Menu

១. កិច្ចប្រជុំរបស់ក្រុមអ្នកនិពន្ធព័ត៌មាន

សារព័ត៌មានគឺជាការងារមួយជាក្រុម។ អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​​ម្នាក់ឬច្រើននាក់​ចាំបាច់ត្រូវយល់​ដឹងរាល់ព័ត៌មាន​ដែល​​អ្នក​យកព័ត៌មាន​បាន​ប្រាប់​ពួកគេ។ អ្នក​​អត្ថាធិប្បាយ​ព័ត៌មាន​ក៏​ចាំ​បាច់​ត្រូវ​ដឹង​​ថាតើ​មុំណា​ ដែលការិយាល័យ​​និពន្ធ​បាន​ជ្រើសរើស​។ និពន្ធនាយកត្រូវ​ចាត់ចែងកម្លាំងរបស់​ខ្លួន និង​រៀបចំ​ការងារ​សរសេរ​​អត្ថបទ។ កិច្ចប្រជុំរបស់​ក្រុម​អ្នក​​​និពន្ធព័ត៌មាន​​ គឺជា​ពេល​វេលា​ដែល​​​គ្រប់គ្នា​ជួបជុំគ្នា និង​ជ្រើសរើស​ប្រធាន​បទ​ព័ត៌មាន​​ប្រចាំថ្ងៃ​។

ជាទូទៅ ស្ថានីយវិទ្យុមាន​កិច្ច​ប្រជុំ​បីដង​ក្នុង​មួយ​ថ្ងៃ

កិច្ច​ប្រជុំ​ពេលព្រឹក គឺជាកិច្ច​ប្រជុំ​សំខាន់​បំផុត ដែល​ប្រព្រឹត្ត​ទៅ​នៅម៉ោង ៩ព្រឹក ភ្លាមៗ​បន្ទាប់​ពីការ​ផ្សាយ​​​ព័ត៌មាន​ពេល​ព្រឹករួច​រាល់​។ ការ​ប្រជុំ​នេះមាន​គោល​បំណង​​កំណត់​ប្រធាន​បទ​ប្រចាំថ្ងៃ។ កិច្ច​​ប្រជុំ​មួយ​ទៀតប្រព្រឹត្តទៅ​នៅ​ដើម​រសៀល ដើម្បីរៀបចំ​និង​បន្ថែមព័ត៌មាន​ តាម​បច្ចុប្បន្នភាព។ កិច្ច​ប្រជុំ​ចុងក្រោយធ្វើឡើង​នៅពេល​ល្ងាច បន្ទាប់​ពី​ការ​ផ្សាយ​ព័ត៌មាន​ប្រចាំថ្ងៃចុងក្រោយ និងមុន​ការ​ផ្សាយកម្មវិធី​ពេល​យប់។ ពេលនោះ យើង​ត្រូវ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ផ្សេងៗ និង​រៀបចំ​ការ​ផ្សាយ​សម្រាប់​នៅ​​ព្រឹក​បន្ទាប់។

កិច្ច​ប្រជុំ​ផ្នែក​និពន្ធព័ត៌មាន​ត្រូវ​បាន​កំណត់​

អ្នកចូលរួមមានវិន័យនិងគោរពគ្នា​ទៅវិញ​ទៅមក។ វា​មិន​មែន​ជា​បន្ទប់​មួយ ដែល​យើង​អាច​ជជែក​គ្នា​បាន​ដោយ​​សេរីនោះទេ។ កិច្ច​ប្រជុំ​មួយ​មាន​រយៈពេល​ចាប់ពី៤៥នាទី ទៅមួយ​ម៉ោង ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​យកព័ត៌មាន​អាច​ចាក​ចេញទៅយក​ព័ត៌មាន​ខាងក្រៅ​​បាន​យ៉ាង​លឿន​តាម​ដែល​អាច​ធ្វើបាន​ ហើយ​អ្នក​អត្ថាធិប្បាយ​អាច​រៀបចំ​អត្ថបទ​របស់​ខ្លួនបាន។

វិធីសាស្រ្តនៃការ​ដឹក​នាំ​កិច្ចប្រជុំមួយ​

វិធីសាស្រ្តទីមួយ គឺត្រូវ​មាន​ជំហរ​ដាច់ខាត។ និពន្ធនាយកត្រូវយកបញ្ជីប្រធាន​បទមួយ និង​បែងចែកឲ្យ​ ក្រុម​​​ការងារ។ វិធីសាស្រ្តទីពីរទាក់​ទង​នឹង​ការ​គ្រប់​គ្រង​បែបទំនើប។ កិច្ច​​ប្រជុំ​ចាប់​ផ្តើម​ជាមួយ​នឹងការ​ស្ដាប់​​គំនិត​ផ្សេងៗ​របស់​អ្នក​យក​ព័ត៌មាន និង​ទស្សនៈរបស់​ពួក​គេ​​អំពី​បច្ចុប្បន្នភាព។ បន្ទាប់​មក យើង​កែ​សម្រួល​ទៅ​​តាម​កត្តា​ផ្សេងៗ​ដែល​មិន​អាចចោល​បាន ដូចជា​ ការណាត់​ជួប សន្និសីទសារព័ត៌មាន និង​ការ​ស៊ើប​អង្កេត​ដែល​កំពុង​ដំណើរការ…

ឧទាហរណ៍ : ការប្រជុំ​ពេល​ព្រឹក

នៅ​ម៉ោង៩ព្រឹក អ្នក​យក​ព័ត៌មាន​ទាំង​អស់​ត្រូវ​មាន​វត្តមាន តាម​ការ​កំណត់។ ពួកគាត់​ត្រូវ​មក​ឲ្យ​បាន​ទាន់​ពេល​វេលា។

ដំណាក់កាល​ទីមួយ :

ជាបឋម អ្នក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​​ពេល​ព្រឹក​ចាប់​ផ្តើម​និយាយ ដោយ​ធ្វើ​​ការ​វិភាគ​លើ​ប្រធាន​បទ​សម្រាប់​​ចាក់​ផ្សាយ​នៅ​ពេល​ព្រឹក : តើ​បទយកការណ៍មាន​ភាព​ទាក់ទាញ​ដែរឬទេ? តើ​យើង​នៅ​ខ្វះខាត​ចំណុច​ណាមួយ​ដែរឬទេ? តើ​យើង​ត្រូវ​ដោះស្រាយយ៉ាង​ដូចម្តេច?

បន្ទាប់មក អ្នក​យក​ព័ត៌មាន និង​និពន្ធនាយក ចាប់​ផ្ដើម​និយាយ និង​ធ្វើការ​វិភាគ​មួយ​យ៉ាងលឿន។

រយៈពេល​១០នាទី ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ទំនាស់ ឬការ​ជជែកវែកញែកមិន​ចាំបាច់។

ដំណាក់កាលទីពីរ :

ការពិភាក្សានៅនឹងតុ : មតិយោបល់ និង​គំនិត​របស់អ្នក​យក​ព័ត៌មានអំពីបច្ចុប្បន្នភាព។ អ្វីដែល​មាន​ប្រសិទ្ធភាព​​បំផុត គឺត្រូវ​មាន​ក្ដារខៀន​ធំមួយ ដែល​គេ​អាច​កត់ត្រា​រាល់​សំណើផ្សេងៗ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​​អាច​មើលឃើញបាន។

ដោយប្រៀបធៀប​ជាមួយទិនានុលេខន៍​ប្រចាំថ្ងៃ យើង​ត្រូវ​ពិនិត្យ​មើល​អ្វីដែល​ជាអាទិភាព និង​អ្វី​ដែល​យើ​ង​អាច​​នឹងសរសេរពង្រីក​បន្ថែម​​នៅពេល​ខាងមុខ។

ជា​ចុងបញ្ចប់ នៅក្នុង​ដំណើរការ​នៃកិច្ច​ប្រជុំ យើង​ជ្រើសរើស​មុំទាំង​ឡាយ​ណា និង​ពិភាក្សាថាតើ​យើង​ត្រូវ​សរសេរអត្ថបទតាម​មុំណាមួយ (បទយកការណ៍​ សំទ្បេង បទយកការណ៍​ជាសំទ្បេង​ និង​ភ្ញៀវ)…

នៅពេលបញ្ជីការងារនេះ​ត្រូវ​បានធ្វើ​​រួចរាល់​ហើយ គ្រប់​គ្នា​មាន​ទស្សនៈមួយ​អំពីអ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង និង​​អាច​សម្រេច​ការងារ​របស់​ពួក​គេ។ កិច្ច​សន្ទនា និង​ការ​ផ្លាស់ប្ដូរបាន​ពង្រឹងឆន្ទៈ​របស់​ក្រុម​ការងារ។

កិច្ច​ប្រជុំ​ពីរ​ផ្សេងទៀត (រសៀល និងល្ងាច) គឺជា​ការ​ពិភាក្សានៅនឹងតុ​មួយ​រយៈពេល​ខ្លី ដែល​យើង​ត្រូវ​ប្រមូល​និង​​បន្ថែមចំណុចផ្សេងៗ។