Menu

21. ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងផ្សាយតាមទម្រង់ផ្សេងៗ

ដំណឹងមួយរស់ ឬស្លាប់លឿនប៉ុណ្ណាអាស្រ័យលើបណ្តាញផ្សព្វផ្សាយព័ត៌មាន។ ការិយាល័យនិពន្ធអាចជ្រើសរើសផ្សាយព័ត៌មានតែមួយដូចគ្នា ដោយធ្វើបច្ចុប្បន្នភាពព័ត៌មាននោះនៅក្នុងកម្មវិធីផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ និងដោយធានាការវិវត្តនៃព័ត៌មាននោះលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ពីក្នុងស្រុកទៅកាន់អន្តរជាតិ។

បច្ចេកវិទ្យាទំនើបបានធ្វើឲ្យសេចក្តីរាយការណ៍សាយភាយហួសដែននៃការផ្សាយរបស់ខ្លួន (អ៊ីនធឺណេត ទូរសព្ទដៃ)។ គឺបច្ចេកវិទ្យានេះហើយដែលពន្យារអាយុកាលនៃដំណឹងមួយ និងបង្កើនចំនួនអ្នកតាមដាន។

យកបទសម្ភាសន៍ចាស់មកប្រើម្តងទៀត

សេចក្តីរាយការណ៍ដែលចាក់ផ្សាយរួចទៅហើយ ក៏មិនអាចសន្មត់ថា អស់តម្លៃដែរ។ ព័ត៌មានទាំងនោះនៅតែមានសក្តានុពលសារព័ត៌មានដែលអាចយកមកប្រើការបាន៖

  • ព័ត៌មានដែលប្រមូលបាននៅក្នុងបទសម្ភាសន៍មួយ ដូចជាការសន្យា ឬការបេ្តជ្ញាទៅថ្ងៃអនាគតរបស់ឥស្សរជននយោបាយមួយរូប អាចយកមកប្រើប្រាស់ឡើងវិញជាប្រយោជន៍ ដើម្បីធានានូវការបន្តព័ត៌មាន ដោយចាប់យកប្រធានបទដូចគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំបន្ទាប់ពីការសម្ភាសន៍។ ការប្រើប្រាស់ជាលើកទីពីរនៃបទសម្ភាសន៍នេះ គឺស្មើនឹង « ការដកស្រង់សម្តី » នៅក្នុងកាសែត។
  • តម្លៃនៃបទសម្ភាសន៍មួយមិនត្រូវបានកាត់បន្ថយ ដោយសារការដកស្រង់សម្តីដែលមានរយៈពេលប្រមាណ ២០ វិនាទី ដើម្បីយកមកបញ្ចូលក្នុងសេចក្តីរាយការណ៍ថ្មីនោះទេ។ បច្ចុប្បន្ននេះ ការបង្កើតគេហទំព័រអ៊ីនធឺណេតសម្រាប់ផ្សាយព័ត៌មាន អាចឲ្យគេបង្ហោះបទសម្ភាសន៍បានទូលំទូលាយជាងមុន ឬបទសន្ទនាដែលមានរយៈពេលយូរជាងមុន។

ធ្វើបច្ចុប្បន្នភាពសេចក្តីរាយការណ៍នៅក្នុងកម្មវិធីផ្សាយជាបន្តបន្ទាប់

សេចក្តីរាយការណ៍ព័ត៌មានមួយអាចនឹងត្រូវបំពេញបន្ថែមនៅក្នុងកម្មវិធីផ្សាយលើកក្រោយៗរបស់ខ្លួន។ ព្រឹត្តិការណ៍អាចរីកចម្រើនក្នុងទិសដៅដូចដែលបានព្យាករទុក ប៉ុន្តែ វាក៏អាចវិវត្តខុសពីអ្វីដែលបានរំពឹងទុកផងដែរ។ ការវិវត្តន៍នោះអាចនឹងផ្ទុយពីអ្វីដែលបាននិយាយក្នុងកម្មវិធីផ្សាយលើកមុនៗ។ ដូច្នេះ រាល់លើកពេលធ្វើបច្ចុប្បន្នភាពព័ត៌មាន អ្នកយកព័ត៌មានត្រូវតែរម្លឹកខ្លឹមសារនៃការផ្សាយលើកមុនៗ។

ធ្វើបច្ចុប្បន្នភាពព័ត៌មាន ដោយប្រែប្រួលទៅតាមកន្លែងចាក់ផ្សាយ

សម្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយដែលមានបណ្តាញផ្សាយច្រើនខុសៗគ្នា ព័ត៌មានមួយអាចនឹងត្រូវធ្វើបច្ចុប្បន្នភាព ដោយប្រែប្រួលទៅតាមបរិបទក្នុងស្រុក តំបន់ ថ្នាក់ជាតិ​ និងអន្តរជាតិ។ ម្យ៉ាងទៀត ដោយគិតគូរពីទស្សនិកជនពាក់ព័ន្ធ អ្នកយកព័ត៌មានត្រូវដឹងថា តើត្រូវបន្ថែមការពន្យល់បកស្រាយ ឬលុបចោលព័ត៌មានខ្លះៗចេញ។ ការប្រែប្រួលនេះតម្រូវឲ្យអ្នកសារព័ត៌មានសរសេរការអត្ថាធិប្បាយឡើងវិញ ធ្វើការកាត់តផ្នែកណាមួយឡើងវិញ ឬបន្ថែមការពន្យល់នៅក្នុងស្ទូឌីយោថត ដើម្បីដាក់ព័ត៌មាននៅក្នុងបរិបទថ្មី។

ផ្សាយព័ត៌មានតាមឧបករណ៍ផ្សេងៗ៖ ព័ត៌មាន ៣៦០ ដឺក្រេ និងបណ្តាញផ្សព្វផ្សាយជុំវិញពិភពលោក

សព្វថ្ងៃ បណ្តាញទូរទស្សន៍មួយមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា នៅលើគេហទំព័រ ព័ត៌មានត្រូវបានធ្វើបច្ចុប្បន្នភាពជានិច្ច, គេអាច « ឆែកមើលការចាក់ផ្សាយរបស់ទូរទស្សន៍ឡើងវិញ », មានការផ្សាយបន្តផ្ទាល់ព័ត៌មានតាមម៉ោងកំណត់ និងការផ្សាយព័ត៌មានដែលអាចមើលតាមទូរស័ព្ទដៃជាដើម។ ដូច្នេះ អ្នកត្រូវគ្រប់គ្រងឲ្យបាននូវការផ្សាយពីព្រឹត្តិការណ៍តែមួយនៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា។ ព័ត៌មានពិសេសអាចបង្ហោះនៅលើគេហទំព័រនៃទូរទស្សន៍របស់អ្នកមុន សឹមធ្វើការបង្ហាញជាក្រោយតាមកញ្ចក់ទូរទស្សន៍។ រីឯដំណឹងដែលត្រូវបានប្រកាសតាមទូរទស្សន៍រួចទៅហើយ ក៏អាចបង្ហោះនៅលើគេហទំព័របានដែរ។ អ្នកត្រូវគិតស្រមៃថា តើច្រកណាដែលត្រូវចេញ ដើម្បីឲ្យព័ត៌មានកាន់តែសាយភាយបានទូលំទូលាយតាមរយៈប្រព័ន្ធពហុព័ត៌មាននេះ។

ជនចំណូលថ្មីនៅក្នុងបន្ទប់ព័ត៌មាន៖ « អ្នកគ្រប់គ្រងបណ្តាញព័ត៌មាន »

សព្វថ្ងៃ ការបញ្ជូនព័ត៌មាន ឬរូបភាពវីដេអូដើម គឺជាភារកិច្ចពិសេសរបស់អ្នកយកព័ត៌មានដែលត្រូវទទួលខុសត្រូវក្នុងការផលិតព័ត៌មាន។ ជាមួយនឹងបច្ចេកវិទ្យាឌីជីថល​ ការបញ្ជូន និងការរក្សាទុករូបភាព និងសំឡេង ជួនកាលត្រូវបានចាត់ចែងដោយ « អ្នកគ្រប់គ្រងបណ្តាញព័ត៌មាន »។ ឧទាហរណ៍ដូចនៅក្នុងស្ថានីយ៍ទូរទស្សន៍ រាល់ទិន្នន័យត្រូវបានរៀបចំដាទុកក្នុងម៉ាស៊ីនមេមួយ។ អ្នកគ្រប់គ្រងបណ្តាញព័ត៌មានត្រួតពិនិត្យចរាចរនៃរាល់ទិន្នន័យចេញចូលពីម៉ាស៊ីនមេ។ គាត់ចាត់ចែង និងបញ្ជូនរឿងទៅកាន់កម្មវិធីផ្សាយដែលពាក់ព័ន្ធ។ គាត់ជាអ្នកសម្រេចថា តើគួរចុះព័ត៌មាននៅក្នុងការកម្មវិធីផ្សាយក្រោយៗឬទេ។ ដើម្បីបំពេញបេសកកម្មសារព័ត៌មានរបស់ខ្លួនឲ្យបានល្អ ប្រធានផ្នែកផ្សាយនេះដែលជាអ្នកគ្រប់គ្រងបណ្តាញព័ត៌មាន ឬអ្នកតម្រង់ទិស ត្រូវចោទសួរខ្លួនឯងនូវសំណួរពីរគឺ៖

  • តើព័ត៌មានគួរតែចាក់ផ្សាយនៅក្នុងកម្មវិធីផ្សាយក្រោយៗឬទេ ? តើព័ត៌មានក្នុងស្រុកនោះទាក់ទងនឹងកង្វល់ដ៏ធំរបស់ប្រជាជនមូលដ្ឋានឬទេ ? តើត្រូវធ្វើដូចម្តេចដើម្បីឲ្យព័ត៌មានសម្បូរបែប ?
  • ប្រសិនបើព័ត៌មានត្រូវបានផ្សាយក្នុងកម្មវិធីផ្សេងៗទៀត តើវានឹងនៅតែអាចយល់បានទេ ? តើព័ត៌មានអ្វីដែលត្រូវអមជាមួយសេចក្តីរាយការណ៍ ដើម្បីឲ្យខុសពីបរិបទនៃការផ្សាយលើកមុន ?