Menu

13. ការជ្រើសរើសរូបភាពវីដេអូ និងការផលិតសេចក្តីរាយការណ៍ព័ត៌មាន

រចនាសម័្ពន្ធនៃសេចក្តីរាយការណ៍ព័ត៌មានត្រូវបានផ្គុំឡើងក្នុងអំឡុងពេលថត ពេលជ្រើសរើសរូបភាពវីដេអូ និងមុនពេលកាត់ត។ អ្នកសារព័ត៌មានរើសវគ្គចាប់ផ្តើម និងវគ្គបញ្ចប់នៃសេចក្តីរាយការណ៍។ គាត់ជាអ្នកកំណត់ឈុតសំខាន់ៗដើម្បីគូសបញ្ជាក់ពីព័ត៌មានខ្លឹម និងជំរុញការរៀបរាប់ដំណាលរឿង…។ ការបំបែកជាឈុតត្រូវធានានូវភាពស៊ីសង្វាក់គ្នារវាងសំឡេង និងរូបភាព។ ដំណាលរឿងអាចនឹងត្រូវធ្វើឡើងក្នុងដំណាក់កាលថត (បែបផែនពិត) តាមការកាត់តសោតទស្សន៍ ឬសេចក្តីអត្ថាធិប្បាយ។

ក្នុងដំណាក់កាលនៃការជ្រើសរើសរូបភាពវីដេអូដែលបានថតរួច អ្នកយកព័ត៌មានកំណត់ប្លង់សំខាន់ៗដែលនឹងត្រូវប្រើប្រាស់ក្នុងពេលកាត់ត និងចំណុចសំខាន់ៗនៃសេចក្តីរាយការណ៍៖

 • ពិនិត្យមើលគ្រប់ប្លង់ទាំងអស់ និងត្រូវចំណាំប្លង់ណាដែលពាក់ព័ន្ធនឹងប្រធានបទ និងខ្លឹមសារនៃសេចក្តីរាយការណ៍ ដូចជាស្ថានភាព បទសម្ភាសន៍ រូបភាព និងសំឡេងសំខាន់ៗ បរិយាកាសជាដើម។
 • កត់ចំណាំប្លង់នីមួយៗតាមរយៈពាក្យគន្លឹះមួយ ឬច្រើនដែលបញ្ជាក់អត្ថន័យ និងលក្ខណៈលម្អិតរបស់វា ដូចជាប្រភេទប្លង់ ប្រធានបទ តួអង្គ និងទីកន្លែង…។
 • សម្គាល់ទីតាំងនៃប្លង់នីមួយៗដែលត្រូវបានជ្រើសរើស តាមរយៈការសរសេរកូដពេលវេលា ដោយចាប់ផ្តើមពីរូបភាពនៃប្លង់ដំបូងរហូតដល់រូបភាពចុងក្រោយ (លេខកូដនេះសម្គាល់រូបភាពនីមួយៗដែលត្រូវបានថតរួច)។
 • រក្សាទុកប្លង់ដែលរើសរួច និងកត់សម្គាល់រួចក្នុងថតផ្ទុកឯកសារមួយ។
 • រៀបចំថតផ្ទុកឯកសារ តាមប្រភេទ « ក្រុមនៃប្លង់ដែលពាក់ព័ន្ធគ្នា »។

តើអ្វីទៅជាក្រុមប្លង់ពាក់ព័ន្ធគ្នា ?

ជារឿយៗ ឈុតមួយត្រូវបានរៀបចំថតជុំវិញស្ថានភាពមួយ នៅទីកន្លែងមួយ និងតាមពេលវេលាដែលត្រូវបានកំណត់។ ការធានាបាននូវឯកភាពរវាងទីកន្លែង ពេលវេលា ឬសកម្មភាព អាចជាគោលការណ៍ចម្បងមួយនៃការផលិតសេចក្តីរាយការណ៍ព័ត៌មាន។

ត្រូវរកផែនទីនាំផ្លូវ ឬខ្សែនាំផ្លូវ ដើម្បីដឹកនាំអ្នកមើលកុំឲ្យវង្វេង។ ផែនទីនាំផ្លូវនោះអាចរាប់បញ្ចូល៖

 • ការរចនារូបភាព និងសំឡេងដែលលេចឡើងជាហូរហែនៅក្នុងសេចក្តីរាយការណ៍។
 • វត្ថុ ឬតួអង្គដែលធ្វើជាខ្សែនាំផ្លូវ
 • ការពិពណ៌នា (អំពីដំណើរការមួយ ឬខ្សែសង្វាក់មួយ) នៅក្នុងឈុតដែលត្រូវបានរៀបចំកែសម្រួលយ៉ាងត្រឹមត្រូវ។
 • គន្លងនៃដំណើររឿង លំដាប់លំដោយនៃសាច់រឿង និងការណែនាំដែលគាំទ្រដោយតម្រុយរូបភាព ឬសំឡេង។

ចូរប្រុងប្រយ័ត្ន! ជារឿយៗ ការនិយាយពីពេលវេលានៅក្នុងសារព័ត៌មានមិនត្រូវគ្នានឹងលំដាប់លំដោយនៃកាលប្រវត្តិទេ មិនថាទាក់ទងនឹងព្រឹត្តិការណ៍ ឬការថតទេ។ ពេលវេលានៃ « ការពិត » គឺខុសគ្នាពីពេលវេលានៃការរៀបរាប់ក្នុងសារព័ត៌មានដែលតែងតែយកព័ត៌មានសំខាន់ៗដាក់នៅខាងដើមរឿង។

ទោះបីជាសម្រាប់សេចក្តីរាយការណ៍ខ្លីក៏ដោយ ក៏ផែនទីនាំផ្លូវអាចជំនួសដោយ៖

 • ការកាត់តរឿងមួយដាក់នៅចន្លោះរឿងពីរទៀត

ឧទាហរណ៍៖ រឿង A1 // រឿង B1 // រឿង A2 // រឿង B2 // រឿង A3 …

 • ការរម្លឹករឿង៖ ជាការបំបែកលំដាប់លំដោយនៃដំណើរសាច់រឿង ដោយចាប់ផ្តើមបង្ហាញពីទីបញ្ចប់នៃរឿង មុនការរៀបរាប់ពីដំណាលរឿង។

ឧទាហរណ៍៖ ទីបញ្ចប់នៃរឿង // សេចក្តីផ្តើមរឿង // ការបន្តនៃដំណើរការរឿង // ត្រឡប់ទៅទីបញ្ចប់នៃរឿង

 • ការផ្លោះរំលង ជាការរំលងវគ្គកណ្តាលនៃរឿង និងជំរុញល្បឿននៃបទយកការណ៍។

ឧទាហរណ៍៖ ដើមរឿង // សេចក្តីសង្ខេបវគ្គកណ្តាល // ចុងបញ្ចប់រឿង

ដើម្បីស្រមៃពីប្លង់ដើម្បីកាត់ត អ្នកយកព័ត៌មានត្រូវ៖

 • ផ្តល់អាទិភាពដល់ការបង្ហាញព័ត៌មានសំខាន់ៗ ឬវគ្គសំខាន់ៗនៅខាងមុខ (ជារូបភាព ឬសំឡេង)។
 • ជ្រើសរើសវគ្គចាប់ផ្តើម និងវគ្គបញ្ចប់នៃសេចក្តីរាយការណ៍។
 • បង្កើតការរៀបរាប់សេចក្តីឲ្យស៊ីសង្វាក់គ្នាពីឆាកពិសេសមួយទៅឆាកពិសេសមួយទៀត (ឈុតសំខាន់ៗ)។
 • ត្រូវលើកតម្លៃការរៀបរាប់រឿង​តាមរយៈការរៀបចំបំបែកជាឈុត ដោយលៃយ៉ាងណាឲ្យឈុតនីមួយៗស៊ីគ្នារវាងសំឡេង និងរូបភាព៖ គោរពក្រុមប្លង់ពាក់ព័ន្ធគ្នា និងជៀសវាងប្លង់ដាច់តែឯង។

សម្គាល់ឈុតនីមួយៗតាមរយៈពាក្យគន្លឹះ នេះជាវិធីដ៏ល្អមួយដើម្បីពិនិត្យដំណើរការរឿង ព្រមទាំងអាចសរសេរសេចក្តីអត្ថាធិប្បាយបានលឿន និងល្អថែមទៀត។