Menu

2. តាមដានព្រឹត្តិការណ៍បច្ចុប្បន្ន៖ ការប្រជុំក្នុងការិយាល័យនិពន្ធព័ត៌មាន

មានដំណាក់កាលសំខាន់ៗចំនួនបួនសម្រាប់ជីវិតផ្នែកនិពន្ធ៖ ទីមួយ គឺការប្រជុំរៀបចំផែនការ និងព្យាករណ៍ ដែលត្រូវធ្វើឡើងម្តងក្នុងមួយសប្តាហ៍។ ទីពីរ គឺការប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃដែលរៀបចំឡើងជារៀងរាល់ថ្ងៃ និងប្រមូលផ្តុំអ្នកយកព័ត៌មានទាំងអស់។ បន្ទាប់ពីប្រជុំរួមរួច ការប្រជុំលើកទីពីរត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្សចូលរួម ដើម្បីបង្កើតតារាងលម្អិតព័ត៌មានអំពីប្រធានបទដែលត្រូវផ្សាយ។ ចុងក្រោយ គឺការប្រជុំរិះគន់ស្ថាបនាដែលត្រូវធ្វើឡើងបន្ទាប់ពីការផ្សាយព័ត៌មានរួច ដោយវិភាគវែកញែកយ៉ាងក្តៅគគុក។ គុណភាពនៃការផលិត និងភាពស៊ីសង្វាក់គ្នានៃព័ត៌មាន អាស្រ័យលើការប្រជុំទាំងនេះដែលមានការចូលរួមពីអ្នកអាជីពមួយផ្នែក ឬទាំងអស់។

ការប្រជុំនៅក្នុងការិយាល័យព័ត៌មាន៖ ព្យាករ ផលិត វាយតម្លៃ

  • ការប្រជុំរៀបចំផែនការ និងព្យាករណ៍

ការប្រជុំនេះធ្វើឡើងមួយសប្តាហ៍ម្តង ដើម្បីរៀបចំផែនការផលិតព័ត៌មាន និងប្រមើមើលព្រឹត្តិការណ៍ដែលកើតឡើងដដែលៗ ឬអាចទស្សន៍ទាយបាន។ ការប្រជុំនេះពាក់ព័ន្ធនឹងអ្នកគ្រប់គ្រងការផ្សាយ អ្នកកាសែតនិពន្ធ អ្នកសារព័ត៌មានថតរូប ជំនួយការ និងអ្នកជំនាញផ្នែកឯកសារ។​ រាល់សំណើពីខាងក្រៅត្រូវបានយកទៅពិភាក្សា បោះបង់ចោល ឬទទួលយក។ ប្រធានបទដែលត្រូវបានជ្រើសរើស ត្រូវកត់ត្រាក្នុងរបៀបវារៈនៃព័ត៌មាន។

  • ការប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃ

ការប្រជុំនេះធ្វើឡើង ៨ ឬ ៦ ម៉ោងមុនការផ្សាយព័ត៌មាន ដើម្បីរៀបចំដំណើរការផលិតព័ត៌មានប្រចាំថ្ងៃ។ ការប្រជុំនេះមានការចូលរួមពីគ្រប់អ្នកយកព័ត៌មានទាំងអស់ រួមទាំងប្រធានៗ និងក្រុមអ្នកបច្ចេកទេសផងដែរ អាស្រ័យទៅតាមទំហំនៃស្ថានីយ៍ទូរទស្សន៍។ មុនដំបូង គេចាប់ផ្តើមជជែកពីទស្សនៈសារព័ត៌មានប្រចាំថ្ងៃនានា បន្ទាប់មក ពិភាក្សាពីរបៀបវារៈដែលគេបានព្យាករទុក ដោយម្នាក់ៗបញ្ចេញមតិយោបល់របស់ខ្លួន ព្រមទាំងដាក់ចេញនូវសំណើរ។ និពន្ធនាយកជ្រើសរើសប្រធានបទដែលនឹងត្រូវធ្វើ និងបញ្ជាក់មុំសម្រាប់យកព័ត៌មាន។ ការពិភាក្សានេះសម្រេចចេញបានជាសំណៅព្រាងនៃតារាងលម្អិតដំណើរការផ្សាយព័ត៌មាន។ ការប្រជុំនេះមានរយៈពេលពី ២០ ទៅ ៤៥ នាទី។

  • ការប្រជុំរៀបចំផ្សាយ

ការប្រជុំនេះធ្វើឡើង ២ ឬ ៤ ម៉ោងមុនការផ្សាយព័ត៌មាន។ និពន្ធនាយក និពន្ធនាយករង ឬប្រធានការផ្សាយ អ្នកសម្របសម្រួលបច្ចេកទេសផ្សាយ និងអ្នកធ្វើអត្ថាធិប្បាយក្នុងស្ទូឌីយោ ត្រូវកំណត់លំដាប់លំដោយសម្រេចនៃតារាងដំណើរការព័ត៌មាន។ តារាងសម្រេចនេះគឺសម្រាប់ដឹកនាំក្រុមការងារផលិតទាំងអស់ (អ្នកថតក្នុងស្ទូឌីយោ អ្នកគ្រប់គ្រងរូបភាពវីដេអូ អ្នកលាយសំឡេង អ្នកបច្ចេកទេសរូបភាពវីដេអូ អ្នកធ្វើអត្ថាធិប្បាយ…)។

  • ការប្រជុំរិះគន់ស្ថាបនាត្រូវធ្វើឡើងភ្លាម បន្ទាប់ពីបញ្ចប់ការផ្សាយព័ត៌មាន

ពេលបញ្ចប់ការផ្សាយភ្លាមៗ ត្រូវនិយាយពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានជាមួយអ្នកយកព័ត៌មាន និងអ្នកបច្ចេកទេសទាំងអស់ដែលបានចូលរួមក្នុងការផ្សាយ ដោយលើកឡើងពីបញ្ហាបច្ចេកទេសដែលបានជួបប្រទះ ចំណុចខ្វះខាត ឬភាពជោគជ័យផ្នែកវិជ្ជាជីវៈសារព័ត៌មាន។ ចំណុចទាំងនេះនឹងចែករំលែកជាបទពិសោធន៍នៅថ្ងៃស្អែក ពេលចាប់ផ្តើមការប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃ។

  • ការពិនិត្យដើម្បីរិះគន់ស្ថាបនាអាចនឹងត្រូវធ្វើឡើង ដោយមើលមួយផ្នែក ឬការផ្សាយទាំងមូលឡើងវិញ ដើម្បីកែលម្អការផលិតព័ត៌មានក្រោយៗទៀត (សូមអានសន្លឹកទី ២២ )។

វិធីសាស្រ្តប្រមើមើលហេតុការណ៍ដែលអាចព្យាករបាន៖

ដើម្បីកុំឲ្យការផលិតព័ត៌មានពឹងផ្អែកតែលើសំណូមពរនោះ យើងត្រូវប្រមើមើលហេតុការណ៍ជាមុន។

នៅចុងបញ្ចប់នៃការប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃ និពន្ធនាយក ឬនិពន្ធនាយករងណាម្នាក់ត្រូវពិនិត្យមើលប្រតិទិនដើម្បីផ្ទៀងផ្ទាត់ព្រឹត្តិការណ៍ដែលនឹងមកដល់​ក្នុងអំឡុងពេល ១៥ ឬ ៣០ ថ្ងៃ។ បន្ទាប់មក ត្រូវចាត់តាំងក្រុមណាមួយឲ្យគិតពីប្រធានបទដែលនឹងត្រូវធ្វើទាក់ទងនឹងព្រឹត្តិការណ៍នោះ។ ក្រុមនេះមិនចាំបាច់ត្រូវការពេលរហូតដល់ ១៥ ថ្ងៃដើម្បីផលិតព័ត៌មាននោះទេ គឺគ្រាន់តែរកគំនិតទុកជាមុន ដើម្បីបង្ហាញពីលក្ខណៈខុសប្លែកក្នុងការជ្រើសរើសប្រភព និងការច្នៃប្រឌិតសម្រាប់ការផលិតព័ត៌មាននៅថ្ងៃនោះ។