អត្ថន័យនៃប្រភេទប្លង់
រាល់ពេលដែលអ្នកថតបើកកាមេរ៉ា ថតយករូបភាព រួចឈប់ គឺគាត់ផលិតបានបណ្តុំរូបភាពមួយហើយ។ រូបភាពទាំងអស់ដែលថតបាននៅទីកន្លែងណាមួយ ឬជុំវិញហេតុការណ៍អ្វីមួយនោះ បង្កើតបានជាឈុត ពោលគឺបណ្តុំប្លង់នៃរូបភាពដែលទាមទារឲ្យមានលក្ខណៈសម្បូរបែប និងខុសប្លែកគ្នា។
- ប្លង់ទូលាយ៖ សម្រាប់ទិដ្ឋភាពទូទៅនៃហេតុការណ៍។
- ប្លង់ឆ្ងាយ៖ សម្រាប់កំណត់ទីតាំងរបស់តួអង្គ។
- ប្លង់អាមេរិកាំង៖ សម្រាប់ពិពណ៌នាពីតួអង្គដែលកំពុងធ្វើសកម្មភាព។
- ប្លង់ត្រឹមចង្កេះទៅក្បាល៖ សម្រាប់បង្ហាញតួអង្គម្នាក់ ឬច្រើននាក់នៅលើឆាក។
- ប្លង់រយៈមធ្យម ឬប្លង់ជិតទ្រូង៖ វាជាទម្រង់បុរាណនៃប្លង់ទូរទស្សន៍ ដែលបង្ហាញពីចក្ខុវិស័យធម្មជាតិនៃទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃ។
- ប្លង់ជិត៖ តម្រង់ក្រសែភ្នែកលើចំណុចលម្អិតណាមួយនៃរាងកាយ ឬវត្ថុអ្វីមួយ ឬសកម្មភាពមួយច្បាស់លាស់។
- ប្លង់ស៊ក៖ សម្រាប់ផ្តោតចំណាប់អារម្មណ៍លើតម្រុយអ្វីមួយទាក់ទងនឹងសកម្មភាពដែលពិពណ៌នា។
ស្ទីលថតមានឥទ្ធិពលចំពោះអារម្មណ៍អ្នកទស្សនា
- ប្លង់បើកឆាក
តួអង្គម្នាក់ ឬវត្ថុមួយលេចឡើងនៅផ្នែកខ្លះនៃគេមស៊ុម។ ប្លង់នេះមានឥទ្ធិពលសម្រាប់សង្កត់ធ្ងន់ពីជម្រៅនៃទំហំរូបភាព។
- ប្លង់ជ្រុងទាប និងជ្រុងខ្ពស់
ចំណុចមើលគឺពីខ្ពស់ទៅទាប ឬពីទាបទៅខ្ពស់។ ប្លង់នេះសម្រាប់បង្ហាញពីអានុភាព ឬភាពទន់ខ្សោយក្រោមក្រសែភ្នែករបស់អ្នកមើលទៅកាន់នរណាម្នាក់ ឬគេមើលមកកាន់អ្នកវិញ។
- ប្លង់ឈុតមួយទាំងមូល
សម្រាប់ប្លង់នេះ កាមេរ៉ានឹងមិនត្រូវបញ្ឈប់ទេ ពោលគឺមួយឈុតសម្តែងទាំងមូលនឹងត្រូវថតក្នុងប្លង់តែមួយ ដោយពុំមានកាត់ជាផ្នែកៗទេ។ កាមេរ៉ាតាមថតសកម្មភាពដែលកំពុងតែបន្ត ឬការពិពណ៌នាអំពីទីកន្លែងមួយ។
- កាមេរ៉ាអត្តវិស័យ (គំហើញរូបភាពដោយប្រយោល)
រូបភាពនឹងក្លាយជាការមើលឃើញរបស់តួអង្គណាម្នាក់ដែលចូលរួមក្នុងសកម្មភាពអ្វីមួយ។ អ្វីដែលតួអង្គមើលឃើញនឹងធ្វើឲ្យអ្នកទស្សនាយល់ថា ខ្លួនឯងចូលតួក្នុងឈុតនោះ។
ចលនាកាមេរ៉ា
- ប្លង់ប៉ាណូរ៉ាមិក (ប្លង់ទិដ្ឋភាពវែង)
កាមេរ៉ាបង្វិលលើអ័ក្សជើងរបស់វា ដើម្បីបង្ហាញនូវបរិបទនៃព្រឹត្តិការណ៍មួយ និងកំណត់ទីតាំងនៃព្រឹត្តិការណ៍នោះ។
- ប្លង់ត្រាច់ចរ (Travelling)
កាមេរ៉ាចល័តតាមគន្លង និងស្របតាមចលនាផ្លាស់ទីរបស់តួអង្គ ឬវត្ថុដែលជាប្រធានបទកំពុងថត។ ចំពោះសេចក្តីរាយការណ៍ព័ត៌មាន គេសម្រេចប្លង់នេះបានដោយតាមថតពីលើរថយន្ត ឬរថភ្លើងជាដើម។ ប្លង់នេះអាចបញ្ជាក់ពីដំណើរទៅមុខ ពីរឿងរ៉ាវមួយ ឬការវិវត្តន៍មួយ…។
ចលនា និងការប្រើប្រាស់មុខងារអុបទិច
- ការពង្រីក
តាមវិធីអុបទិក វត្ថុដែលស្ថិតនៅឆ្ងាយអាចទាញឲ្យមើលឃើញជិតបាន។ នៅក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ជម្រើសល្អបំផុតសម្រាប់ការពង្រីក គឺដើរចូលទៅជិតកម្មវត្ថុដែលយើងចង់ថត។
- ព្រិលស្រអាប់ និងច្បាស់
ដោយផ្លាស់ប្តូរជម្រើសមុខងាររបស់កាមេរ៉ា អ្នកថតរូបសារព័ត៌មានអាចប្តូររូបភាពច្បាស់នៃប្លង់ទីមួយទៅដាក់នៅប្លង់ទីពីរ ឬធ្វើបញ្ច្រាស់មកវិញ។ ជម្រើសនេះធ្វើឲ្យមានការផ្លាស់ប្តូរ ដោយមិនបង្អាក់សំឡេង។
- រំលេចផ្ទាំងខ្មៅ ឬផ្ទាំងស
នេះជាវិធីប្រើសម្រាប់កំណត់ការកាត់ផ្តាច់ទំនាក់ទំនងច្បាស់លាស់។ គេដាក់បញ្ចូលវានៅចន្លោះសម្រង់ការសម្ភាសន៍ពីរ។ វិធីនេះបង្ហាញជាក់ស្តែងពីប្លង់កាត់តនៃបទសម្ភាសន៍។
ការផ្លាស់ប្តូរអ័ក្សដើម្បីថត
- ច្បាប់បីប្លង់
សកម្មភាពមួយត្រូវបង្ហាញឲ្យបានយ៉ាងតិចបីប្លង់។ ប្លង់ទាំងបីនេះត្រូវតែមានកម្រិតខុសគ្នាយ៉ាងហោចណាស់ពីរកម្រិតនៅក្នុងចំណាត់ថ្នាក់នៃការថតភាពយន្ត ដើម្បីជៀសវាង « ការលោត » នៃរូបភាព។
- ច្បាប់ ១៨០ ដឺក្រេ
ជាធម្មតា សកម្មភាពមួយមិនត្រូវឆ្លងកាត់បន្ទាត់មើលមិនឃើញដែលបំបែកលំហនៃដែនថតជាពីរនោះទេ។ ឈុតឆាកដែលថត ក្លាយជាមិនសមស្រប និងមើលមិនយល់ ប្រសិនបើកាមេរ៉ាមិនប្រកាន់យកជ្រុងនៃការទស្សនារបស់ខ្លួននៅផ្នែកណាមួយនៃបន្ទាត់ទេនោះ។
- សំឡេង និង/ឬរូបភាពក្រៅដែនកាមេរ៉ា
ស៊ុមនៃរូបភាពបង្ហាញទាំងអ្វីដែលនៅក្នុងស៊ុម និងអ្វីដែលនៅក្រៅស៊ុម។ ឧទាហរណ៍ កញ្ចក់មើលខាងក្រោយនៃរថយន្តបង្ហាញពីតួរថយន្តខាងក្រោយទាំងមូល ឡេវដៃអាវ ឬតួអង្គណាម្នាក់។ល។
ដំបូន្មានបួនយ៉ាង
- ធ្វើចលនាតិចតួចបំផុត៖ ត្រូវទុកពេលខ្លះឲ្យអ្នកទស្សនាបានតាមដានទស្សនីយភាព។
- គួរធ្វើការជាមួយទម្រជើងកាមេរ៉ា (ជើងបី ឬជើងមួយ) ឲ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើបាន។ រូបភាពមានលំនឹងគឺជារូបភាពប្រកបដោយលក្ខណៈវិជ្ជាជីវៈ។ ដូច្នេះ វានឹងទទួលបានការជឿទុកចិត្តពីសំណាក់អ្នកទស្សនា។
- ត្រួតពិនិត្យសំឡេងជាមួយកាសត្រចៀក៖ សំឡេងអាចរំខានការស្តាប់ ឬការយល់របស់បទសម្ភាសន៍ ឬទស្សនីយភាព (សំឡេងម៉ាស៊ីនត្រជាក់ ការឆ្លងកាត់របស់រថភ្លើងជាដើម)។
- ផ្ទៀងផ្ទាត់សម្ភារជានិច្ច មុននឹងចេញទៅធ្វើសេចក្តីរាយការណ៍ព័ត៌មាន៖ ថ្ម អង្គចងចាំ ពន្លឺ…។
តើត្រូវថតប្លង់ចំនួនប៉ុន្មានសម្រាប់ប្រគល់ឲ្យអ្នកកាត់ត ?
សេចក្តីរាយការណ៍មួយ = ប្រមាណ ២០ ប្លង់កាត់តរួច = ៦០ ប្លង់ថត
បើគិតជាសមាមាត្រ មានន័យថា ៣ ទៅ ១ ។
ចំពោះប្លង់ដែលត្រូវថត ប្រសិនបើចង់ឲ្យរូបភាពកាត់តមានភាពរស់រវើក គឺត្រូវ៖
- ២ ប្លង់ទូលាយ = ៦ ប្លង់ថត
- ៨ ប្លង់រយៈមធ្យម = ២៤ ប្លង់ថត
- ១០ ប្លង់ជិត = ៣០ ប្លង់ថត
- ៣០ វិនាទីនៃបទសម្ភាសន៍ = ២ នាទីដែលត្រូវថត
រូបភាពត្រូវឆ្លើយតបច្បាស់លាស់នឹងសំណួរ នៅឯណា? អ្នកណា? តើអ្វី?
រូបភាពត្រូវបង្ហាញពីទីកន្លែង បរិយាកាស ស្ថានភាព ទីតាំងកើតហេតុ ព្រមទាំងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ អ្នកដែលត្រូវសម្ភាស និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍។
នៅពេលថត អ្នកយកព័ត៌មាន និងអ្នកថត ត្រូវកំណត់សំណួរទាំងអស់ដែលមិនអាចឆ្លើយតបបានតាមរយៈរូបភាព និងសំឡេង។ ត្រូវធ្វើសេចក្តីអត្ថាធិប្បាយដើម្បីឆ្លើយនឹងសំណួរទាំងនោះ ដូចជា តើហេតុអ្វី ? ដោយរបៀបណា ?