- ត្រូវដឹងច្បាស់ពីស្ថានភាពនៃកន្លែងដែលចុះទៅថត ដោយពិនិត្យមើលថា វាជាកន្លែងសាធារណៈ ឬកន្លែងឯកជន។
- មិនត្រូវប្រឆាំងនឹងគំនិតរបស់មនុស្សដែលអ្នកទាក់ទងទេ។ ត្រូវអត់ធ្មត់ បញ្ចុះបញ្ចូលឲ្យគេទុកចិត្តដើម្បីទទួលបានសិទ្ធិក្នុងការថត។
- អ្នកអាចបង្កប់កាមេរ៉ាថតយករូបភាពបាន លុះត្រាតែអ្នកច្បាស់ក្នុងចិត្តថា គ្មានវិធីណាផ្សេងទៀតដើម្បីយកព័ត៌មានបានទេ។ ក្នុងករណីមានពាក្យបណ្តឹង អ្នកយកព័ត៌មានត្រូវពិនិត្យមើលពីលទ្ធភាពនៃការតវ៉ា ដោយសម្អាងលើសិទ្ធិដែលមនុស្សគ្រប់រូបអាចទទួលបានព័ត៌មាន។ ក្នុងស្ថានភាពនេះ ផលប្រយោជន៍សាធារណៈ និងសង្គម មានអាទិភាពលើសិទិ្ធរបស់បុគ្គល។
- មិនត្រូវបង់លុយឲ្យប្រភពរបស់អ្នកទេ លើកលែងតែក្នុងករណីមានការបង្ខំខ្លាំងពេក។ បើបង់ប្រាក់ ក៏ត្រូវបង់ក្នុងអត្រាសមល្មមដែរ ហើយប្រសិនបើវាជាព័ត៌មានដ៏សំខាន់ពិតប្រាកដមែន និងមានតែស្ថាប័នអ្នកប៉ុណ្ណោះដែលនឹងបានផ្សព្វផ្សាយមុនគេ។ ផ្ទុយទៅវិញ ចូរសម្តែងទឹកចិត្តបន្តិចបន្តួច ដូចជាអំណោយសាមញ្ញ និងមានតម្លៃថោកដែលមិនប៉ះពាល់ដល់ឯករាជ្យភាពរបស់អ្នកសារព័ត៌មាន។
- មិនត្រូវក្បត់ប្រភពជាដាច់ខាត ប្រសិនបើគាត់ស្នើសុំពន្យារពេលមុនការចាក់ផ្សាយ ឬបប្រសិនបើគាត់ទាមទារឲ្យរក្សាអត្តសញ្ញាណរបស់គាត់។
អ្នកយកព័ត៌មានមិនទទួលយកប្រាក់ ឬផលប្រយោជន៍គ្រប់រូបភាព មិនថាពីប្រភពរបស់ខ្លួន ឬពីបុគ្គលពាក់ព័ន្ធនឹងការផលិតបទយកការណ៍។
តើរូបភាពដែលផ្តល់ដោយសាធារណជន អាចប្រើការបានដែរឬទេ ?
ក្នុងករណីព្រឹត្តិការណ៍ធ្ងន់ធ្ងរ ដូចជាការរញ្ជួយដី បាតុកម្មហិង្សា អំពើភេរវកម្មជាដើម…គួរស្វែងរករូបភាពដែលសាធារណជនបានថតជាមួយកាមេរ៉ាវីដេអូ ម៉ាស៊ីនថតរូប ឬទូរស័ព្ទដៃ។ ប្រុងប្រយ័ត្ន! ត្រូវពិនិត្យប្រភពឯកសារជានិច្ច ហើយប្រសិនបើអាច ត្រូវរក្សាទំនាក់ទំនងជាមួយអ្នកដែលផ្តល់រូបភាពនោះ។ បើសិនជាឯកសារទាំងនោះក្លែងក្លាយ អ្នកយកព័ត៌មានត្រូវទទួលខុសត្រូវចំពោះកង្វះខាតនៃការផ្ទៀងផ្ទាត់របស់ខ្លួន។