Menu

២២- Vox Pop ឬការសម្ភាសន៍តាមដងផ្លូវ

​វិទ្យុមួយតែង​តែ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ស្ដាប់​របស់​ខ្លួន។ ជានិច្ចកាល ​វិទ្យុផ្តល់ឲ្យអ្នកស្តាប់​មាន​មតិយោបល់។ អ្នក​រាយ​ការណ៍​ព័ត៌មាន​នឹងចុះ​ទៅជួប​ពួក​គេ​ផ្ទាល់​នៅ​តាម​ដង​ផ្លូវ។ នេះហៅថា​ការ​​សម្ភាស​តាម​ដង​ផ្លូវ។

រយៈពេល​នៃ​ការ​សម្ភាសតាម​ដង​ផ្លូវ

១នាទី និង​៣០វិនាទី ឬអាចតិចជាងនេះ ប្រសិន​ជា​ការិយាល័យ​និពន្ធ​ព័ត៌មាន​សម្រេច​យកតែ​១នាទី

និយម​ន័យនៃពាក្យ ការ​សម្ភាសន៍​តាម​ដង​ផ្លូវ

ការ​​សម្ភាសន៍​តាម​ដង​ផ្លូវ គឺជា​ឯកសារ​ជា​សំទ្បេង​មួយ ដែល​ប្រមូល​ផ្តុំទៅដោយ​ចម្លើយ​របស់​មនុស្ស​មួយ​ក្រុម​ ដែលឆ្លើយ​សំណួរតែមួយដូច​គ្នា។

តើនរណាបញ្ចេញ​ទស្សនៈ នៅក្នុង​​សម្ភាសន៍​តាម​ដង​ផ្លូវ ?

« Vox Pop ឬ ការ​​សម្ភាស​តាម​ដង​ផ្លូវ» មាន​ន័យថា សំទ្បេងប្រជាពលរដ្ឋ។​ ដូចនេះ ពួក​គេសុទ្ធសឹង​ជា​ សាមញ្ញជន​ ដែល​បញ្ចេញ​ទស្សនៈ​នៅក្នុង​បទសម្ភាសន៍​តាម​ដង​ផ្លូវ។ ពួក​គេ​មិន​មែន​ជា​រដ្ឋ​មន្រ្តី មេធាវី ប្រធាន​​ស្ថាប័ន នាយឧត្តមសេនីយ៍ ឬអ្នក​កាន់​សាសនាអ្វីឡើយ។

តើត្រូវ​ធ្វើសម្ភាសន៍​តាម​ដង​ផ្លូវ នៅកន្លែងណា ?

កន្លែងជួបជុំរបស់​សាមញ្ញជន : តាម​ដង​ផ្លូវ តាមទីផ្សារ…

តើមាន​មនុស្ស​ប៉ុន្មាន​នាក់ ដែលត្រូវ​បញ្ចេញ​ទស្សនៈនៅក្នុង​ការ​​សម្ភាសន៍​តាម​ដង​ផ្លូវ ?

មនុស្ស​ចំនួន៦នាក់ គឺជា​មធ្យមភាគ​មួយ​ដ៏សមរម្យ។ ម្នាក់ៗបញ្ចេញ​ទស្សនៈជាមធ្យម ចំនួន​១៥វិនាទី។ ដូចនេះ​ ៦​នាក់ គុណនឹង​ ១៥វិនាទី ស្មើ ១នាទី និង​៣០វិនាទី។ ប្រសិន​ជា​អ្នក​ជ្រើសរើស​ទម្រង់​មួយ​កាន់​តែខ្លី មាន​ន័យ​ថា​ ៤ទៅ៥នាក់ គឺជាចំនួន​មួយ​គ្រប់​គ្រាន់។

តើត្រូវ​ធ្វើ​​សម្ភាសន៍​តាម​ដង​ផ្លូវ​យ៉ាង​ដូចម្តេច ?

ជាបឋម ​អ្នក​ត្រូវ​ជ្រើសរើស​សំណួរ​មួយ។ បន្ទាប់មក ​អ្នក​ត្រូវ​ចុះទៅកន្លែងផ្ទាល់ ដូចជាផ្សារ​ ជាដើម និង​សួរ​សំណួរ​នេះទៅកាន់​មនុស្ស​មួយ​ចំនួន។ អ្នក​​មិន​ត្រូវ​សួរសំណួរ​ច្រើន​ទេ ព្រោះ​ថា​​​​អ្នក​មិន​មែន​មក​ធ្វើសម្ភាសន៍ផ្លូវការទេ ប៉ុន្តែជា​ការ​សម្ភាសន៍​តាម​ដង​ផ្លូវ។ ដូចនេះ ត្រូវ​ចៀសវាង​ការ​​ណែនាំ​ខ្លួនឯង នៅកន្លែងតែមួយ និង​នៅ​ពេល​តែមួយ ហើយនឹង​ត្រូវ​ចៀសវាង​ការ​ទទួល​យក​ទស្សនៈដដែលៗពីប្រភេទ មនុស្ស​តែមួយ។

តើត្រូវណែនាំ​ការ​សម្ភាស​តាម​ដង​ផ្លូវយ៉ាង​ដូចម្តេច ?

ការ​សម្ភាសតាម​ដង​ផ្លូវមិនមែន​ជា​ការ​ស្ទង់​មតិនោះទេ។ វាមិនមែន​ជា​ចេតនាបែប​​វិទ្យាសាស្រ្តឡើយ។ វា​គឺ​ជា​ការ​ឆ្លុះបញ្ចាំងមួយ និងជារូបភាពមួយ។ ដូចនេះ ត្រូវ​ចៀសវាងការ​ធ្វើ​ចំណាត់​ថ្នាក់​មនុស្ស៖ « ប្រជាជន​នៅទីក្រុងនេះ ឬសង្កាត់នេះ បាន​បដិសេធទស្សនៈនេះ តាមរយៈ មតិយោបល់របស់ពួកគេ ».

ក៏ដូចជា​បទយកការណ៍ ការសម្ភាស​តាម​ដង​ផ្លូវត្រូវ​មានការផ្តើមព័ត៌មាន ជាមួយ​នឹង​សំណួរ « នរណា អ្វី កន្លែងណា និងពេលណា?» និងមុំព័ត៌មាន។ អ្នក​យក​ព័ត៌មាន​សរសេរ​​ពីការផ្តើមព័ត៌មានរបស់​ខ្លួន ខណៈ​ដែល​ពិធីករនឹង​សរសេរ​អត្ថបទ​នេះឡើង​វិញ ជាមួយ​សំទ្បេងផ្ទាល់​របស់​គេ។