សូមសាកល្បងធ្វើតេស្ត និងស្ដាប់អ្នកជិតខាង : អ្នកខ្លះនិយាយលឿន អ្នកខ្លះនិយាយយឺត។ នេះគឺជាភាពខុសគ្នារបស់មនុស្សលោក។ នៅវិទ្យុ ត្រូវស្វែងរកអ្វីមួយកណ្តាល ។
គោលការណ៍ទី១ : និយាយទៅកាន់នរណាម្នាក់
អ្នកមិនមែនមកកន្លែងសាធារណៈ ដើម្បីថ្លែងសុន្ទរកថាទេ។ ប៉ុន្តែ អ្នកនិយាយទៅកាន់មនុស្សម្នាក់។ ចូរអ្នកងើយច្រមុះចេញពីក្រដាសជាប្រចាំ និងសំឡឹងមើលអ្នកបច្ចេកទេស ដែលជាអ្នកស្ដាប់ដំបូងគេរបស់អ្នក ជាមិត្តភក្តិរបស់អ្នក។ គេអាចធ្វើសញ្ញាឲ្យអ្នកបន្ថយល្បឿន។ នៅវិទ្យុ យើងនិយាយយឺតជាងការនិយាយក្នុងជីវភាពធម្មតា។
គោលការណ៍ទី២ : សរសេរ ដើម្បីនិយាយ
តន្រ្តីភាសាផ្ទាល់មាត់ មិនមែនជាតន្រ្តីនៃការសរសេរឯកសារមេរៀនរបស់យើងឡើយ។ នៅពេលសរសេរ សូមអានឃ្លារបស់អ្នកខ្សឹបៗ។ អ្នកនឹងឃើញស្ទីលធម្មតាមួយពីរបៀបនិយាយរបស់អ្នក។ កត្តានេះជួយឲ្យអ្នកមិនមានភាពស្ទាក់ស្ទើរ និងច្របូកច្របល់ នៅពេលកាន់ក្បាលមេក្រូ។
គោលការណ៍ទី៣ : បញ្ចេញសំទ្បេង
លើកដំបូងនៅពេលកាន់ក្បាលមេក្រូ យើងតែងតែមានភាពអៀនខ្មាស។ យើងអានអត្ថបទ ដូចទម្លាប់យើងធ្លាប់អានសម្រាប់ខ្លួនឯង។ សំទ្បេងស្រទន់ មិនភ្លាត់។ ចូរអ្នកយកអត្ថបទចេញមក និងសុំឲ្យគេនិយាយពីអ្វីដែលគេបានសរសេរ។ ភ្លាមៗនោះ អ្នកនឹងឃើញភាពខុសគ្នា។ បុគ្គលនោះបញ្ចេញសំទ្បេងធម្មជាតិរបស់ខ្លួន។ បញ្ចេញសំទ្បេង មិនមានន័យថាស្រែកនោះទេ។ គឺត្រូវស្វែងរកចំណុចកណ្តាល រវាងសំទ្បេងធម្មជាតិ និងសំទ្បេងអានព័ត៌មាន។
គោលការណ៍ទី៤ : ហ្វឹកហាត់ដោយខ្លួនឯង
មានបច្ចេកទេសនៃការអាន ដូចជាការអានអត្ថបទមួយ ដោយខាំខ្មៅដៃ។ វិធីនេះជួយសម្រួលបបូរមាត់។ ត្រូវស្ដាប់សំទ្បេងខ្លួនឯងឡើងវិញ។ យើងអាចសុំជំនួយពីតារាកំប្លែង សហការីរបស់អ្នក និងនិពន្ធនាយក។ ការងារវិទ្យុគឺជាការងារជាក្រុម។ យើងត្រូវជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យការងារប្រសើរ។
គោលការណ៍ទី៥ : ការហាមាត់និយាយ
នេះគឺជាគោលការណ៍សំខាន់បំផុត និងមានតម្លៃសម្រាប់អ្នកយកព័ត៌មានទាំងអស់ មិនថាអ្នកទើបចាប់ផ្តើមការងារនេះ ឬអ្នកអាជីពស្រាប់។ មុននឹងចេញផ្សាយ ត្រូវអានព័ត៌មានប្រចាំថ្ងៃ ព័ត៌មានទាន់ហេតុការណ៍ និងបទយកការណ៍ឡើងវិញឲ្យបានខ្លាំងៗ។ ធ្វើដូច្នេះ ដើម្បីហាត់សមមាត់របស់អ្នក និងសំទ្បេង។ អ្នកត្រូវគិតក្នុងចិត្តអំពីសំទ្បេងតន្រ្តីនៃអត្ថបទ។ នៅពេលចាក់ផ្សាយ អត្ថបទរបស់អ្នកនឹងស្ថិតនៅក្នុងខួរក្បាលរបស់អ្នក។ ពិធីករខ្លះម៉ាស្សាមាត់ មុនចូលបន្ទប់ផ្សាយ និងពិសាទឹកបន្ដិច ដើម្បីឲ្យស្រឡះបំពង់ក។ វិទ្យុប្រៀបបានដូចជាកីឡាៈ ហាត់កម្តៅសាច់ដុំ និងលាតសន្ធឹកជើង មុនចូលកីឡដ្ឋាន។
គោលការណ៍ទី៦: មិនត្រូវដាក់ក្បាលមេក្រូជិតមាត់
យើងត្រូវនិយាយ ចម្ងាយ២០សង់ទីម៉ែត្រពីក្បាលមេក្រូ (ឯកសារ ១៩)។ យើងដកកាសត្រចៀកម្ខាងចេញ ដើម្បីស្ដាប់សំទ្បេងរបស់យើង។ ត្រចៀកម្ខាងទៀតទុកសម្រាប់ស្ដាប់ការបញ្ជា និងគ្រប់គ្រងស្ថានការណ៍។