Menu

22. ការពិនិត្យឡើងវិញដើម្បីដំណើរការល្អ

ដូចជាការប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃដែរ ការពិនិត្យសេចក្តីរាយការណ៍ព័ត៌មានដើម្បីរិះគន់ស្ថាបនា គឺជាការងាររួម។ ក្រោយពីចាក់ផ្សាយរួច ការពិនិត្យនេះត្រូវតែធ្វើឡើងជាមួយនឹងវិធីសាស្រ្តដែលអាចឲ្យមានការពិភាក្សាជុំវិញការផ្សាយព័ត៌មាន ការលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយនៃសេចក្តីរាយការណ៍ ដោយដាក់វានៅក្នុងបរិបទនៃការផ្សាយរបស់ពួកគេ។ តាមរយៈការរិះគន់ស្ថាបនានេះ ផ្នែកព័ត៌មានទទួលបាននូវបទពិសោធន៍ ដើម្បីកែលម្អគុណភាពទូទៅនៃការផ្សាយរបស់ខ្លួន។

តើនរណាខ្លះដែលត្រូវចូលរួមក្នុងការការពិនិត្យដើម្បីរិះគន់ស្ថាបនានេះ ?

គឺអ្នកកាន់ផ្នែកឯកសារ អ្នកសរសេរព័ត៌មាន ឬអ្នកថត អ្នកកាត់ត អ្នកសម្របសម្រួលបច្ចេកទេសផ្សាយ អ្នកបច្ចេកទេសសំឡេង ឬរូបភាព មន្រ្តី និងបុគ្គលិករដ្ឋបាល។

តើត្រូវរៀបចំការប្រជុំត្រួតពិនិត្យដើម្បីរិះគន់ស្ថាបនានេះយ៉ាងដូចម្តេច ?

បុគ្គលិកទាំងអស់ត្រូវជួបប្រជុំគ្នាមួយសប្តាហ៍ម្តង ឬមួយខែម្តង។ ក្នុងពេលនោះ ពួកគេត្រូវមើលសេចក្តីរាយការណ៍ព័ត៌មានឡើងវិញ តែមិនចាំបាច់កត់ត្រាអ្វីទេ។ បន្ទាប់ពីមើលចប់ ម្នាក់ៗត្រូវកត់ទុកនូវអ្វីៗដែលខ្លួនចងចាំ ដោយកុំព្យាយាម « រកនឹក » និងកុំនឹកទៅដល់លក្ខខណ្ឌនៃការផលិត ឬគ្រោះថ្នាក់ផ្សេងៗក្នុងការផលិត។ បុគ្គលិកដែលចូលរួមក្នុងការត្រួតពិនិត្យនេះត្រូវផ្តោតអារម្មណ៍លើការផ្សាយ និងពិភាក្សាគ្នាអំពីព័ត៌មានដែលទូរទស្សនិកជនបានឃើញ។

ការពិនិត្យដើម្បីរិះគន់ស្ថាបនានេះមិនពាក់ព័ន្ធនឹងបញ្ហាវិចារណកថា (បញ្ហានេះត្រូវលើកឡើងនៅក្នុងការប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃ ឬការប្រជុំរៀបចំផែនការ និងព្យាករណ៍) បញ្ហារៀបចំបច្ចេកទេស ឬមនុស្សទេ។

ទម្រង់ការវិភាគលើសេចក្តីរាយការណ៍ព័ត៌មានថ្មីៗ

 • សង្ខេបសេចក្តីរាយការណ៍មកត្រឹមពាក្យមួយឃ្លា៖ ប្រធានបទ…………….: …………..សារ
 • រូបភាព ឬសំឡេងសំខាន់ៗដែលចងចាំបាន៖……………………………………………….
 • សមាមាត្ររវាងរូបភាព និងសំឡេង ត្រឹមត្រូវឬទេ ?
 • សេចក្តីរាយការណ៍នេះត្រូវបានផលិតឡើងតាមទម្រង់សារព័ត៌មានដែលអាចកំណត់បានជាក់លាក់៖
 • វាជាទស្សនីយភាពដែលបង្ហាញពីការពិតនៅកន្លែងកើតហេតុ។ អ្វីៗត្រូវបានធ្វើដោយផ្ទាល់នៅនឹងកន្លែង មិនថាជាបទសម្ភាសន៍ ឬសេចក្តីរាយការណ៍ទេ។ រីឯការអត្ថាធិប្បាយគឺអមដោយរូបភាព និងសំឡេង។
 • វាជា « ព័ត៌មានបំពេញបន្ថែម »៖ ការអត្ថាធិប្បាយព័ត៌មាន និងការពន្យល់ត្រូវបានអមដោយរូបភាព ឬរូបភាពក្រាហ្វិកកុំព្យូទ័រ។
 • វាជាសំណុំរឿងមួយ៖ បទយកការណ៍ដ៏វែងមួយដែលមានមុំច្រើន ឬការផ្សាយអំពីប្រធានបទមួយនៅក្នុងបទយកការណ៍ខុសៗគ្នា។
 • បទយកការណ៍ត្រូវបានបង្កើនតម្លៃដោយសារសេចក្តីណែនាំរបស់អ្នកធ្វើអត្ថាធិប្បាយក្នុងស្ទូឌីយោ។
 • សេចក្តីផ្តើមមានលក្ខណៈសាមញ្ញងាយស្រួលចងចាំ ហើយវាប្រាប់យ៉ាងច្បាស់ពីប្រធានបទនៃបទយកការណ៍។
 • សេចក្តីបញ្ចប់សង្ខេបខ្លឹមសាររឿង និងព័ត៌មានទាំងមូល និង/ឬស្នើប្រធានបទថ្មីមួយទៀត។
 • បទយកការណ៍ត្រូវបានបំពេញដោយសេចក្តីសន្និដ្ឋានបញ្ចប់រឿងរបស់អ្នកធ្វើអត្ថាធិប្បាយ។
 • កិច្ចសម្ភាសន៍ត្រឹមត្រូវស្របតាមប្រធានបទ។
 • ព័ត៌មានគ្រប់គ្រាន់ និងស៊ីសង្វាក់គ្នា។
 • រយៈពេល និងចង្វាក់នៃបទយកការណ៍សមស្របនឹងប្រធានបទ។
 • បទយកការណ៍ត្រូវបានបញ្ចូលយ៉ាងល្អទៅក្នុងការផ្សាយព័ត៌មាន។