Menu

១១- ការផ្ដើមបង្ហាញព័ត៌មាន

គេអាចហៅ​បាន​ថា​ជាព័ត៌មាន​បើក​ឆាក ឬសេចក្ដីផ្តើម។ នៅ​វិទ្យុ​បារាំង គេ​រក្សាទម្លាប់​ហៅ​ថា​សេចក្តីផ្តើម​នៃ​ប្រធាន​បទមួយ ព្រោះ​នៅពេល​កំពុងផ្សាយ អ្នក​យក​ព័ត៌មាន​ធ្វើ​សញ្ញា​ប្រាប់​អ្នក​បច្ចេកទេស​ ឲ្យ​ផ្ញើ​ប្រធាន​បទមក​ខ្លួន។ យើង​ធ្វើ​ដូចនេះ ប្រសិន​ជា​យើង​ស្ថិតនៅ​ជាមួយ​អ្នក​បច្ចេកទេស ជាពិសេស នៅក្នុង​ការ​ផ្សាយ​ព័ត៌មាន​សំខាន់ៗ។  

និយមន័យ

ការផ្ដើមបង្ហាញព័ត៌មាន​​គឺជា​អត្ថបទមួយ​ដែល​ពិធីករ​សរសេរ ដើម្បីងាយ​ស្រួលចាប់​ផ្តើមផ្សាយ មាន​ន័យ​ថា​បង្ហាញ​​ប្រធាន​បទមួយ នៅក្នុងការ​ផ្សាយ​​ព័ត៌មានប្រចាំថ្ងៃ។

រយៈពេល​នៃ​ការផ្តើមបង្ហាញព័ត៌មាន

ការផ្តើមបង្ហាញព័ត៌មានមាន​រយៈពេលប្រមាណ​ជា២០វិនាទី ជា​មធ្យម ស្មើ​នឹង​ ៣ឃ្លា ជាអប្បបរមា និង​ ៥ ទៅ ៦ឃ្លា ជាអតិបរមា។

ទម្រង់នៃ​ការផ្តើមបង្ហាញព័ត៌មាន

ការផ្តើមបង្ហាញព័ត៌មានត្រូវ​បាន​បែងចែកជាបីផ្នែក គឺ :

ផ្នែកទី១ : ឃ្លាទាក់ទាញដំបូងត្រូវនិយាយ​អំពី​​បច្ចុប្បន្ន​ភាព

មាន​បច្ចេកទេស​សាមញ្ញ​មួយ​ដើម្បីកំណត់​ព័ត៌មាន​បច្ចុប្បន្ន​ភាព គឺត្រូវសួរខ្លួនឯង​ថាតើ​អ្វី​ជា​​ព័ត៌មាន​ថ្មី ? ចម្លើយត្រូវ​សរសេរមួយឃ្លា។ ត្រូវ​សរសេរ​ឃ្លានេះបែបលក្ខណៈ​ទាក់​ទាញ​ ដើម្បី​​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្ដាប់។

ផ្នែកទី២ : ព័ត៌មាន​បន្ថែម

ផ្នែកនេះ​ត្រូវ​សរសេរ​យ៉ាង​តិចបំផុតមួយឃ្លា។ ប៉ុន្តែ ជាធម្មតា វាមាន​ចំនួន ២ ឬ៣ឃ្លា ដែល​ពោរ​ពេញ​​ទៅដោយ​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ងាយ​ស្រួលយល់។ ដើម្បី​ប្រាកដ​ថា​អ្នក​មិន​បាន​​ភ្លេច​​សំណួរ​ទាំង​ប្រាំ (5W) (នរណា ពេលណា កន្លែងណា ជាអ្វី និងហេតុអ្វី) អ្នក​ត្រូវ​ផ្ទៀង​ផ្ទាត់​មើល​ថា​តើ​ការផ្តើមបង្ហាញព័ត៌មាន​របស់​​អ្នក​ឆ្លើយ​តប​ទៅនឹង​​សំណួរ​ទាំង៥​នេះដែរ​ឬទេ។

ផ្នែកទី៣ : ឃ្លាបង្ហាញ​ពីមុំព័ត៌មាន​នៃប្រធានបទដែល​គេ​សរសេរ

​អ្នកយកព័ត៌មានអាច​សម្រេច​ប្រធាន​បទមួយបាន​ អាស្រ័យលើមុំនិងការ​បំភ្លឺផ្សេងៗ។ ឧទាហរណ៍​ បទ​យកការណ៍មួយ ស្ដីពីការ​ចាប់​ផ្តើម​សវនាការជំនុំជម្រះមួយ។ ខាងក្រោម​នេះគឺជា​មុំដែល​អាចមាន៖

-ប្រវត្តិ​របស់​ជនជាប់ចោទ ក្រោមរូបភាព​ជាបទយក​ការណ៍​។

-ការរម្លឹកពីអង្គហេតុ ដែលនាំឲ្យ​កើត​មានការសវនាការជំនុំជម្រះនេះ ក្រោមរូបភាព​ជា​បទ​យក​ការណ៍​។

-កិច្ចសម្ភាសន៍​មួយ រវាង​ក្រុមមេធាវីជន​រងគ្រោះ និង​ក្រុម​មេធាវីជនជាប់ចោទ ។ល។

ឧទាហរណ៍នៃការផ្តើមបង្ហាញព័ត៌មាន

ផ្នែកទី១ :

សវនាការជំនុំជម្រះឃាតកដែល​ត្រូវ​បាន​ចោទប្រកាន់ពីបទ​ឃាតកម្មលើ​រូបលោក​ Laurent Désiré Kabila បានចាប់ផ្តើម​នៅព្រឹកនេះ នៅក្រុង Kinshasa

ផ្នែកទី២ :

ថ្ងៃដំបូង គឺជាការ​អាន​បទចោទប្រកាន់។ ជន​ជាប់ចោទ​កំពុង​ជាប់​ឃុំឃាំងនៅ​ពន្ធនាគារម៉ាកាឡា អំទ្បុងពេល​សវនាការ​ជំនុំជម្រះទាំងមូល។

ផ្នែកទី៣ :

ជនជាប់ចោទសំខាន់ គឺលោក Eddy Kapend អតីត​នាយ​សេនាធិការ​របស់​ប្រធានាធិបតី Kabila។ ប្រវត្តិ​របស់​ជន​ជាប់​ចោទត្រូវបានសរសេរដោយ​អ្នករាយ​ការណ៍​ព័ត៌មាន Paul L។