Menu

៥- ប្រភពព័ត៌មាន និងការផ្ទៀងផ្ទាត់ព័ត៌មាន

ប្រភពព័ត៌មាន​របស់​អ្នក​យក​ព័ត៌មាន​មាន​ច្រើន : ទីភ្នាក់ងារព័ត៌មាន សារព័ត៌មាន​ សេចក្ដីប្រកាស​ព័ត៌មាន ប្រព័ន្ធ​ឃោសនាទូរទស្សន៍ ឬវិទ្យុ និង​ បច្ចុប្បន្ន គឺបណ្តាញ​អ៊ីនធើណេត រួមមាន ប្លុក បណ្តាញ​សង្គម និង​គេហទំព័រព័ត៌មាន។ ត្រង់ចំណុចនេះ យើង​អាច​បន្ថែម​ប្រភព​ផ្ទាល់​ខ្លួនរបស់​អ្នក​យក​ព័ត៌មាន មតិ​របស់​​អ្នក​ស្ដាប់ សាក្សី អ្នក​យក​ព័ត៌មាន​ផ្សេងៗទៀត សំណុំឯកសារផ្នែកនិពន្ធ អ្វីៗដែល​យើង​បាន​ឮគេ​និយាយ​ ទីនេះ ទីនោះ… ប៉ុន្តែ យើង​ត្រូវ​ចេះ​ជ្រើសរើស​ព័ត៌មាន និងជាពិសេស ចេះ​ផ្ទៀងផ្ទាត់វា…

ការ​ផ្ទៀងផ្ទាត់​ពីរដង គឺជា​គោល​ការណ៍​មូលដ្ឋាន​របស់​សារព័ត៌មាន BBC។ ទោះបីជាអ្នកយក​ព័ត៌មាន​មាន​អំណាច​​សារព័ត៌មាន​ក៏ដោយ ក៏ពួក​គេ​អាច​នឹង​រង​ការ​​បោកបញ្ចោត ឃោសនា ឬផ្សព្វផ្សាយពាណិជ្ជកម្ម។ ប្រសិន​ជា​​អ្នក​ចាប់​យកដំណឹងមួយពីកាសែតមួយ ​អ្នក​ត្រូវ​ប្រាកដ​ដាច់ខាត​ថា​វាជា​ព័ត៌មាន​ជាក់​លាក់ និង​ត្រូវ​​បាន​​ផ្ទៀងផ្ទាត់រួច​រាល់​។ ដូច្នេះ អ្នក​អាច​អាន​ព័ត៌មាន​នេះទាំង​ស្រុង​នៅក្នុង​ការ​ផ្សាយរបស់​ស្ថានីយ​។ លោក​អ្នក​ក៏ត្រូវបង្ហាញកាសែត​​ផងដែរ (ប្រភព : បណ្តាញព័ត៌មាន​ផ្សេងទៀត ។ល។)

តើត្រូវ​កំណត់​ព័ត៌មាន​ពិត​ប្រាកដ​មួយ​បាន​យ៉ាង​ដូចម្តេច ?

ព័ត៌មានបច្ចុប្បន្នភាព

អ្វីដែល​កំពុង​កើត​មាន​ឡើង អ្វីដែល​ទើប​តែបាន​កើត​ឡើង អ្វីដែល​នឹង​កើត​មាន​ឡើង (សេចក្ដីប្រកាស)។ នេះ​គឺជា​ព្រឹត្តិការណ៍​ថ្មីមួយ ដែល​យើង​មិន​ធ្លាប់​បានឮ។ យើង​គួរ​វាយ​តម្លៃ​ព័ត៌មាន​នីមួយៗ តាម​រយៈ​ទស្សនៈ​​របស់​អ្នក​ស្ដាប់។ តើ​ព្រឹតិ្តការណ៍​មួយ ឬសេចក្តីប្រកាស​មួយមាន​ការ​​ជាប់​ពាក់​ព័ន្ធ ឬក៏ប៉ះពាល់​ដល់​​ពួក​គេ​យ៉ាង​ដូចម្តេច ?

ព័ត៌មាន​ទស្សនាវដ្ដី

ព័ត៌មាន​ទស្សនាវដ្ដីគឺជា​ព័ត៌មាន​​ដែល​មិន​បាន​លម្អិត​អំពីព្រឹត្តិការណ៍មួយ​ជាក់លាក់ ប៉ុន្តែ វា​ពន្យល់​​​អំពី​បញ្ហាមួយ ស្ថានភាពមួយដែល​យើង​អាច​សរសេរកាល​ពីម្សិលមិញ ថ្ងៃនេះ និង​ថ្ងៃ​ស្អែក​​បាន​។ ប៉ុន្តែព័ត៌មាន​បែប​នេះ​ក៏ទាក់​ទាញ​​អ្នក​ស្ដាប់​ផងដែរ ព្រោះ​ពួក​គេ​មិន​ទាន់​បាន​ដឹង​សាច់​​រឿង​នេះ​នៅឡើយ និងពួកគេ​ចាប់​អារម្មណ៍រឿងនេះ។ ឧទាហរណ៍ ​អ្នក​អាច​ធ្វើ​ការ​អង្កេត​​មួយ​ទាក់​ទង​នឹង​ជន​ភៀសខ្លួនរស់ នៅ​ក្នុង​ព្រៃ ការ​កាប់​បំផ្លាញ​ព្រៃឈើ ឱនភាពរូបិយប័ណ្ណ ឥណទាន​បង្វែរទៅ​សាកលវិទ្យាល័យមួយ… ទាំងនេះ​គឺជា​ប្រធាន​បទ​ដែល​លេច​ឡើង ក្រោយ​ការ​​អង្កេត​តូច​​មួយ។

តើ​ត្រូវ​ជ្រើស​រើស​ព័ត៌មាន​មួយ ក្នុងចំណោម​ព័ត៌មាន​ទាំង​អស់​ដែល​យើង​មាន បាន​យ៉ាង​ដូចម្តេច ?

ខាងក្រោម​នេះគឺជា​លក្ខខណ្ឌ​មួយ​ចំនួន :

បច្ចុប្បន្នភាព : ដំណឹងមួយ​ត្រូវតែ​ជា​ព័ត៌មាន​ថ្មី។ ព័ត៌មាន​មួយ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍តិចតួច ប្រសិន​ជាអ្នក​ស្ដាប់​ធ្លាប់​បាន​ឮរួច​ទៅហើយនៅកន្លែង​ផ្សេង។ ​

ទីតាំង​ភូមិសាស្រ្តជិតៗ : មនុស្ស​យើង​ចាប់​អារម្មណ៍​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ភូមិឋាន​និង​ ​ប្រទេស​​របស់​ពួក​គេ ជាង​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​នៅទីឆ្ងាយ។

ចំណាប់​អារម្មណ៍អ្វីៗដែលនៅក្បែរខ្លួន : មនុស្ស​យើង​តែង​តែ​ចាប់​អារម្មណ៍​ទៅ​នឹង​ដំណឹង​ថ្មីៗ​​ដែល​ពាក់​ព័ន្ធ​នឹង​ពួក​គេ ដូចជា តម្លៃនៃ​ជីវិត ថវិកា តម្លៃទំនិញ ស្ថានភាព​ផ្លូវ ពន្ធដឹក​ជញ្ជូន និង​តម្លៃសិក្សា​នៅតាម​សាលារៀន…។ ប៉ុន្តែ ពួកគេ​ក៏​ចាប់​អារម្មណ៍​​រឿង​ពាក់​ព័ន្ធ​នឹង​មនុស្សជាតិ​​ផង​ដែរ ដូចជា​ ព្រឹតិ្តការណ៍​ចម្លែកៗ ភាព​កំប្លុកកំប្លែង ការ​សោកស្ដាយ សោកនាដកម្ម ភាពជោគជ័យ ប្រវត្តិ​កុមារ មនុស្ស​ចាស់ ការ​ចង​ចាំ និង​ការជម្នះពិការភាព…

ការ​តាមដាន : គឺជា​កាតព្វកិច្ច​មួយ​របស់​ផ្នែក​និពន្ធព័ត៌មាន។ យើង​តាម​ដាន​ព្រឹតិ្តការណ៍​មួយរហូត​ដល់​ចប់​។ ឧទាហរណ៍ មាន​ការ​ដាច់ចរន្ត​អគ្គិសនីមួយ​ដ៏ធំ។ អ្នក​ត្រូវ​ប្រកាស​ថា​តើ​ពេល​ណា​គេ​​ជួសជុល​រួចរាល់ និង​យ៉ាង​ដូចម្តេច? ការគំរាម​កំហែង​នៃជំងឺឆ្លង : លោក​អ្នក​ត្រូវ​ប្រាប់​ថា​តើ​ការ​គំរាម​កំហែង​នេះពិតជាមាន​ដែរឬទេ ថាតើ​អស់ការព្រួយបារម្ភ និង​គ្រោះថ្នាក់​ហើយ​ឬនៅ?

សារៈប្រយោជន៍ : ព័ត៌មាន​សំខាន់​មួយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​មនុស្ស​ជាច្រើន កែប្រែជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ និង​មាន​ឥទ្ធិពល​ផ្ទាល់​លើ​ពួកគេ : គ្រោះថ្នាក់​ធម្មជាតិ ជម្លោះ ការ​បោះឆ្នោត…