Menu

៨-ពីការពិត…ទៅមុំជាច្រើន

ការ​ប្រាប់ដំណឹងគឺ​ជាការ​ផ្តល់ព័ត៌មាន​ ព័ត៌មាន​ដែលផ្តល់ជូនត្រូវមាន​ភាពច្បាស់លាស់។ ប្រសិនបើព័ត៌មាននោះមានលក្ខណៈមិនច្បាស់ វាស្មើរនិងព័ត៌មាន​កុហក ការ​ប្រាប់ដំណឹងគឺ​ជាការ​ផ្តល់​ព័ត៌មាន​ជា​លាយលក្ខ័អក្សរ។ ប្រសិនបើ​ព័ត៌មាន​នោះ​ត្រូវ​បានសរសេរឡើង​ក្នុងលក្ខណៈមួយដែល​ខូច​ដល់​ខ្លឹមសារ​របស់វា ព័ត៌មាននោះនឹងត្រូវចាត់ទុកជា​ព័ត៌មាន​បោកប្រាស់។​ កាតព្វកិច្ចសំខាន់បំផុត​របស់អ្នកសារព័ត៌មានវិជ្ជាជីវៈគឺ​ដើម្បី​បំពេញ​ឲ្យ​បាន​នូវ​សិទ្ធិរបស់សាធារណៈជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ស្មោះត្រង់។

ត្រូវគោរពដល់ការពិត

ដើម្បី​បំពេញ​ឲ្យ​បាន​ការ​ពិត គេត្រូវ​យកចិត្តទុកដាក់​ទៅលើ​ព្រឹត្តិការណ៍ពិត។​ ហេតុការណ៍ដែល​អ្នកសង្កេតឃើញ​អាច​ជា​ការ​ភាន់ភ្នែក ទោះបី​ជា​អ្នក​បាន​ឃើញ​ហេតុការណ៍នោះផ្ទាល់នឹងភ្នែកក៏ដោយ។​ អ្នកចាំបាច់ត្រូវ​តែចំណាញពេល​សិក្សាស្វែងយល់​ពីហេតុការណ៍ដែល​បានឃើញនោះ ដើម្បីប្រាកដថា​អ្នកមិនបាន​យល់ខុស​ចំពោះអត្ថន័យន័យ​ហេតុការណ៍នោះ។​
ឧទាហរណ៍៖ ខ្ញុំបានឃើញបុរសម្នាក់វាយបុរសម្នាក់ទៀតនៅលើដងផ្លូវ អ្វីដែលបានកើតឡើងគឺច្បាស់ខ្លាំងណាស់៖ ខ្ញុំបានឃើញអ្នកបង្ករហេតុនិងជនរងគ្រោះ ប៉ុន្តែមានអ្វីផ្សេងដែលខ្ញុំមិនបានឃើញដែរឬទេ?

ដំណាក់កាលនៅក្នុងការ​កំណត់

វាមាននីតិវិធីវិទ្យាសាស្រ្តមួយចំនួនដែល​អ្នកគប្បី​អនុវត្តន៍ក្នុង​ការ​កំណត់​ការ​ពិត​នៅ​ពីក្រោយ​ហេតុការណ៍ដែលបានកើតឡើង និង​រាយការណ៍​ខ្លឹមសារ​ទៅតាម​ការ​ពិត​។

នៅពេល​ដែល​អ្នកសង្កេតមើល​ការពិត​ដោយផ្ទាល់៖

 • ត្រូវចងចាំថា​អ្នកគ្រាន់តែបានឃើញបំណែក​តូចៗនៃការ​ពិតតែប៉ុណ្ណោះ
 • ត្រូវងឿយឆ្ងល់​ចំពោះ​រឿងដែលនៅពីក្រោយនោះ
 • ប្រៀបធៀប​ការអង្កេតរបស់អ្នកជាមួយសាក្សីដទៃទៀត (តើអ្នកបាន​ឃើញ​ដូចដែលខ្ញុំឃើញទេ? ខ្ញុំមិនច្បាស់ថា ខ្ញុំបានមើលគ្រប់ជ្រុងជ្រោយនោះទេ: អ្នកបានឃើញអ្វីខ្លះដែរ?”),
 • រៀបការ​ពិត​តាមលំដាប់លំដោយ
 • ដាក់ការ​ពិត​ជាអត្ថបទ…
 • សរសេរការពិត​ដោយគ្មានការ​ជ្រើសរើស សង្ខេបឲ្យខ្លី ឬកាត់ន័យ
 • ត្រូវអានអត្ថបទដែលសរសេរនោះ ដើម្បីធានាថា​ខ្លឹមសាររបស់វា​មានលក្ខណៈពេញលេញ។

នៅពេល​ដែល​អ្នកសង្កេតមើល​ការពិត​ដោយប្រយោល៖

 • ពិនិត្យមើល​ពី​ភាពអាចទុកចិត្តបាននៃសម្តីរបស់សាក្សី
 • ពិនិត្យមើលសម្តីរបស់សាក្សី
 • សាកសួរយោបល់​ពីមន្រ្តីពាក់ព័ន្ធ
 • ប្រើពាក្យពីមុខ៖ “បើតាមសម្តីរបស់ប៉ូលិស…”, “បើតាមសម្តីរបស់សាក្សី…”.

ត្រូវស្វែងរកការពិត

នៅពេល​តែ​ផលប្រយោជន៍​របស់បុគ្គល ឬផលប្រយោជន៍រួម​រារាំង​ដល់​ការ​ស្វែងរកការពិត​ អ្នកសារព័ត៌មាន​ត្រូវ​ប្រកាន់​ជំហរ​ជា​ពលរដ្ឋ​ក្នុង​ការ​ស្វែងរកការពិត។​ ទោះជាយ៉ាងណាក៏ដោយ ការ​ស្វែងរកការពិត​មិន​បាន​បញ្ជាក់​អំពី​មធ្យោបាយ​ដែល​យើងប្រើប្រាស់​ដើម្បីស្វែងរកវានោះទេ។​ អ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវគោរពដល់​ឯកជនភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស។​ ក្រៅពី​ដើម្បី​បម្រើរដល់ចំណីអារម្មណ៍របស់មិត្តអ្នកអាន ការ​ស្វែងរក​ការ​ពិត​ក៏ជា​គោលដៅ​មួយ​របស់​អ្នកសារព័ត៌មាន​ផងដែរ ប៉ុន្តែ​អ្នកសារព័ត៌មាន​មិនមែន​ជាប៉ូលិស ឬចៅក្រមនោះទេ។​ ដូច្នេះមធ្យោបាយ​ក្នុងការ​ស្វែងរកការពិត​របស់ពួកគេ​គឺ​មាន​កំណត់។​ ពួកគេត្រូវយល់និងដឹងពីចំណុចនេះ

រាល់ពេលដែល​នរណា​ម្នាក់ព្យាយាម​រារាំងអ្នកក្នុងការ​ស្វែងរកការ​ពិត អ្នក​ត្រូវ​ស៊ើបមើល​ពីភាពលាក់បាំង​របស់ពួកគេដោយតម្លាភាព។​

 • សាកសួរ​ឲ្យពួកគេពន្យល់ពីមូលហេតុ
 • ពន្យល់ពី​ផលលំបាក​របស់អ្នកដល់មិត្តអ្នកអាន
 • រក្សាផែនការ​លំអិតអំពី​ការ​ស្រាវជ្រាវរបស់អ្នក
 • ប្រមូល​ភស្តុតាងដែល​បញ្ជាក់ថា អ្នកធ្វើតាមផ្លូវល្អ
 • កែកុនកំហុសឆ្គង
 • ទទួលស្គាល់កំហុសខ្លួនឯង

កុំងប់ងល់ជ្រុល!

ពេលខ្លះ អ្នកការ​សែត​អាច​ងប់ងុលជ្រុលទៅលើ​ការ​ស្វែង​រកការ​ពិត ជាពិសេសនៅពេល​ដែល​ពួកគេ​ជួបឧបសគ្គកាន់តែច្រើន។​ បំណង​ក្នុងការ​ស្វែងរកការពិត​អាចនាំ​មកនូវ​ការ​បំផ្លាញដល់​ព័ត៌មាន​នោះ ប្រសិនបើ​អ្វីដែល​អ្នកបង្ហាញចេញ​មិនដូច​ការ​រំពឹងទុករបស់មិត្ត​អ្នកអាននោះ។​ ហានិភ័យនឹងកើនឡើង​ខ្ពស់ក្នុងករណីដែល​អ្នកសារព័ត៌មាន​ធ្វេសប្រហែសក្នុងការ​រក្សាភាពមិនលំអៀង។​ ប្រសិន​បើអ្នកសារព័ត៌មាន​មិនបង្ហាញ​ការ​ពិត​ដែល​បានរកឃើញនោះ ដោយ​សារតែវាមិនស្រប​ទៅនិង​ទ្រឹស្តីរបស់អ្នកសារព័ត៌មានខ្លួនឯង ដូច្នេះ​អ្នកសារព័ត៌មាន​កំពុង​តែធ្វើរឿងមិនស្មោះត្រង់។​ វាគ្មានការ​ពិតមួយរយភាគរយនោះទេ។​