តើម៉ាស៊ីនស្វែងរកដំណើរការយ៉ាងដូចម្តេច?
ម៉ាស៊ីនស្វែងរកគឺជា មនុស្សយន្ត តួនាទីរបស់វាគឺធ្វើការស្កេនមើលគេហទំព័ររាប់លាននៅរៀងរាល់វិនាទី នឹងផ្តល់ឲ្យគេហទំព័រទាំងនោះនូវចំណាត់ថ្នាក់នៃការពាក់ព័ន្ធដោយផ្អែកទៅលើអ្វីដែលមាននៅក្នុងនោះ។ គោលបំណងរបស់វាគឺដើម្បីធានាថានៅពេលដែលមនុស្សយើងវាយពាក្យណាមួយនៅក្នុងរបារស្វែងរក មនុស្សយន្តនឹងអាចផ្តល់នូវគេហទំព័រដែលមាតិការទាក់ទងទៅនិងពាក្យនោះបំផុត។
តួនាទីរបស់អ្នកក្នុងនាមជាអ្នកសារព័ត៌មានគឺ ត្រូវឲ្យម៉ាស៊ីននោះចាប់យកសំណេររបស់អ្នកយ៉ាងងាយបំផុត។ បញ្ហាឋិតនៅត្រង់ថា ដំណើរការរបស់ម៉ាស៊ីននោះគឺគ្មានភាពច្បាស់លាស់។ អ្នកបង្កើតវាឡើងមិនធ្លាប់ពន្យល់អំពីដំណើរការរបស់វានោះទេ។ រឿងនេះធម្មតាទេ ពីព្រោះវាជាអាថ៌កំបាំងក្នុងការរកលុយរបស់ពួកគេ។
តើការបង្កើតប្រសិទ្ធិភាពម៉ាស៊ីនស្វែងរកជាអ្វី?
តាមបទពិសោធន៍ ជាពិសេសសម្រាប់ហ្គូហ្គល អ្នកបោះផ្សាយអត្ថបទបានយល់ថាធាតុផ្សំរបស់អត្ថបទគឺមានសារៈសំខាន់ណាស់ ក្នុងការអាចឲ្យម៉ាស៊ីនស្វែងរកធ្វើការស្កេនបានត្រឹមត្រូវទៅលើវា។ នេះជាអ្វីដែលយើងហៅថា ការបង្កើតប្រសិទ្ធិភាពម៉ាស៊ីនស្វែងរក (Search Engine Optimisation (SEO))
វាមានធាតុផ្សំប្រាំមួយដែលអ្នកត្រូវបង្ហាញឡើងនៅក្នុងអត្ថបទសំណេរទាំងអស់របស់អ្នក
- ចំណងជើង (វាអាចមានប្រវែងវែង)
- ធ្នាក់ទាញអារម្មណ៍
- ចំណងជើងតូច
- រូបភាពដែលមានចំណងជើងពណ៌នាពីក្រោម
- លីងភ្ជាប់ទៅកាន់ប្រភពព័ត៌មានពិតប្រាកដ (ព័ត៌មាន គេហទំព័រផ្លូវការជាដើម)
- អក្សរ 400 តួរដំបូងនៃអត្ថបទរបស់អ្នកត្រូវតែរួមបញ្ជូលពាក្យសំខាន់ដែលទាក់ទងនិងអត្ថបទអ្នក។
ការដាស់តឿន៖ មនុស្សយន្តមិនយល់ពីមនុស្សនោះទេ
នៅក្នុងអត្ថបទព័ត៌មានអនឡាញ អ្នកគួរជៀសវាងការប្រើប្រាស់ពាក្យក្នុងន័យចំអក ន័យផ្ទួន ជាពិសេសនៅក្នុងចំណងជើងនិងចំណងជើងតូច ដែលនេះនាំឲ្យមនុស្សយន្តមានការយល់ច្រឡំនៅពេលស្កេនគេហទំព័ររបស់អ្នក។ ដូច្នេះ គួរជៀសវាងការលេងពាក្យពេចន៍ ឈ្មោះហៅក្រៅ និងវប្បធម៌ដែលអាចប្រើប្រាស់នៅក្នុងទម្រង់ផ្សេងនៅលើបណ្តាញអ៊ីនធឺណិត។