Menu

៩-ការងារសំទ្បេង

តើត្រូវ​មាន​សំទ្បេង​ល្អ ដើម្បី​អាច​​ធ្វើ​ការងារនៅ​​​វិទ្យុបាន​ ? ចម្លើយ គឺត្រូវតែមានសំទ្បេងល្អ។ ប៉ុន្តែ យើង​​ឃើញថា​​ពិធីករ​មាន​សំទ្បេងស្អកក៏​នៅតែល្បី ព្រោះពួកគេ​ចេះ​ប្រើប្រាស់សំទ្បេងនេះ។ ប្រសិន​ជា​​​អ្នក​​ប្រគល់​​​ស្គរដ៏ល្អមួយទៅឲ្យ​អ្នក​តន្រ្តី​ករ​អន់មួយ​រូប​ គេ​មិន​អាច​លេងភ្លេង​បាន​ពិរោះនោះទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​ជា​​អ្នក​ប្រគល់​ស្គរអន់​មួយ​ឲ្យ​ទៅ​តន្រ្តីករដ៏ចំណាន​ម្នាក់ ​អ្នក​នឹង​បាន​ស្ដាប់​ឮ​ភាព​អស្ចារ្យ ចង្វាក់ភ្លេង និងសំទ្បេង។ នៅ​វិទ្យុ យើង​ត្រូវ​សរសេរ​អត្ថបទ ផ្អែក​លើ​​សំទ្បេង​ផ្ទាល់​របស់​​យើង។ នេះគឺជា​មាគ៌ាដ៏សែន​លំបាក​បំផុត។

សូម​សាកល្បងធ្វើ​តេស្ត និង​ស្ដាប់​អ្នក​ជិតខាង : អ្នក​ខ្លះ​និយាយ​លឿន អ្នក​ខ្លះ​និយាយ​យឺត។ នេះគឺជា​ភាព​ខុស​គ្នា​របស់​មនុស្ស​លោក។ នៅ​វិទ្យុ ត្រូវ​ស្វែងរក​អ្វី​មួយកណ្តាល ។

គោលការណ៍ទី១ : និយាយ​ទៅកាន់​នរណាម្នាក់

អ្នក​មិនមែន​មក​កន្លែងសាធារណៈ ដើម្បី​ថ្លែង​សុន្ទរកថា​ទេ។ ប៉ុន្តែ ​អ្នក​និយាយ​ទៅកាន់មនុស្ស​ម្នាក់​។ ចូរអ្នកងើយច្រមុះ​ចេញពីក្រដាសជាប្រចាំ និង​សំឡឹង​មើល​អ្នក​បច្ចេកទេស ដែលជាអ្នក​ស្ដាប់​ដំបូងគេរបស់​អ្នក ជា​មិត្ត​ភក្តិ​របស់​​អ្នក។ គេអាច​ធ្វើ​សញ្ញា​ឲ្យ​​អ្នក​បន្ថយ​ល្បឿន។ នៅ​វិទ្យុ យើង​​និយាយ​យឺត​ជា​ង​ការ​និយាយ​ក្នុង​ជីវភាព​ធម្មតា។

គោលការណ៍ទី២ : សរសេរ ដើម្បីនិយាយ

តន្រ្តីភាសាផ្ទាល់​មាត់ មិន​មែន​ជា​តន្រ្តីនៃ​ការ​សរសេរ​ឯកសារមេរៀន​របស់​យើង​ឡើយ។ នៅពេល​សរសេរ សូម​​អានឃ្លារបស់​​អ្នក​​​ខ្សឹបៗ។ ​អ្នក​នឹង​ឃើញ​ស្ទីល​ធម្មតា​មួយពីរបៀបនិយាយ​របស់​​អ្នក​។ កត្តានេះ​ជួយឲ្យ​​អ្នក​មិន​មាន​ភាព​ស្ទាក់​ស្ទើរ និងច្របូកច្របល់ នៅពេល​កាន់​ក្បាល​មេក្រូ។

គោលការណ៍ទី៣ : បញ្ចេញសំទ្បេង

លើកដំបូងនៅពេល​កាន់​ក្បាលមេក្រូ យើងតែងតែមាន​ភាព​អៀនខ្មាស។ យើង​អាន​អត្ថបទ​ ដូច​ទម្លាប់​យើង​​ធ្លាប់​អាន​សម្រាប់​ខ្លួន​ឯង។ សំទ្បេងស្រទន់ មិន​ភ្លាត់។ ចូរអ្នកយក​អត្ថបទចេញមក និង​សុំ​ឲ្យ​គេ​​និយាយ​ពីអ្វី​ដែល​​​គេ​បាន​សរសេរ។ ភ្លាមៗនោះ ​អ្នក​នឹង​ឃើញ​ភាព​ខុសគ្នា។ បុគ្គល​នោះ​បញ្ចេញ​សំទ្បេង​ធម្មជាតិ​របស់​​ខ្លួន។ បញ្ចេញ​សំទ្បេង មិន​មាន​ន័យ​ថា​ស្រែក​នោះទេ។ គឺត្រូវ​ស្វែងរក​ចំណុច​កណ្តាល រវាង​សំទ្បេងធម្មជាតិ និង​សំទ្បេង​អាន​ព័ត៌មាន។

គោលការណ៍ទី៤ : ហ្វឹកហាត់ដោយ​ខ្លួនឯង

មាន​បច្ចេកទេស​នៃការ​អាន ដូចជា​ការ​អាន​អត្ថបទ​មួយ ដោយ​ខាំខ្មៅដៃ។ វិធីនេះ​ជួយ​សម្រួល​បបូរមាត់​។ ត្រូវ​ស្ដាប់​សំទ្បេងខ្លួន​ឯងឡើង​វិញ។ យើង​អាច​សុំ​ជំនួយពីតារាកំប្លែង សហការីរបស់​​អ្នក​ និង​និពន្ធ​នាយក​។ ការងារ​វិទ្យុ​​គឺជា​ការងារ​ជាក្រុម។ យើង​ត្រូវ​ជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ធ្វើឲ្យការងារប្រសើរ។

គោលការណ៍ទី៥ : ការហាមាត់និយាយ

នេះគឺជាគោលការណ៍សំខាន់បំផុត និងមាន​តម្លៃ​សម្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​អស់ មិន​ថាអ្នក​ទើប​ចាប់​ផ្តើម​ការងារ​នេះ ឬអ្នក​អាជីពស្រាប់។ មុន​នឹងចេញផ្សាយ ត្រូវ​អានព័ត៌មានប្រចាំ​ថ្ងៃ​ ព័ត៌មាន​ទាន់​ហេតុ​ការណ៍ និង​បទ​យក​ការណ៍​​​ឡើង​វិញឲ្យ​បានខ្លាំងៗ។ ធ្វើ​ដូច្នេះ ដើម្បី​ហាត់សមមាត់​របស់​​អ្នក និង​សំទ្បេង​។ អ្នក​ត្រូវ​គិតក្នុង​ចិត្ត​​អំពីសំទ្បេង​តន្រ្តីនៃ​អត្ថបទ។ នៅពេល​ចាក់​ផ្សាយ អត្ថបទ​របស់​អ្នក​​នឹង​ស្ថិតនៅក្នុង​ខួរក្បាលរបស់​​អ្នក។ ពិធីករ​ខ្លះ​​ម៉ាស្សា​មាត់​ មុន​ចូល​បន្ទប់​ផ្សាយ និង​ពិសាទឹក​បន្ដិច ដើម្បី​ឲ្យ​ស្រឡះ​បំពង់ក។ ​វិទ្យុ​ប្រៀប​បាន​ដូចជា​កីឡាៈ ហាត់កម្តៅសាច់ដុំ និងលាត​សន្ធឹកជើង មុន​ចូល​កីឡដ្ឋាន។

គោលការណ៍ទី៦: មិន​ត្រូវ​ដាក់ក្បាលមេក្រូជិតមាត់

យើង​ត្រូវ​និយាយ​ ចម្ងាយ២០សង់ទីម៉ែត្រ​ពីក្បាល​មេក្រូ (ឯកសារ ១៩)។ យើង​ដកកាស​ត្រចៀកម្ខាង​ចេញ ដើម្បី​ស្ដាប់​សំទ្បេង​របស់​យើង។ ត្រចៀក​ម្ខាងទៀតទុក​សម្រាប់​ស្ដាប់​ការបញ្ជា និង​គ្រប់​គ្រង​ស្ថាន​ការណ៍។