Menu

10. ការបកស្រាយក្នុងរូបភាព

នៅក្នុងសេចក្តីរាយការណ៍ព័ត៌មាន អ្នកសារព័ត៌មានថតអ្វីៗទាំងអស់ដែលគាត់បានឃើញនៅចំណុចគោលដៅ តាមស្ទីលរបស់គាត់។ គាត់ប្រើប្រាស់ភាពសម្បូណ៌បែបនៃភាសារូបភាព ដើម្បីលេងអត្ថន័យ តាមរយៈជម្រើសកាមេរ៉ា មុំនៃការទស្សនា ការរៀបចំប្លង់ ពន្លឺ ចលនា និងទីតាំងទាក់ទងនឹងប្រធានបទក្នុងសេចក្តីរាយការណ៍។

អត្ថន័យនៃប្រភេទប្លង់

            រាល់ពេលដែលអ្នកថតបើកកាមេរ៉ា ថតយករូបភាព រួចឈប់ គឺគាត់ផលិតបានបណ្តុំរូបភាពមួយហើយ។ រូបភាពទាំងអស់ដែលថតបាននៅទីកន្លែងណាមួយ ឬជុំវិញហេតុការណ៍អ្វីមួយនោះ បង្កើតបានជាឈុត ពោលគឺបណ្តុំប្លង់នៃរូបភាពដែលទាមទារឲ្យមានលក្ខណៈសម្បូរបែប និងខុសប្លែកគ្នា។

 • ប្លង់ទូលាយ៖ សម្រាប់ទិដ្ឋភាពទូទៅនៃហេតុការណ៍។
 • ប្លង់ឆ្ងាយ៖ សម្រាប់កំណត់ទីតាំងរបស់តួអង្គ។
 • ប្លង់អាមេរិកាំង៖ សម្រាប់ពិពណ៌នាពីតួអង្គដែលកំពុងធ្វើសកម្មភាព។
 • ប្លង់ត្រឹមចង្កេះទៅក្បាល៖ សម្រាប់បង្ហាញតួអង្គម្នាក់ ឬច្រើននាក់នៅលើឆាក។
 • ប្លង់រយៈមធ្យម ឬប្លង់ជិតទ្រូង៖ វាជាទម្រង់បុរាណនៃប្លង់ទូរទស្សន៍ ដែលបង្ហាញពីចក្ខុវិស័យធម្មជាតិនៃទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃ។
 • ប្លង់ជិត៖ តម្រង់ក្រសែភ្នែកលើចំណុចលម្អិតណាមួយនៃរាងកាយ ឬវត្ថុអ្វីមួយ ឬសកម្មភាពមួយច្បាស់លាស់។
 • ប្លង់ស៊ក៖ សម្រាប់ផ្តោតចំណាប់អារម្មណ៍លើតម្រុយអ្វីមួយទាក់ទងនឹងសកម្មភាពដែលពិពណ៌នា។

ស្ទីលថតមានឥទ្ធិពលចំពោះអារម្មណ៍អ្នកទស្សនា

 • ប្លង់បើកឆាក

តួអង្គម្នាក់ ឬវត្ថុមួយលេចឡើងនៅផ្នែកខ្លះនៃគេមស៊ុម។ ប្លង់នេះមានឥទ្ធិពលសម្រាប់សង្កត់ធ្ងន់ពីជម្រៅនៃទំហំរូបភាព។

 • ប្លង់ជ្រុងទាប និងជ្រុងខ្ពស់

ចំណុចមើលគឺពីខ្ពស់ទៅទាប ឬពីទាបទៅខ្ពស់។ ប្លង់នេះសម្រាប់បង្ហាញពីអានុភាព ឬភាពទន់ខ្សោយក្រោមក្រសែភ្នែករបស់អ្នកមើលទៅកាន់នរណាម្នាក់ ឬគេមើលមកកាន់អ្នកវិញ។

 • ប្លង់ឈុតមួយទាំងមូល

សម្រាប់ប្លង់នេះ កាមេរ៉ានឹងមិនត្រូវបញ្ឈប់ទេ ពោលគឺមួយឈុតសម្តែងទាំងមូលនឹងត្រូវថតក្នុងប្លង់តែមួយ ដោយពុំមានកាត់ជាផ្នែកៗទេ។ កាមេរ៉ាតាមថតសកម្មភាពដែលកំពុងតែបន្ត ឬការពិពណ៌នាអំពីទីកន្លែងមួយ។

 • កាមេរ៉ាអត្តវិស័យ (គំហើញរូបភាពដោយប្រយោល)

រូបភាពនឹងក្លាយជាការមើលឃើញរបស់តួអង្គណាម្នាក់ដែលចូលរួមក្នុងសកម្មភាពអ្វីមួយ។ អ្វីដែលតួអង្គមើលឃើញនឹងធ្វើឲ្យអ្នកទស្សនាយល់ថា ខ្លួនឯងចូលតួក្នុងឈុតនោះ។

ចលនាកាមេរ៉ា 

 • ប្លង់ប៉ាណូរ៉ាមិក (ប្លង់ទិដ្ឋភាពវែង)

កាមេរ៉ាបង្វិលលើអ័ក្សជើងរបស់វា ដើម្បីបង្ហាញនូវបរិបទនៃព្រឹត្តិការណ៍មួយ និងកំណត់ទីតាំងនៃព្រឹត្តិការណ៍នោះ។

 • ប្លង់ត្រាច់ចរ (Travelling)

កាមេរ៉ាចល័តតាមគន្លង និងស្របតាមចលនាផ្លាស់ទីរបស់តួអង្គ ឬវត្ថុដែលជាប្រធានបទកំពុងថត។ ចំពោះសេចក្តីរាយការណ៍ព័ត៌មាន គេសម្រេចប្លង់នេះបានដោយតាមថតពីលើរថយន្ត ឬរថភ្លើងជាដើម។ ប្លង់នេះអាចបញ្ជាក់ពីដំណើរទៅមុខ ពីរឿងរ៉ាវមួយ ឬការវិវត្តន៍មួយ…។

ចលនា និងការប្រើប្រាស់មុខងារអុបទិច

 • ការពង្រីក

តាមវិធីអុបទិក វត្ថុដែលស្ថិតនៅឆ្ងាយអាចទាញឲ្យមើលឃើញជិតបាន។ នៅក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ជម្រើសល្អបំផុតសម្រាប់ការពង្រីក គឺដើរចូលទៅជិតកម្មវត្ថុដែលយើងចង់ថត។

 • ព្រិលស្រអាប់ និងច្បាស់

ដោយផ្លាស់ប្តូរជម្រើសមុខងាររបស់កាមេរ៉ា អ្នកថតរូបសារព័ត៌មានអាចប្តូររូបភាពច្បាស់នៃប្លង់ទីមួយទៅដាក់នៅប្លង់ទីពីរ ឬធ្វើបញ្ច្រាស់មកវិញ។ ជម្រើសនេះធ្វើឲ្យមានការផ្លាស់ប្តូរ ដោយមិនបង្អាក់សំឡេង។

 • រំលេចផ្ទាំងខ្មៅ ឬផ្ទាំងស

នេះជាវិធីប្រើសម្រាប់កំណត់ការកាត់ផ្តាច់ទំនាក់ទំនងច្បាស់លាស់។ គេដាក់បញ្ចូលវានៅចន្លោះសម្រង់ការសម្ភាសន៍ពីរ។ វិធីនេះបង្ហាញជាក់ស្តែងពីប្លង់កាត់តនៃបទសម្ភាសន៍។

ការផ្លាស់ប្តូរអ័ក្សដើម្បីថត

 • ច្បាប់បីប្លង់

សកម្មភាពមួយត្រូវបង្ហាញឲ្យបានយ៉ាងតិចបីប្លង់។ ប្លង់ទាំងបីនេះត្រូវតែមានកម្រិតខុសគ្នាយ៉ាងហោចណាស់ពីរកម្រិតនៅក្នុងចំណាត់ថ្នាក់នៃការថតភាពយន្ត ដើម្បីជៀសវាង «​ ការលោត » នៃរូបភាព។

 • ច្បាប់ ១៨០ ដឺក្រេ

ជាធម្មតា សកម្មភាពមួយមិនត្រូវឆ្លងកាត់បន្ទាត់មើលមិនឃើញដែលបំបែកលំហនៃដែនថតជាពីរនោះទេ។ ឈុតឆាកដែលថត ក្លាយជាមិនសមស្រប​ និងមើលមិនយល់ ប្រសិនបើកាមេរ៉ាមិនប្រកាន់យកជ្រុងនៃការទស្សនារបស់ខ្លួននៅផ្នែកណាមួយនៃបន្ទាត់ទេនោះ។

 • សំឡេង និង/ឬរូបភាពក្រៅដែនកាមេរ៉ា

ស៊ុមនៃរូបភាពបង្ហាញទាំងអ្វីដែលនៅក្នុងស៊ុម និងអ្វីដែលនៅក្រៅស៊ុម។ ឧទាហរណ៍ កញ្ចក់មើលខាងក្រោយនៃរថយន្តបង្ហាញពីតួរថយន្តខាងក្រោយទាំងមូល ឡេវដៃអាវ ឬតួអង្គណាម្នាក់។ល។

ដំបូន្មានបួនយ៉ាង

 • ធ្វើចលនាតិចតួចបំផុត៖ ត្រូវទុកពេលខ្លះឲ្យអ្នកទស្សនាបានតាមដានទស្សនីយភាព។
 • គួរធ្វើការជាមួយទម្រជើងកាមេរ៉ា (ជើងបី ឬជើងមួយ) ឲ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើបាន។ រូបភាពមានលំនឹងគឺជារូបភាពប្រកបដោយលក្ខណៈវិជ្ជាជីវៈ។ ដូច្នេះ វានឹងទទួលបានការជឿទុកចិត្តពីសំណាក់អ្នកទស្សនា។
 • ត្រួតពិនិត្យសំឡេងជាមួយកាសត្រចៀក៖ សំឡេងអាចរំខានការស្តាប់ ឬការយល់របស់បទសម្ភាសន៍ ឬទស្សនីយភាព (សំឡេងម៉ាស៊ីនត្រជាក់ ការឆ្លងកាត់របស់រថភ្លើងជាដើម)។
 • ផ្ទៀងផ្ទាត់សម្ភារជានិច្ច មុននឹងចេញទៅធ្វើសេចក្តីរាយការណ៍ព័ត៌មាន៖ ថ្ម អង្គចងចាំ ពន្លឺ…។

តើត្រូវថតប្លង់ចំនួនប៉ុន្មានសម្រាប់ប្រគល់ឲ្យអ្នកកាត់ត ?

សេចក្តីរាយការណ៍មួយ = ប្រមាណ ២០ ប្លង់កាត់តរួច = ៦០ ប្លង់ថត

បើគិតជាសមាមាត្រ មានន័យថា ៣ ទៅ ១ ។

ចំពោះប្លង់ដែលត្រូវថត ប្រសិនបើចង់ឲ្យរូបភាពកាត់តមានភាពរស់រវើក គឺត្រូវ៖

 • ២ ប្លង់ទូលាយ = ៦ ប្លង់ថត
 • ៨ ប្លង់រយៈមធ្យម = ២៤ ប្លង់ថត
 • ១០ ប្លង់ជិត = ៣០ ប្លង់ថត
 • ៣០ វិនាទីនៃបទសម្ភាសន៍ = ២ នាទីដែលត្រូវថត

រូបភាពត្រូវឆ្លើយតបច្បាស់លាស់នឹងសំណួរ នៅឯណា? អ្នកណា? តើអ្វី?

រូបភាពត្រូវបង្ហាញពីទីកន្លែង បរិយាកាស ស្ថានភាព ទីតាំងកើតហេតុ ព្រមទាំងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ អ្នកដែលត្រូវសម្ភាស និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍។

នៅពេលថត អ្នកយកព័ត៌មាន និងអ្នកថត ត្រូវកំណត់សំណួរទាំងអស់ដែលមិនអាចឆ្លើយតបបានតាមរយៈរូបភាព និងសំឡេង។ ត្រូវធ្វើសេចក្តីអត្ថាធិប្បាយដើម្បីឆ្លើយនឹងសំណួរទាំងនោះ ដូចជា តើហេតុអ្វី ? ដោយរបៀបណា ?