Menu

7. ជ្រើសរើសមនុស្សដើម្បីសម្ភាស

ដៃគូសន្ទនាក្នុងពេលធ្វើបទអង្កេត ឬអ្នកដែលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ដើម្បីធ្វើសេចក្តីរាយការណ៍ ផ្តល់នូវព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់។ ក្នុងករណីនេះ យើងត្រូវតែលុបចោលព័ត៌មានខ្លះចេញ ព្រោះថាវាគ្មានប្រយោជន៍ ជាព័ត៌មានដែលគេដឹងឮរួចមកហើយ ឬក៏គេស្មានដឹងរួចមកហើយ។ ចំណែកឯព័ត៌មានខ្លះទៀត ត្រូវបញ្ចូលក្នុងសេចក្តីអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាន។ ត្រូវសម្ភាសមនុស្សឲ្យបានពីរ ឬបីនាក់*​ ហើយអ្នកទាំងនោះសុទ្ធសឹងតែជាមនុស្សដែលអាចបង្កើតព័ត៌មានបាន។ ពោលគឺព័ត៌មានដែលមានតែពួកគាត់ប៉ុណ្ណោះដែលអាចនិយាយបាន នៅគ្រាណាមួយ និងក្នុងស្ថានភាពណាមួយ។ សម្តីរបស់ពួកគាត់នឹងដាក់បញ្ចូលទៅក្នុងសេចក្តីរាយការណ៍។

ការកំណត់លក្ខណៈវិនិច្ឆ័យរបស់ដៃគូសម្ភាសន៍ អាចឲ្យផលិតបាននូវបទសម្ភាសន៍ដែលពោរពេញដោយព័ត៌មាន៖

 • វាគ្មិន៖ « គាត់បានធ្វើ ឬធ្លាប់មានបទពិសោធន៍ឆ្លងកាត់ »។

ពេលកើតហេតុ គាត់រៀបរាប់ពីអ្វីដែលគាត់បានជួបប្រទះ។ នេះជាព័ត៌មាន « ដែលទទួលបានផ្ទាល់ពីប្រភពដើម » ហើយជារឿយៗ ច្រើនតែបរិយាយក្រោមទម្រង់ជាការរៀបរាប់ តាមលំដាប់លំដោយ និងពិស្តារណស់។ ដូច្នេះ អ្នកយកព័ត៌មានត្រូវតែសំយោគវានៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួន។ ដើម្បីឲ្យសាច់រឿងមានភាពរស់រវើក អ្នកទទួលបទសម្ភាសន៍អាចនឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពដើមឡើងវិញ (សម្ភាសគាត់នៅកន្លែងកើតហេតុ បង្ហាញរូបថតដល់គាត់ បង្ហាញវីដេអូ ឬវត្ថុពាក់ព័ន្ធនឹងហេតុការណ៍)។

 • សាក្សី៖ « គាត់បានឃើញ ឬបានឮ »។

ជុំវិញហេតុការណ៍នោះ សាក្សីបានត្រឹមតែអាចផ្តល់មតិយល់ឃើញរបស់គាត់ប៉ុណ្ណោះ។ កុំសុំឲ្យគាត់ធ្វើអត្ថាធិប្បាយ ឬវាយតម្លៃទូទៅអ្វីទាំងអស់។ ដើម្បីលាតត្រដាងនូវការពិត អ្នកយកព័ត៌មានត្រូវបង្កើនសក្ខីកម្ម។ ប៉ុន្តែ តួនាទីរបស់អ្នកយកព័ត៌មានគឺបង្ហាញមតិយោបល់របស់សាក្សីម្នាក់ៗ ដោយទុកមតិ និងមនោសញ្ចេតនារបស់ពួកគាត់ដោយឡែកពីហេតុការណ៍ដែលពួកគាត់និយាយ។

 • អ្នកជំនាញ៖ « គាត់ដឹង »។

អ្នកជំនាញធ្វើការវាយតម្លៃដោយឥតលម្អៀង។ គាត់អាចវិភាគ ឬវិនិច្ឆ័យដោយផ្អែកលើចំណេះដឹងរបស់គាត់ និងតាមរយៈអ្វីដែលគាត់បានដឹងពីហេតុការណ៍នោះ។ មិនត្រូវសួរពីអារម្មណ៍របស់គាត់ ឲ្យគាត់ធ្វើការចាប់អារម្មណ៍ ឬប្រមើមើលអ្វីឡើយ។ ដើម្បីឲ្យអ្នកជំនាញពន្យល់ឲ្យចំគោលដៅដោយឥតបង្វែងវែងឆ្ងាយ អ្នកសារព័ត៌មានត្រូវបកស្រាយប្រាប់គាត់ពីលក្ខខណ្ឌកំហិតនៃកម្មវិធី រួមមានរយៈពេលកំណត់ និងទូរទស្សនិកជនដែលមិនមែនជាអ្នកជំនាញ។ អ្នកអាចសម្រួលការបកស្រាយរបស់អ្នកជំនាញឡើងវិញ ក្នុងករណីចាំបាច់។

 • មន្រ្តី ឬអ្នកទទួលខុសត្រូវ៖ « គាត់ប្រកាស »។

ប្រឈមមុខនឹងបញ្ហា បុគ្គលសាធារណៈពិតជាចង់ប្រតិកម្មតបត ដោយចេញសេចក្តីប្រកាសព័ត៌មានមួយ។ គាត់មានបំណងបកស្រាយ និងពន្យល់អំពីទំនួលខុសត្រូវរបស់គាត់។

 • មន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យ៖ « គាត់ជំនួសឲ្យ » សាក្សី អ្នកជំនាញ ឬមន្ត្រី។

គាត់គ្រាន់តែជាតួអង្គអន្តរការីប៉ុណ្ណោះ ហើយវត្តមានរបស់គាត់ក្នុងបទសម្ភាសន៍គួរតែជាជម្រើសចុងក្រោយ។

ប្រការគួរជៀសវាង៖ ជៀសវាងមនុស្សដែលងាយស្រួលទាក់ទង អ្នកដែលអាចឆ្លើយបានគ្រប់យ៉ាងមិនថាជារឿងអ្វីទេ។ ជៀសវាងអ្នកផ្តល់សារដែលអាចយកទៅប្រើប្រាស់បាននៅក្នុងគ្រប់សេចក្តីរាយការណ៍ព័ត៌មាន និងអ្នកដែលបកស្រាយនឹងចម្ងល់របស់អ្នកសារព័ត៌មានបានគ្រប់ចំណុច…។

ទម្រង់ផ្សេងៗទៀតនៃកិច្ចសម្ភាសន៍៖

 • ប្រតិកម្ម ឬការយល់ឃើញ

អ្នកទទួលការសម្ភាសន៍តំណាងឲ្យក្រុមមនុស្សមួយប្រភេទ ឬអាចនិយាយបានថា គាត់តំណាងឲ្យធាតុពិតនៃសង្គម ឬចរន្តនយោបាយ។ ហេតុនេះ យើងគួរតែបញ្ចូលប្រតិកម្មជាច្រើនខុសៗគ្នា ដើម្បីបង្ហាញពីទស្សនៈនៃជ្រុងទាំងសម្ខាងរបស់បញ្ហាមួយ។ ជាគោលការណ៍ រាល់មតិយោបល់ទាំងអស់ ទាំងស្រប ទាំងប្រឆាំង ត្រូវយកមកថ្លឹងថ្លែងគ្នាដើម្បីឲ្យមានតុល្យភាព។

 • កិច្ចសន្ទនា

កិច្ចសន្ទនាគឺជាកិច្ចសម្ភាសន៍វែង ដើម្បីពិពណ៌នាអំពីបុគ្គលណាម្នាក់ ឬជជែកជុំវិញបញ្ហាអ្វីមួយ។ ក្នុងករណីនេះ អ្នកយកព័ត៌មានត្រូវធ្វើការស្រាវជ្រាវជាមុនសិន។

 • ការសម្ភាសន៍តាមដងផ្លូវ

ការសម្ភាសន៍តាមដងផ្លូវមិនដែលផលិតបានជាដំណឹងអ្វីទេ។ ការសម្ភាសន៍នេះគ្រាន់តែជាការបង្ហាញពីនិន្នាការមួយដែលគេស្គាល់រួចមកហើយប៉ុណ្ណោះ។ ឆ្លើយតបនឹងសំណួរដូចគ្នា សម្តីនៃអ្នកឆ្លើយម្នាក់ៗត្រូវបានជ្រើសរើស បន្ទាប់មកដាក់ឲ្យជាប់គ្នាជាបន្តបន្ទាប់នៅពេលកាត់ត។ ជាទូទៅ អ្នកឆ្លើយទាំងនោះពុំត្រូវបានបញ្ជាក់អត្តសញ្ញាណ ដោយចំណងជើងរងទេ (ចំណារលើអេក្រង់)។

ដើម្បីផលិតជីវព័ត៌មានឲ្យមានលក្ខណៈសម្បូរបែប និងពោរពេញដោយព័ត៌មានសំខាន់ៗ អ្នកត្រូវ៖

 • ដើម្បីធ្វើឲ្យបទសម្ភាសន៍អំពីបុគ្គលម្នាក់ឲ្យមានលក្ខណៈសម្បូរបែប យើងត្រូវ៖ បង្កើនទីតាំងថតឲ្យបានច្រើន និងរកប្លង់ខុសៗគ្នាសម្រាប់ប្រធានបទនីមួយៗ។
 • ដើម្បីឲ្យជីវព័ត៌មានគួរឲ្យចាប់អារម្មណ៍ អ្នកត្រូវ៖ បង្កើនចំនួនមនុស្សដែលត្រូវសាកសួរ និងសួរពីការយល់ឃើញរបស់ពួកគេចំពោះបុគ្គលដែលអ្នកកំពុងធ្វើបទពិពណ៌នា។
 • ជាញឹកញាប់ វិធីបែបនេះអាចជួយឲ្យផលិតបាននូវជីវព័ត៌មានត្រឹមត្រូវជាងការសន្ទនារយៈពេលយូរជាមួយមនុស្សតែម្នាក់។