Menu

១២- ព័ត៌មានខ្លី

ព័ត៌មាន​ខ្លី គឺជា​សិល្បៈរបស់​​វិទ្យុ។ នៅក្នុង​ព័ត៌មានប្រចាំ​ថ្ងៃ វាគឺជា​ព័ត៌មាន​ខ្លីមួយ ដែល​បង្កើត​បាន​ជា​ចង្វាក់រវាង​ប្រធាន​បទ​ផ្សេងៗ និងសំទ្បេង។ ព័ត៌មាន​​ប្រភេទ​នេះជួយឲ្យ​យើងដកដង្ហើម និង​សម្រាក​បាន​បន្តិច​ មុន​នឹង​ចាប់​ផ្តើម​ព័ត៌មាន​ខ្លី​មួយ​ទៀត ឬប្រធាន​បទ​បន្ទាប់។ យើង​ត្រូវ​តែ​ហ្វឹកហាត់​ខ្លួនឯង។ យើង​ត្រូវ​ព្យាយាម​ឲ្យ​បាន​ច្រើន​ដង ដើម្បី​សរសេរ​ព័ត៌មាន​ខ្លី​មួយ​បាន​ល្អ។

និយមន័យ​នៃ​ព័ត៌មាន​ខ្លី

ព័ត៌មាន​ខ្លីគឺជា​ព័ត៌មាន​មួយ ដែល​គេ​មិន​សរសេរ​លម្អិត​ច្រើនពីប្រធាន​បទ​មួយ ដូចជាបទ​យក​ការណ៍​ ឬ​ក៏​ព័ត៌មាន​​ជា​សំទ្បេង។ គេ​សរសេរ​ព័ត៌មាន​ប្រភេទ​នេះនៅក្នុង​ព័ត៌មានបែបរហ័ស ឬព័ត៌មាន​ប្រចាំ​ថ្ងៃ​មួយ​​ពេញ​លេញ។

រយៈពេល​នៃ​ព័ត៌មាន​ខ្លីមួយ

ដូចដែលឈ្មោះរបស់វា អត្ថបទ​ព័ត៌មាន​ខ្លី​មាន​ត្រឹមតែ​ប៉ុន្មាន​ជួរ​ប៉ុណ្ណោះ។ ជាទូទៅ គេ​​សរសេរ​ព័ត៌មាន​ខ្លី​តែ​បី​បួន​ឃ្លា​ប៉ុណ្ណោះ​។ ចំពោះរយៈពេល វា​ចន្លោះ​ពី​ដប់ទៅម្ភៃ​វិនាទី។ ប្រសិន​ជា​ព័ត៌មាន​ខ្លីមួយ​មាន​រយៈពេល​វែង​ពេក មាន​ន័យ​ថា​​​អ្នក​មិន​បាន​សង្ខេបចំណុច​សំខាន់ និង​ធ្វើ​ឲ្យ​ព័ត៌មាន​របស់​​អ្នកនៅ​មាន​ចំណុច​ខ្វះ​ខាត​នៅ​ឡើយ។​

ទម្រង់​នៃ​ព័ត៌មាន​ខ្លីមួយ

ព័ត៌មាន​ខ្លីមួយត្រូវ​បាន​បែងចែក​ជាពីរផ្នែក

ផ្នែកទី១: ឃ្លាទាក់ទាញដំបូង ត្រូវ​មាន​ព័ត៌មាន​បច្ចុប្បន្ន​ភាព

មាន​បច្ចេកទេស​សាមញ្ញ​មួយ​ដើម្បីកំណត់​ព័ត៌មាន​បច្ចុប្បន្ន​ភាព គឺត្រូវសួរខ្លួនឯង​ថា “តើ​អ្វី​ជា​​​ព័ត៌មាន​ថ្មី ?”។ ចម្លើយទៅនឹងសំណួរនេះត្រូវ​សរសេរមួយឃ្លា។ ត្រូវ​សរសេរ​ឃ្លានេះបែបលក្ខណៈ​ទាក់​ទាញ​ ដើម្បី​​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដាប់។

ផ្នែកទី២ : ព័ត៌មាន​បន្ថែម

ផ្នែកនេះ​ត្រូវ​សរសេរ​យ៉ាង​តិចបំផុតមួយឃ្លា។ ប៉ុន្តែ ជាធម្មតា វាមាន​ចំនួន ២ ឬ៣ឃ្លា ដែល​ពោរ​ពេញ​ទៅដោយ​ធាតុសំខាន់ៗ​មួយ​ចំនួនដែលធ្វើឲ្យយល់ពីព័ត៌មាន។ មាន​ចំណុច​មួយ ដើម្បី​ជឿ​ជាក់​ថា​​អ្នក​មិន​បាន​​ភ្លេចអ្វីទាំង​អស់ : នោះគឺ​​សំណួរ​ទាំង​ប្រាំ (នរណា ពេលណា កន្លែងណា ជាអ្វី និងហេតុអ្វី)។ ​អ្នក​ត្រូវ​គិតផ្ទៀងផ្ទាត់​ថា​អត្ថបទ​ខ្លី​របស់​​អ្នក​បាន​ឆ្លើយតប​ទៅ​នឹង​​សំណួរប្រាំ​​នេះ។

លំហាត់ : សូម​យក​អត្ថបទ​ព័ត៌មាន​ខ្លីមួយ​ ដែល​សរសេរ​ដោយ​សហការី​ម្នាក់របស់​​អ្នក និង​សូម​សរសេរ​អត្ថបទ​នេះ​ឡើង​វិញ ដោយ​គូសចំណាំ​លើ​គ្រប់​ពាក្យ​ ដែល​អ្នក​គិត​ថា​មិន​សំខាន់។ បន្ទាប់មក ប្រគល់​អត្ថបទ​នោះ​ឲ្យ​ទៅ​អ្នក​យក​ព័ត៌មាន​ម្នាក់​ផ្សេង​ទៀត និង​សុំឲ្យ​គេ​សរសេរ​ឡើង​វិញ។ អ្នក​យក​ព័ត៌មាន​រូប​នោះ​នឹង​​សង្ខេបអត្ថបទ។ សកម្មភាព​នេះ​កើត​មាន​ឡើង​ នៅ​ពេល​រៀប​ចំ​​ការ​ផ្សាយ​ពេល​ល្ងាច។ អ្នក​យក​ព័ត៌មាន​ប្រចាំថ្ងៃ​សរសេរ​ព័ត៌មាន​ខ្លីៗ តាម​រយៈការ​ឆ្លើយឆ្លង​ព័ត៌មាន​​តាម​​ទូរស័ព្ទ ឬបទយក​ការណ៍។ ព្រឹកឡើង ពិធីករ​អាន​ដំណឹង​ទាំង​នោះ​បែបផ្សេង និងសរសេរវា​ឡើង​វិញ ឲ្យ​កាន់តែ​ខ្លី ជាមួយ​នឹង​ទម្រង់​ដ៏ល្អឥតខ្ចោះ។ ការងារ​វិទ្យុគឺជា​ការងារ​ជាក្រុម។