Menu

11. គ្រប់គ្រងសំឡេងនៃសេចក្តីរាយការណ៍ព័ត៌មាន

ក្នុងភាសាសោតទស្សន៍ ភាគច្រើនសំឡេងត្រូវបានបង្រួមឲ្យនៅត្រឹមតែសំឡេងអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាន ឬសម្តីរបស់អ្នកដែលត្រូវបានសម្ភាសប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី  សំឡេងទាំងនេះមានសារសំខាន់សម្រាប់ដឹកនាំព័ត៌មានក៏ដោយ ក៏គេមិនគួរមើលរំលងពីតួនាទីចម្បងនៃសំឡេងផ្ទាល់ ឬសំឡេងនៃបរិយាកាសជុំវិញ ដែលផ្តល់នូវជីវិតដល់រូបភាព និងធ្វើឲ្យអ្នកទស្សនាចូលស៊ប់ក្នុងសេចក្តីរាយការណ៍ពីទីកន្លែងកើតហេតុផ្ទាល់ដែរ។ ចន្លោះសំឡេងតន្រ្តីខ្លាំង និងភាពស្ងប់ស្ងាត់ មានសំឡេងច្រើនណាស់ដែលជាល្បោយនៃសេចក្តីរាយការណ៍ព័ត៌មាន។

សំឡេងផ្ទាល់

សំឡេងផ្ទាល់ ឬសំឡេងបរិយាកាសគឺជា « សក្ខីផ្ទាល់ »​ នៃសេចក្តីរាយការណ៍ពីទីកន្លែងផ្ទាល់ ដោយចាប់យកការពិតមួយផ្នែក ទាំងរូបភាព និងសំឡេងច្រើនចម្រុះលាយឡំគ្នា។ បើសិនជារូបភាពបង្ហាញជាងដែកម្នាក់យកបំណែកដែកត្រាំចូលក្នុងទឹក គឺត្រូវតែឮសំឡេងប្រតិកម្មរបស់ដែកដែលដុតក្តៅខ្លាំង ប៉ះជាមួយនឹងទឹកនោះ។

នៅក្នុងសេចក្តីរាយការណ៍ភាគច្រើន សំឡេងគឺជាព័ត៌មានផ្ទាល់ខ្លួនមួយ។ វាធ្វើឲ្យអ្នកទស្សនាស្ទង់ដឹងពីកម្រិត « អំពើហិង្សានៃការតវ៉ា » ស្តាប់ឮនូវ « សម្រែកត្រេកអររបស់ក្រុមអ្នកឈ្នះ » « សំឡេងរអ៊ូរទាំ » ដែលអ្នករស់នៅក្បែរផ្លូវល្បឿនលឿនត្អូញត្អែរ…។ ព័ត៌មានបែបនេះរឹតតែមានទម្ងន់ថែមទៀត នៅពេលដែលវាត្រូវបានរក្សាសំឡេងផ្ទាល់ ជាជាងបញ្ចូលក្នុងសេក្តីអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាន។

សំឡេងបរិយាកាសគ្មានរូបភាព

នៅពេលថត អ្នកគួរតែយកពេលខ្លះដើម្បីថតយក « សំឡេងបរិយាកាសតែម្យ៉ាង » ដោយមិនយករូបភាពជាប់ជាមួយ។ នេះគឺជាទម្លាប់ដ៏ល្អមួយ។ ដើម្បីអាចសម្គាល់វាបានពេលកំណត់នាទីកូដសម្រាប់ធ្វើការកាត់ត អ្នកត្រូវថតយកតែសំឡេងបរិយាកាសនេះដោយភ្ជាប់ជាមួយផ្ទាំងឆ្នូត ឬយកដៃខ្ទប់មុខកញ្ចក់កាមេរ៉ា ដោយនិយាយដាក់មីក្រូហ្វូនថា « យកតែសំឡេង »។

  • នៅពេលកាត់ត សំឡេងគ្មានរូបភាពនេះមានសារសំខាន់ណាស់ក្នុងការភ្ជាប់រូបភាព និងផ្តល់ទម្ងន់ដល់ប្លង់សំខាន់ៗ។
  • សំឡេងនេះមានប្រយោជន៍សម្រាប់ការកាត់ត ដោយធានានូវនិរន្តរភាពនៃសំឡេង និងធ្វើឲ្យបរិយាកាសស៊ីគ្នាតាំងពីដើមរហូតដល់ទីបញ្ចប់នៃសេចក្តីរាយការណ៍។

ការសម្ភាសន៍ក៏ជា « សំឡេង » មួយដែរ

  • មីក្រូហ្វូនឥតខ្សែ

            ដោយបំពាក់ជាមួយនឹងមីក្រូហ្វូនឥតខ្សែ នៅពេលដែលអ្នកផ្តល់ការសម្ភាសន៍ត្រូវបានថតក្នុងប្លង់ទូលាយពេក សំឡេងរបស់គាត់ឮខ្ទរខ្លាំង ហើយច្បាស់ ទោះបីជាគាត់គ្រាន់តែជាស្រមោលតូចមួយក្នុងប្លង់ក៏ដោយ។ ក្នុងករណីនេះ អ្នកត្រូវរក្សាកម្រិតសំឡេងឲ្យមានតុល្យភាព។

  • ទីតាំងមីក្រូហ្វូន

ដើម្បីកាន់មីក្រូហ្វូនដោយមិនដាក់ដៃរបស់អ្នកបាំងមុខកាមេរ៉ា អ្នកគ្រាន់តែកាន់មីក្រូហ្វូនដោយដៃម្ខាងទៀតពីដៃកាន់កាមេរ៉ា។ កាន់មីក្រូហ្វូនឲ្យទាបបន្តិច ដើម្បីកុំឲ្យលេចក្នុងរូបភាពថត តែឲ្យខ្ពស់ល្មមដើម្បីអាចស្រូបយកពាក្យសម្តីរបស់អ្នកផ្តល់បទសម្ភាសន៍បានច្បាស់។

មីក្រូហ្វូនតូចដាក់តាមខ្លួន៖ មិនសូវសម្ញែញពេក និងមិនសូវរំខានសម្រាប់អ្នកផ្តល់ការសម្ភាសន៍។

មីក្រូហ្វូនមានក្បាល៖ អាចឲ្យអ្នកសារព័ត៌មាននិយាយនៅពេលណាក៏បាន តាមដែលគាត់ចង់។

ការបញ្ចូលបទភ្លេងទៅក្នុងរូបភាពវីដេអូ

ការបញ្ចូលបទភ្លេងទៅក្នុងរូបភាពវីដេអូត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជាចង្វាក់ដល់សេចក្តីរាយការណ៍ព័ត៌មានកីឡា និងប្រធានបទវប្បធម៌ ជាពិសេសគឺជីវព័ត៌មាន។ វិធីនេះអាចទទួលយកបាន ប្រសិនបើបទភ្លេងត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ ដើម្បីឲ្យសាកសមជាមួយនឹងប្រធានបទ។

សម្រាប់ប្រភេទព័ត៌មានបំពេញបន្ថែមវិញ ការប្រើប្រាស់បទភ្លេងនេះអាចធ្វើជាឧបករណ៍នាំផ្លូវក្នុងការកាត់ត និងសម្រួលដល់ភាពរលូននៃការពន្យល់។ យកល្អ អ្នកគួរតែធ្វើការកាត់ត ដោយពឹងផ្អែកលើភាពសមស្របនៃរូបភាព ជាជាងផ្សារភ្ជាប់ជាមួយចង្វាក់ និងភាពញាប់ ឬយឺតនៃចង្វាក់ភ្លេង។

ចំពោះសេចក្តីរាយការណ៍ពីកន្លែងកើតហេតុផ្ទាល់ ការបញ្ចូលបទភ្លេងបន្ថែមគឺជារឿងចៀសមិនផុត។ ផ្ទុយទៅវិញ ប្រសិនបើបទភ្លេងនោះមានស្រាប់ក្នុងពេលថត អ្នកត្រូវគិតជានិច្ចដល់ការថតដើម្បីបង្ហាញពីប្រភពបទភ្លេងនោះ ដូចជាចេញពីវិទ្យុ ការប្រគំតន្រ្តី អ្នកផ្លុំខ្លុយតាមផ្លូវ…។ល។

ដំបូន្មានចំពោះអ្នកថតសំឡេង

  • មុននឹងថតសំឡេង ត្រូវត្រួតពិនិត្យថ្មជាមុនសិន។
  • ដើម្បីធានានូវនិរន្តរភាពនៃសំឡេងក្នុងការប្រគំតន្រ្តីមួយ ឬការថ្លែងសុន្ទរកថាមួយជាដើម មិនត្រូវកាត់ប្លង់ដោយរើសយកជ្រុងនៃការទស្សនាពីរខុសគ្នានោះទេ។
  • ចំពោះការសម្ភាសន៍នៅក្នុងរថយន្ត ត្រូវបិទបង្អួច និងដាក់មីក្រូហ្វូននៅរបាំងការពារព្រះអាទិត្យ ដើម្បីស្រូបសំឡេងបានល្អ។
  • បន្ទាប់ពីថតសំឡេងចប់ ត្រូវពិនិត្យជាមួយកាសត្រចៀកមើលថា តើសំឡេងឮច្បាស់ល្អឬយ៉ាងណា (ជាពិសេសជាមួយឧបករណ៍ស្រូបសំឡេងឥតខ្សែ) ដើម្បីឲ្យប្រាកដថា គ្មានការជ្រៀតចូលនៃសំឡេងរំខាន។

អ្នកទទួលបន្ទុកផ្នែកសំឡេង ថតយកសំឡេងនៅស្ថានភាពជាក់ស្តែងក្នុងអំឡុងពេលចុះធ្វើសេចក្តីរាយការណ៍ព័ត៌មាន និងការសម្ភាសន៍ផ្សេងៗ។ គាត់ជ្រើសរើសទីតាំងល្អបំផុត ដើម្បីទទួលបានសំឡេងល្អ គ្មានការរំខាន។ គាត់អាចប្រើដងដើម្បីដាក់មីក្រូហ្វូនទៅជិតកម្មវត្ថុ ដោយអាចទុកវាឲ្យស្ថិតនៅក្រៅដែនកាមេរ៉ាបាន។ ទន្ទឹមនឹងនោះ គាត់ក៏អាចប្រើឧបករណ៍មិចស័រ (ឧបករណ៍លាយសំឡេងបញ្ចូលគ្នា) ដើម្បីឲ្យមានតុល្យភាពរវាងសំឡេងនៃការចោទសួរសំណួរ និងការឆ្លើយក្នុងបទសម្ភាសន៍។ គាត់តាមដានស្តាប់សំឡេងជាអចិន្ត្រៃយ៍ ហើយជូនដំណឹងដល់អ្នកយកព័ត៌មាន និងអ្នកថតរូប ប្រសិនបើមានការរំខានជាយថាហេតុ។

ក្នុងករណីគ្មានអ្នកថតសំឡេង ហើយអ្នកសារព័ត៌មានប្រើមីក្រូហ្វូន គាត់ត្រូវដឹងថា៖

  • មីក្រូហ្វូនតូចដាក់តាមខ្លួន មិនសម្ញែញពេកទេ ហើយមិនបង្កការរំខានច្រើនចំពោះអ្នកផ្តល់ការសម្ភាសន៍។

មីក្រូហ្វូនមានក្បាលអាចស្រូបយកតែសំឡេងដែលចង់បាន ដោយបាញ់ឆ្ពោះដោយផ្ទាល់ទៅកាន់គោលដៅ។ ទន្ទឹមគ្នានោះ វាអាចឲ្យអ្នកកាសែតនិយាយកាត់បានគ្រប់ពេលតាមដែលគាត់ត្រូវការ។