Menu

5. គោរពលក្ខខណ្ឌនៃរយៈពេលកំណត់ និងមធ្យោបាយក្នុងការផ្សាយ

ប្រធានបទដូចគ្នាអាចនឹងបកស្រាយនៅក្នុងមាតិកាខុសៗគ្នា ឬតាមមធ្យោបាយផ្សេងៗគ្នា។ សំខាន់គឺមិនថារឿងអ្វីទេ ត្រូវតែកំណត់យករូបមន្តណាដែលផលិតព័ត៌មានបានច្រើនបំផុត និងល្អបំផុតក្នុងការធានាដំណើរការរលូន និងភាពទាក់ទាញនៃព័ត៌មានដែលនឹងត្រូវផ្សាយ។

ទំហំ និងរយៈពេលនៃសេចក្តីរាយការណ៍ព័ត៌មាន 

 • រូបភាពអមដោយសំឡេងអត្ថាធិប្បាយ (សំឡេងក្រៅដែនកាមេរ៉ា)

រូបភាពដែលអមដោយការបកស្រាយរបស់អ្នកអត្ថាធិប្បាយក្នុងស្ទូឌីយោ មានរយៈពេល​ពី ១៥ ទៅ ៣០ វិនាទី។ នៅពេលកាត់ត គេត្រូវ៖

 • ធ្វើយ៉ាងណាឲ្យការអត្ថាធិប្បាយស៊ីគ្នាល្អបំផុតជាមួយរូបភាពមួយ ឬពីរដែលមាន​ឥទ្ធិពល។
 • ផ្តល់អាទិភាពដល់សេចក្តីផ្តើម (ទាំងរូបភាព ទាំងការអត្ថាធិប្បាយដែលជាទូទៅចាប់ផ្តើមពី ៥ ទៅ ១០ វិនាទីមុនការបង្ហាញរូបភាពផ្សាយទាំងមូល)។
 • ត្រូវរៀបចំឈុតចុងក្រោយឲ្យយូរបន្តិច ដើម្បីងាយស្រួលដល់ការផ្លាស់ប្តូររូបភាពព័ត៌មានទៅកាន់អ្នកអត្ថាធិប្បាយវិញ នៅពេលដែលគាត់បញ្ចប់ពាក្យចុងក្រោយនៃសេចក្តីអត្ថាធិប្បាយរបស់គាត់។

 

 • បទសម្ភាសន៍ទោល

បទសម្ភាសន៍ទោលគឺជាព័ត៌មានដែលអ្នកមិនចាំបាច់ពន្យល់បន្ថែម ឬបញ្ចូលរូបភាពពាក់ព័ន្ធទេ។ សេចក្តីណែនាំត្រូវគូសបញ្ជាក់ពីសារសំខាន់នៃការស្នើឲ្យមានបទសម្ភាសន៍នេះ (សក្ខីកម្មដ៏ពិសេស មានតែមួយ កម្រមាន ផ្តាច់មុខ និងគួរឲ្យរំភើបចិត្ត…) ឬរម្លឹកពីលក្ខខណ្ឌដែលនាំឲ្យមានកិច្ចសម្ភាសនេះ។

 • រាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ

ការធ្វើសេចក្តីរាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ បង្ហាញពីប្រត្យក្សភាពបំផុត ដោយនាំមកទាំងរូបភាព ទាំងសំឡេង។ ការអត្ថាធិប្បាយពិពណ៌នា ឬអាចហៅថា ការអត្ថាធិប្បាយ « គន្លឹះ » ជំរុញឲ្យទូរទស្សនិកជនងាកមកមើលរូបភាពជាមុនសិន ទើបចាប់អារម្មណ៍ចំពោះបរិយាកាសនៃសេចក្តីរាយការណ៍តាមក្រោយ។

 • ព័ត៌មានខ្លីពន្យល់

ពេលដែលរឿងរ៉ាវទាក់ទងនឹងអរូបី មិនអាចបង្ហាញជាសញ្ញាណអ្វីបាន ចាំបាច់ត្រូវប្រើការពន្យល់តាមរូបភាពដូចជា រូបភាពរបស់ទីភ្នាក់ងារព័ត៌មាន រូបភាពបណ្ណសារ ឬរូបភាពក្រាហ្វិកកុំព្យូទ័រ។

 • សំណុំរឿង

សំណុំរឿងមួយមានប្រធានបទតែមួយ តែមានមុំជាច្រើនផ្សេងៗគ្នាដែលបង្ហាញពីគំនិតខុសៗគ្នា។ សម្រាប់កម្មវិធីព័ត៌មានទូរទស្សន៍ សំណុំរឿងអាចមានរយៈពេល ៤ នាទី។ តែសម្រាប់កម្មវិធីទស្សនាវដ្តីព័ត៌មាន ឬកម្មវិធីផ្សាយពិសេសវិញ វាអាចមានរយៈពេលវែងពី ១៣ រហូតដល់ ៥៦ នាទី។

មាតិកាសំខាន់ៗនៃព័ត៌មានទូរទស្សន៍

 • ច្បាប់/សន្តិសុខសង្គម/ ការអប់រំ
 • នយោបាយ/ព័ត៌មានអន្តរជាតិ
 • ជីវិតតាមមូលដ្ឋាន/សហគមន៍/សង្គម/សេដ្ឋកិច្ច
 • វិទ្យាសាស្រ្ត/សុខភាព/ឱសថ/បច្ចេកវិទ្យាថ្មីៗ/វប្បធម៌
 • កីឡា/បរិស្ថាន

ចំពោះប្រធានមួយ ចាំបាច់ត្រូវតែជ្រើសរើសមាតិកា។ ឧទាហរណ៍ ករណីអំពើហិង្សាក្នុងគ្រួសារត្រូវស្ថិតក្នុងមាតិកា « សន្តិសុខសង្គម » ឬ « សង្គម » អាស្រ័យលើទម្រង់នៃការបង្ហាញព័ត៌មានដែលត្រូវបានជ្រើសរើស។ ការកំណត់នេះគឺជាគោលការណ៍នៃបន្ទាត់វិចារណកថាទាក់ទិននឹងការសរសេរព័ត៌មាន។