ទំហំ និងរយៈពេលនៃសេចក្តីរាយការណ៍ព័ត៌មាន
- រូបភាពអមដោយសំឡេងអត្ថាធិប្បាយ (សំឡេងក្រៅដែនកាមេរ៉ា)
រូបភាពដែលអមដោយការបកស្រាយរបស់អ្នកអត្ថាធិប្បាយក្នុងស្ទូឌីយោ មានរយៈពេលពី ១៥ ទៅ ៣០ វិនាទី។ នៅពេលកាត់ត គេត្រូវ៖
- ធ្វើយ៉ាងណាឲ្យការអត្ថាធិប្បាយស៊ីគ្នាល្អបំផុតជាមួយរូបភាពមួយ ឬពីរដែលមានឥទ្ធិពល។
- ផ្តល់អាទិភាពដល់សេចក្តីផ្តើម (ទាំងរូបភាព ទាំងការអត្ថាធិប្បាយដែលជាទូទៅចាប់ផ្តើមពី ៥ ទៅ ១០ វិនាទីមុនការបង្ហាញរូបភាពផ្សាយទាំងមូល)។
- ត្រូវរៀបចំឈុតចុងក្រោយឲ្យយូរបន្តិច ដើម្បីងាយស្រួលដល់ការផ្លាស់ប្តូររូបភាពព័ត៌មានទៅកាន់អ្នកអត្ថាធិប្បាយវិញ នៅពេលដែលគាត់បញ្ចប់ពាក្យចុងក្រោយនៃសេចក្តីអត្ថាធិប្បាយរបស់គាត់។
- បទសម្ភាសន៍ទោល
បទសម្ភាសន៍ទោលគឺជាព័ត៌មានដែលអ្នកមិនចាំបាច់ពន្យល់បន្ថែម ឬបញ្ចូលរូបភាពពាក់ព័ន្ធទេ។ សេចក្តីណែនាំត្រូវគូសបញ្ជាក់ពីសារសំខាន់នៃការស្នើឲ្យមានបទសម្ភាសន៍នេះ (សក្ខីកម្មដ៏ពិសេស មានតែមួយ កម្រមាន ផ្តាច់មុខ និងគួរឲ្យរំភើបចិត្ត…) ឬរម្លឹកពីលក្ខខណ្ឌដែលនាំឲ្យមានកិច្ចសម្ភាសនេះ។
- រាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ
ការធ្វើសេចក្តីរាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ បង្ហាញពីប្រត្យក្សភាពបំផុត ដោយនាំមកទាំងរូបភាព ទាំងសំឡេង។ ការអត្ថាធិប្បាយពិពណ៌នា ឬអាចហៅថា ការអត្ថាធិប្បាយ « គន្លឹះ » ជំរុញឲ្យទូរទស្សនិកជនងាកមកមើលរូបភាពជាមុនសិន ទើបចាប់អារម្មណ៍ចំពោះបរិយាកាសនៃសេចក្តីរាយការណ៍តាមក្រោយ។
- ព័ត៌មានខ្លីពន្យល់
ពេលដែលរឿងរ៉ាវទាក់ទងនឹងអរូបី មិនអាចបង្ហាញជាសញ្ញាណអ្វីបាន ចាំបាច់ត្រូវប្រើការពន្យល់តាមរូបភាពដូចជា រូបភាពរបស់ទីភ្នាក់ងារព័ត៌មាន រូបភាពបណ្ណសារ ឬរូបភាពក្រាហ្វិកកុំព្យូទ័រ។
- សំណុំរឿង
សំណុំរឿងមួយមានប្រធានបទតែមួយ តែមានមុំជាច្រើនផ្សេងៗគ្នាដែលបង្ហាញពីគំនិតខុសៗគ្នា។ សម្រាប់កម្មវិធីព័ត៌មានទូរទស្សន៍ សំណុំរឿងអាចមានរយៈពេល ៤ នាទី។ តែសម្រាប់កម្មវិធីទស្សនាវដ្តីព័ត៌មាន ឬកម្មវិធីផ្សាយពិសេសវិញ វាអាចមានរយៈពេលវែងពី ១៣ រហូតដល់ ៥៦ នាទី។
មាតិកាសំខាន់ៗនៃព័ត៌មានទូរទស្សន៍
- ច្បាប់/សន្តិសុខសង្គម/ ការអប់រំ
- នយោបាយ/ព័ត៌មានអន្តរជាតិ
- ជីវិតតាមមូលដ្ឋាន/សហគមន៍/សង្គម/សេដ្ឋកិច្ច
- វិទ្យាសាស្រ្ត/សុខភាព/ឱសថ/បច្ចេកវិទ្យាថ្មីៗ/វប្បធម៌
- កីឡា/បរិស្ថាន
ចំពោះប្រធានមួយ ចាំបាច់ត្រូវតែជ្រើសរើសមាតិកា។ ឧទាហរណ៍ ករណីអំពើហិង្សាក្នុងគ្រួសារត្រូវស្ថិតក្នុងមាតិកា « សន្តិសុខសង្គម » ឬ « សង្គម » អាស្រ័យលើទម្រង់នៃការបង្ហាញព័ត៌មានដែលត្រូវបានជ្រើសរើស។ ការកំណត់នេះគឺជាគោលការណ៍នៃបន្ទាត់វិចារណកថាទាក់ទិននឹងការសរសេរព័ត៌មាន។