មុននឹងសរសេរ : អាន ស្ដាប់ និងគិតអំពីចង្វាក់
បន្ទាប់ពីកិច្ចប្រជុំផ្នែកនិពន្ធព័ត៌មានរួចរាល់ នាទីនីមួយៗមានសារៈសំខាន់សម្រាប់ពិធីករព័ត៌មាន។ ពិធីករត្រូវប្រឈមមុខនឹងបទបញ្ជាមួយ គឺត្រៀមខ្លួនអានព័ត៌មាន។ កាតព្វកិច្ចមិនអាចចៀសបាននេះបង្កើតឲ្យមានទម្លាប់មួយមិនល្អ ពោលគឺអ្នកធ្វើអត្ថាធិប្បាយសរសេរព្រាងអត្ថបទមុនកាលកំណត់។ ខាងក្រោមនេះគឺជាដំបូន្មានល្អៗ មុនការសរសេរអត្ថបទ ដែលធ្វើឲ្យអ្នកចំណេញពេលវេលា និងសម្រេចបានព័ត៌មានដ៏ល្អមួយ។
កិច្ចការទីមួយត្រូវធ្វើ គឺអានឡើងវិញនូវកំណត់ត្រាដែលលោកអ្នកបានសរសេរ អំឡុងពេលប្រជុំផ្នែកនិពន្ធព័ត៌មាន។ វិធីនេះអាចធ្វើឲ្យអ្នកផ្ទៀងផ្ទាត់បានថាអ្នកពិតជាយល់ខ្លឹមសារដែលត្រូវបានសម្រេចនៅក្នុងអង្គប្រជុំ។ តាមរយៈការអានឡើងវិញនេះ អ្នកអាចនឹងផ្ទៀងផ្ទាត់ផងដែរនូវធាតុ ឬព័ត៌មានដែលខ្វះខាត ឬមិនគ្រប់លក្ខណៈ។
សរសេរកិច្ចការដែលត្រូវបំពេញនៅលើបញ្ជីមួយ រហូតដល់ការផ្សាយព័ត៌មាន។ អ្នកត្រូវសរសេរធាតុទាំងនេះតាមលំដាប់លំដោយ។ ត្រង់ចំណុចនេះ អ្នកត្រូវបង្កើតបញ្ជីមួយផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក ដូចគំរូបញ្ជីរបស់ក្រុមការងារយន្តហោះ មុននឹងហោះហើរ។ អ្នកអាចឆូតចំណាំបញ្ជីការងារផ្សេងៗដែលត្រូវបានបំពេញរួច ក្នុងពេលតែមួយ។
សូមអានកំណត់ត្រាដែលសរសេរដោយសហការីរបស់អ្នក និងអ្នកធ្វើអត្ថាធិប្បាយព័ត៌មានមុន។ ដូចគ្នាផងដែរ អ្នកត្រូវអានអត្ថបទព័ត៌មានរបស់សហការីនោះ។ ប្រសិនជាអ្នកមិនបានស្ដាប់ការផ្សាយផ្ទាល់ព័ត៌មានមុន សូមថតចម្លង រួចស្ដាប់វា។
សូមអានការចេញផ្សាយបទយកការណ៍ដែលមានស្រាប់។ រាល់អ្នកយកព័ត៌មានត្រូវទុកបទយកការណ៍របស់ខ្លួន ដោយបញ្ជាក់អំពីសមាសធាតុនៃការចេញផ្សាយ និងមុំដែលត្រូវបានជ្រើសរើស។
សូមស្ដាប់សំទ្បេងដែលមានស្រាប់ ដោយប្រុងប្រយ័ត្ន។ សូមកត់ត្រាការចាប់ផ្តើម និងចុងបញ្ចប់នៃសំទ្បេងនីមួយៗ ងាយស្រួលឲ្យអ្នកសរសេរផ្ដើមសេចក្ដីព័ត៌មាន។ សូមកត់ត្រារយៈពេលនៃសំទ្បេងនីមួយៗ។
សូមទាក់ទងជាមួយអ្នកយកព័ត៌មាន។ អ្នកត្រូវសួរពួកគេអំពីបញ្ហាដែលរាំងស្ទះដល់ការអានកថាខណ្ឌដំបូង និងការស្ដាប់សំទ្បេង។ អ្នកត្រូវស្វែងយល់ថាតើនរណាដែលចុះទៅដល់ទីតាំង និងពេលណាដែលពួកគេត្រឡប់មកវិញ។ សូមហៅទូរស័ព្ទទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានផ្សេងទៀត ដើម្បីធានាថាអ្នកពិតជាមានព័ត៌មានគ្រប់សព្វ។
ជាចុងបញ្ចប់ សូមពិចារណាអំពីចង្វាក់ និងតុល្យភាពនៃព័ត៌មានប្រចាំថ្ងៃ។ មុននឹងចាប់ផ្តើមសរសេរព័ត៌មាន តើអ្នកមានគំនិតជាក់លាក់ណាមួយអំពីទម្រង់បញ្ចប់នៃព័ត៌មានរបស់អ្នកដែរឬទេ ? សម្រាប់ចំណុចនេះ សូមអ្នកគិតដល់សំណួរមួយចំនួន : តើអ្នកមានព័ត៌មានខ្លីគ្រប់គ្រាន់ឬទេ ? តើអ្នកមានតែអត្ថបទសរសេរ និងសំទ្បេងឬ ? តើអ្នកមានព័ត៌មាន សម្រាប់តំបន់សំខាន់ៗនៅក្នុងប្រទេសដែរឬទេ ? តើអ្នកមិនមានប្រធានបទច្រើនពេកទេស្ដីអំពីនយោបាយ និងមិនមានប្រធានបទអ្វីសោះអំពីជីវភាពប្រចាំថ្ងៃ ?