អ្នកធ្វើអត្ថាធិប្បាយកម្មវិធីធានានូវនិរន្តរភាពនៃសេចក្តីរាយការណ៍ និងធាតុទាំងអស់ដែលបង្ហាញជាបន្តបន្ទាប់ក្នុងការកម្មវិធីផ្សាយ។ គាត់សរសេរទំនាក់ទំនងនៃសាច់រឿង និងបន្ថែមព័ត៌មានក្រៅរឿងខ្លះៗ។ គាត់ជាអ្នកចាប់ផ្តើម និងបញ្ចប់កម្មវិធីទាំងមូល។
តាមរយៈការនិយាយលើកដាក់សំឡេង និងឥរិយាបថ អ្នកធ្វើអត្ថាធិប្បាយអាចធ្វើឲ្យព័ត៌មានកាន់តែធ្ងន់ មានភាពធូរស្រាលជាងមុន ឬកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀត ។
អ្នកធ្វើអត្ថាធិប្បាយក៏ត្រូវទទួលស្វាគមន៍វត្តមានវាគ្មិនក្នុងបន្ទប់ស្ទូឌីយោផងដែរ។ ជួនកាល វាគ្មិនចូលរួមក្នុងដំណើរការផ្សាយព័ត៌មាន ជួនកាលទៀត ពួកគាត់ត្រូវបានស្វាគមន៍នៅក្រៅការផ្សាយ ក្នុងវគ្គពិសេសណាមួយ។
ប្រធានការផ្សាយជាអ្នកបង្ហើយការតាក់តែងតារាងលម្អិតព័ត៌មានពីប្រធានបទដែលត្រូវផ្សាយ។ គាត់ត្រូវផ្តោតទៅលើលំដាប់លំដោយនៃការផលិត និងការបញ្ចប់នៃសេចក្តីរាយការណ៍។ គាត់ផ្ទៀងផ្ទាត់ខ្លឹមសារ ទម្រង់បង្ហាញនៃធាតុនីមួយៗ និងត្រួតពិនិត្យមើលថា តើព័ត៌មានដែលនឹងត្រូវបន្ថែមនៅលើអេក្រង់ ត្រឹមត្រូវឬយ៉ាងណា។ គាត់ពិនិត្យមើលគុណភាពនៃសេចក្តីរាយការណ៍មុននឹងចេញផ្សាយ។
អ្នកសម្របសម្រួលបចេ្ចកទេសផ្សាយតាមដានរយៈពេលនៃសេចក្តីរាយការណ៍នីមួយៗ និងកត់ពាក្យចុងក្រោយនៃសេចក្តីរាយការណ៍ទាំងនេះ ដើម្បីឲ្យក្រុមអ្នកបច្ចេកទេសត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូរ។ ជារឿយៗ គាត់ជាអ្នកវាយបញ្ចូលចំណារបញ្ជាក់អត្តសញ្ញាណរបស់មនុស្សទូទៅនៅលើអេក្រង់។
អ្នកដឹកនាំថតធានាការចាក់ផ្សាយព័ត៌មាន។ គាត់ធ្វើការតាមតារាងលម្អិតព័ត៌មានអំពីប្រធានបទដែលត្រូវផ្សាយ ដើម្បីធានានូវការផ្លាស់ប្តូរដ៏រលូនពីកាមេរ៉ាមួយទៅកាមេរ៉ាមួយទៀត និងបញ្ជូនការផ្សាយប្រធានបទផ្សេងៗ។
អ្នកគ្រប់គ្រងសំឡេងធានាឲ្យមានសំឡេងល្អនៅរាល់ការផ្សាយ មិនថាពីក្នុងបន្ទប់ស្ទូឌីយោ ឬផ្សាយផ្ទាល់ទេ។
អ្នកបច្ចេកទេសរូបភាពវីដេអូបង្កើតបែបផែនវីដេអូពិសេសៗ ដូចជាការបែងចែកអេក្រង់ទៅជាបំណែកជាដើម។ គាត់ធ្វើការជាក្រុមជាមួយអ្នករចនាក្រាហ្វិកដែលគ្រប់គ្រងរូបភាពក្រាហ្វិក ឬក្រាហ្វិកវីដេអូ។