Menu

៨-បច្ចេកទេសបទសម្ភាសន៍

ទោះបីជា​អំឡុង​ពេល​ផ្សាយ​ផ្ទាល់​នៅ​បន្ទប់​ផ្សាយ ឬក៏អំទ្បុងបទយក​ការណ៍​នៅខាងក្រៅ កិច្ច​សម្ភាសន៍ ត្រូវ​ធ្វើ​ឡើង​​ជា​រៀងរាល់​ថ្ងៃ នៅស្ថានីយ​វិទ្យុ។ នេះគឺជា​ការ​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​ម្នា​បាន​និយាយ​ជា​អតិបរមា ព្រោះ​​ថា​ពួក​គេមាន​រឿង​ខ្លះ​ត្រូវ​និយាយ ពួកគេ​ផ្តល់​ព័ត៌មាន​មួយ ពួកគេ​ប្រតិកម្មទៅនឹង​ព្រឹត្តិការណ៍​មួយ​ ​ក្នុង​​ឋានៈជា​អ្នក​នយោបាយ​ ប្រធាន​សហគ្រាស សិល្បករ សាមញ្ញជន… វិទ្យុមិន​ធ្វើ​ឲ្យមានការ​​​ខ្វះ​​ចន្លោះ ពោលគឺ​ត្រូវ​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​អ្នក​ស្ដាប់។ ប៉ុន្តែ តើ​សម្ភាស​យ៉ាង​ដូចម្តេចឲ្យបានល្អ ? នេះ​គឺជាគោល​ការណ៍​មួយ​ចំនួន។

មុន​ធ្វើ​បទសម្ភាសន៍

ដំណាក់កាលទីមួយ : ស្រាវជ្រាវឯកសារ ស្គាល់​ប្រធាន​បទរបស់​ខ្លួន និង​ប្រវត្តិ​មនុស្ស​ដែលត្រូវសម្ភាស​។

រៀបចំសំណួរ : កត់ត្រាសំណួរ ដើម្បីសួរ តាមលំដាប់លំដោយ​។

ណែនាំខ្លួន : ទោះបីជានិយាយ​តាម​ទូរស័ព្ទក្ដី ដើម្បី​ណាត់​ជួប ឬនៅ​ពេល​ដែល​លោក​អ្នក​មកដល់​កន្លែង​សម្ភាសន៍ សូមប្រាប់​ថា​​អ្នក​គឺជានរណា ធ្វើ​ការ​ឲ្យ​នរណា និង​អ្វី​ដែល​អ្នកត្រូវ​ធ្វើ នៅក្នុងកិច្ច​សម្ភាសន៍​នេះ (ផ្សព្វផ្សាយ​អត្ថបទ​ដកស្រង់ មួយ​ផ្នែកធំ ឬ ទាំងស្រុង…)

សូម​ធ្វើឲ្យ​ភ្ញៀវរបស់​​អ្នក​មាន​ភាព​ងាយស្រួល ដោយ​ប្រាប់​អំពីមុំព័ត៌មាន​ដែល​អ្នក​បាន​ជ្រើស​រើស និង​ប្រធាន​បទដែល​​អ្នក​នឹង​លើកទ្បើង។

អំឡុង​សម្ភាសន៍

ចូរសួរសំណួរ​បើក : ចាប់ផ្តើមសួរសំណួរ​ ហេតុអ្វីអ្នក​គិតថា… ជាជាង​សួរសំណួរ តើលោក…? នេះ​ជា​វិធីសាស្រ្ត​កុំ​ឲ្យ​ដៃគូសន្ទនា​របស់​លោក​អ្នក​ឆ្លើយ​ចម្លើយ បាទ ទេ

សួរសំណួរម្ដងមួយៗ : ប្រសិន​ជា​​អ្នក​សួរសំណួរច្រើន ដៃគូសន្ទនា​របស់​​អ្នក​នឹង​ឆ្លើយ​តែ​សំណួរ​​ចុងក្រោយ ដោយ​គេ​អាច​នឹង​ភ្លេចសំណួរ​ផ្សេងទៀត…​អ្នកក៏អាច​ភ្លេចដូចគ្នា។

សួរសំណួរ ដោយ​មិន​បង្ហាញ​គោល​ជំហរ​ផ្ទាល់​​ខ្លួន : ​អ្នក​មិន​មែន​នៅទីនោះ ដើម្បី​បង្ហាញជំហរ​ ថ្លែង សុន្ទរកថា និង​អត្ថាធិប្បាយ​អ្វីមួយ​ឡើយ។ គោល​បំណង​របស់​​អ្នកគឺ​ទទួល​បាន​ចម្លើយ​ល្អ។ ដើម្បីទទួល បានចំណុចទាំងនេះ ​អ្នក​បាន​ពិចារណា​សួរ​សំណួរចំប្រធានបទតាមតែអាចធ្វើទៅបាន។

ស្ដាប់ចម្លើយ : ត្រូវមានការសុំឲ្យ​បំភ្លឺ និងពន្យល់ជានិច្ច។

ចេះកាត់ ឬបង្អាក់ដៃគូសន្ទនា​ដោយ​ភាព​គួរសម : អ្នក​នយោបាយ​តែងតែ​និយាយ​ចាកឆ្ងាយ​ប្រធាន​បទ ដើម្បីមិន​ឆ្លើយសំណួរ។ អ្នកត្រូវ​ធ្វើ​ឲ្យ​ពួកគេ​ត្រឡប់​មក​ប្រធាន​​បទ​ដើម​ដែល​​អ្នក​បាន​កំណត់ ពោលគឺ កម្មវត្ថុ​នៃបទសម្ភាសន៍។

ចេះជួយ​ដៃគូសន្ទនា : អ្នកខ្លះ​​មិន​សូវ​ចេះនិយាយ ឬអៀនច្រើន​ ពេល​កាន់​​ក្បាល​មេក្រូ។ អ្នកត្រូវ​ចេះជួយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល និង​រៀប​សំណួរ​របស់​​អ្នកទ្បើងវិញ។

ប្រសិន​ជា​ដៃគូ​សន្ទនា​របស់​លោក​អ្នក​មិន​ឆ្លើយ​ ឬក៏គេ​ឆ្លើយ​តែមួយ​សំណួរ មាន​ន័យថា​សំណួរ​នោះ​រំខាន​ចិត្ត​របស់​គេ ឬពិបាកឆ្លើយ។ អ្នកមិន​ត្រូវ​រារែក​សួរ​សំណួរ​នេះ​ម្ដងទៀត ដោយ​ភាពស្រទន់ ព្រោះ​ថា​អ្នក​គឺជា​អ្នក​ដឹកនាំកិច្ច​សម្ភាសន៍។

ធាតុ​នៃអាជីពការងារ

ចូរអ្នកបង្ហាញថា​អ្នក​មានការ​ចាប់​អារម្មណ៍ : សំឡឹង​មើលមុខ​ភ្ញៀវ ងក់ក្បាល ឯកភាព…

បដិសេធ​ចម្លើយដែលគេ​អាន : ជួនកាល គេ​មកជាមួយ​ចម្លើយដែលបានសរសេរទុក។ ​ចូរអ្នក​ប្រាប់​​គេ​​ថា​វា​មិន​ល្អ ដោយពួកគេមិន​មានសភាពបែប​ធម្មជាតិ នៅពេលផ្សាយសម្ភាស។ លើស​ពីនេះ ពួក​គេ​អាច​នឹង​ច្រឡំព័ត៌មាន​។ នៅពេលពួក​គេ​មាន​ព័ត៌មាន​​គ្រប់យ៉ាង​នៅ​ក្នុង​ខួរក្បាលរបស់​ពួក​គេ ​ពួក​គេ​នឹង​ធ្វើ​កាន់​តែ​ប្រសើរ នៅ​ពេល​​និយាយផ្ទាល់។

ចូរគិត​ពីការកាត់​​​ត អំទ្បុងសម្ភាសន៍ : កិច្ច​សម្ភាសន៍​មួយ​ល្អ គឺជា​កិច្ច​សម្ភាសន៍​ ដែល​យើង​អាច​ស្ដាប់​​បាន​ឮច្បាស់​ល្អ។

មុន​នឹង​សម្រាក ចូរអ្នក​ផ្ទៀងផ្ទាត់​ការ​ថត​សំទ្បេង​របស់​​អ្នកៈ សូម​ស្ដាប់​ផ្នែក​បញ្ចប់​នៃ​កិច្ច​សម្ភាសន៍​ឡើង​​​វិញ ដើម្បី​ដឹង​ថាតើ​អ្នក​ទទួល​បាន​​សំទ្បេងមួយ​ច្បាស់​ល្អ​ដែល​​​អាច​ចេញ​ផ្សាយ​បាន​ដែរទេ។