណងជើងគឺត្រូវស្ថិតនៅក្នុងទូកញ្ចក់។ ចំណងជើងគឺជាអ្វីដែលអ្នកស្ដាប់បានឮមុនគេ និងដែលទាក់ទាញពួកគេឲ្យចង់តាមដានស្ដាប់។ ចំណងជើងអត្ថបទព័ត៌មានមានតួនាទីដូចគ្នានឹងឃ្លាដំបូងនៃការផ្ដើមព័ត៌មានមួយ ឬព័ត៌មានខ្លីមួយ។ វាផ្តល់ព័ត៌មានសំខាន់ និងទាក់ទាញការចាប់អារម្មណ៍របស់អ្នកស្ដាប់។
តើប្រធានបទប្រភេទណា សម្រាប់សរសេរចំណងជើង ?
មានប្រធានបទប្រហែលជាបីបួន ដែលសំខាន់ក្នុងការផ្សាយព័ត៌មាន។ « ព័ត៌មានដំបូង » គឺជាប្រធានបទទីមួយ បន្ទាប់មក មានប្រធានបទប្រចាំថ្ងៃ ពីរបីសំខាន់ផ្សេងទៀត។ យើងក៏គួរសរសេរពីប្រធានបទដើមមួយ ដែលមិនមែនជាបច្ចុប្បន្នភាព។ ជួនកាល យើងអាចចាប់យកប្រធានបទនៅចុងការផ្សាយព័ត៌មាន ព្រោះវាមានលក្ខណៈស្រាល។
តើត្រូវសរសេរចំណងជើងយ៉ាងដូចម្តេច ?
អាស្រ័យតាមរយៈពេល ចំណងជើងត្រូវសរសេរមួយ ឬពីរឃ្លា។ ឃ្លាដំបូងទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់ ដោយផ្តល់ព័ត៌មានដល់ពួកគេ។ ឃ្លាបន្ទាប់ជាមុំដែលត្រូវបានជ្រើសរើស សម្រាប់សរសេរព័ត៌មាន។
តើមានចំណងជើងប៉ុន្មាន?
ជាអតិបរមា ត្រូវមានចំណងជើង ៣។ បើមិនដូច្នេះទេ ព័ត៌មានប្រចាំថ្ងៃនឹងមានលក្ខណៈខ្វះខាត សម្រាប់អ្នកស្ដាប់។ ចំណងជើងអតិបរមា មានចំនួន ៥ ព្រោះយើងត្រូវជ្រើសរើសព័ត៌មានសំខាន់ៗ។ ជាពិសេស យើងមិនត្រូវធ្វើបញ្ជីមួយ អំពីប្រធានបទទាំងអស់ ដែលយើងត្រូវលម្អិតនោះទេ។
រយៈពេលនៃចំណងជើងព័ត៌មាន ?
រយៈពេលនៃចំណងជើងព័ត៌មានប្រែប្រួល តាមទំហំការផ្សាយព័ត៌មាន។ អត្ថបទព័ត៌មានមួយដែលមានរយៈពេលពី ១០ទៅ២០នាទី មាតិកាចំណងជើងមានរយៈពេលប្រហែល៤០វិនាទី។
តើត្រូវសរសេរចំណងជើងនៅពេលណា ?
ជាទូទៅ ពិធីករសរសេរចំណងជើងរបស់ខ្លួនក្រោយគេបង្អស់។ នៅក្នុងព័ត៌មានអំពីបច្ចុប្បន្នភាព យើងត្រូវត្រៀមបន្ថែមព័ត៌មានថ្មីនៅចុងក្រោយ។ ប្រសិនបើព័ត៌មាននោះសំខាន់ យើងត្រូវសរសេរចំណងជើង។ ដូចនេះ យើងគួរតែសរសេរចំណងជើង ៣០នាទី មុននឹងចេញទៅកាន់បន្ទប់ផ្សាយ។
តើវាយតម្លៃចំណងជើងយ៉ាងដូចម្តេច ដើម្បីទាក់ទាញអ្នកស្ដាប់ ?
យើងត្រូវជ្រើសរើសនិងសរសេរចំណងជើងឲ្យបានត្រឹមត្រូវ។ ការរៀបចំអត្ថបទមានតួនាទីសំខាន់មួយ (សូមមើលឯកសារបន្ទាប់)។ តួយ៉ាង យើងត្រូវដាក់ភ្លេង (Jingle) មុនចំណងជើង និងសញ្ញាក្បៀសនៅ ចុងបញ្ចប់។ ពេលអានចំណងជើង យើងអាចបន្ថែមសាច់ភ្លេង ប៉ុន្តែ ត្រូវប្រាកដថាសំទ្បេងពិធីករនៅឮ ច្បាស់ និងស្ដាប់យល់បាន។