សម្រាប់អ្នកសារព័ត៌មាន បើចង់ផលិតព័ត៌មាន ត្រូវតាមដានព្រឹត្តិការណ៍បច្ចុប្បន្ន។
អ្នកយកព័ត៌មានត្រូវចូលរួមប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃ ដោយពាំនាំនូវសំណើប្រធានបទអំពីដំណឹងថ្មីៗជានិច្ច។ ការពិភាក្សាជាមួយផ្នែកនិពន្ធទាំងមូលអាចជួយឲ្យកំណត់មុំបានល្អ សម្រាប់ធ្វើជាប្រធានបទ និងដឹងថា តើត្រូវដាក់វានៅវគ្គណាមួយនៃការផ្សាយព័ត៌មាន។
ការស្វែងរកវិធីផ្សេងៗគ្នា*ក្នុងការលាតត្រដាងផ្ទៃរឿងសម្រាប់ប្រធានបទនីមួយៗ និងធ្វើយ៉ាងណាឲ្យមានការច្នៃប្រឌិត គឺជាតម្លៃបន្ថែមដែលនាំមកដោយអ្នកសារព័ត៌មាន និងក្រុមការងារទាំងអស់។ (*វិធីខុសពីបណ្តាញផ្សព្វផ្សាយព័ត៌មានដទៃទៀត ខុសពីទូរទស្សន៍ដទៃទៀត ខុសពីឆ្នាំកន្លងទៅ…)។
ការប្រជុំប្រធានបទព័ត៌មានប្រចាំថ្ងៃ គឺជាពេលដែលត្រូវជ្រើសរើសប្រធានបទ។ ពេលរើសប្រធានបទរួច និពន្ធនាយកអាចបញ្ជាទៅអ្នកយកព័ត៌មាន៖
- ឲ្យចេញទៅថតយកព័ត៌មានជាមួយក្រុមការងារ។
- ផលិតព័ត៌មានបំពេញបន្ថែម ឬការរៀបរាប់រឿងដោយផ្អែកលើរូបភាពរបស់ទីភ្នាក់ងារព័ត៌មានផ្សេងៗ រូបភាពបណ្ណសារ ឬរូបភាពនិម្មិតបង្កើតពីកុំព្យូទ័រ។
ជួនកាល និពន្ធនាយកក៏អាចសម្រេចឲ្យអ្នកអត្ថាធិប្បាយនិយាយបង្ហាញប្រធានបទនៅក្នុងស្ទូឌីយោ (ដោយអមជាមួយរូបភាព ឬគ្មានរូបភាព អមដោយវត្តមានវាគ្មិនមួយរូប ឬអ្នកជំនាញផ្នែកសំណុំរឿងអ្វីមួយ)។ ក្នុងករណីនេះ អ្នកសារព័ត៌មានគ្រប់រូបក្នុងបន្ទប់ព័ត៌មានត្រូវគោរពតាមតម្រូវការផ្សេងៗនៃការរៀបចំបង្ហាញរឿង និងរយៈពេល ដើម្បីធានាគុណភាពព័ត៌មាន។
សេចក្តីរាយការណ៍ព័ត៌មាន = ប្រធានបទមួយ + សារមួយ
« ថ្ងៃ ១១ កញ្ញា ២០០១ » គឺជាព្រឹត្តិការណ៍មួយ។ ដើម្បីផ្សព្វផ្សាយពីការរម្លឹកខួបលើកទី ១០ ឆ្នាំនៃព្រឹត្តិការណ៍នេះ អ្នកយកព័ត៌មានត្រូវកំណត់ប្រធានបទជាក់លាក់ (ប្រធានបទ គឺជាចំណុចចាប់ផ្តើមនៃការយកព័ត៌មាន)។ ប្រធានបទនីមួយៗអាចទាញចេញជាមុំច្រើន ហើយតាមរយៈមុំទាំងនោះ អ្នកសារព័ត៌មានបង្កើតជាសារមួយ (សារនោះគឺជាអ្វីដែលគេមិនធ្លាប់បានស្គាល់ វាជាព័ត៌មានថ្មី និងជាតម្លៃបន្ថែម)។
- « ព្រឹត្តិការណ៍ថ្ងៃ ១១ កញ្ញា ២០០១ » ៖ រម្លឹកពីព្រឹត្តិការណ៍កើតឡើងលម្អិត។
- « ថ្ងៃ ១១ កញ្ញា ២០០១ » ៖ សក្ខីកម្មរបស់អ្នករស់រានមានជីវិតជាជនជាតិបារាំង (ឬអាមេរិកាំង ឬសាសន៍ផ្សេងទៀត) ១០ ឆ្នាំក្រោយមក។
- « ថ្ងៃ ១១ កញ្ញា ២០០១ »៖ ការរៀបរាប់របស់ភ្នាក់ងារពន្លត់អគ្គិភ័យមួយរូបថា ថ្ងៃនោះគឺជាថ្ងៃដ៏វែងបំផុតក្នុងអាជីពការងាររបស់គាត់។
អ្នកយកព័ត៌មានមិនចាំបាច់ត្រូវលើករឿងរ៉ាវមកនិយាយទាំងអស់ទេ។ សម្រាប់ប្រធានបទតែមួយ សារមួយគឺគ្រប់គ្រាន់ហើយ។ បើចង់បង្ហាញពីប្រធានបទមួយឲ្យបានល្អ លុះត្រាតែព័ត៌មានដែលអមដោយរូបភាព និងសំឡេងនោះ មានភាពស៊ីសង្វាក់គ្នា។ ហេតុនេះ វាទាមទារឲ្យមានការសហការគ្នាល្អពេញមួយថ្ងៃរវាងអ្នកថត អ្នកសរសេរអត្ថបទ អ្នកកាត់ត ជាពិសេសគឺរវាងសមាជិកទាំងអស់នៃការិយាល័យព័ត៌មាន។
សម្រាប់ទូរទស្សនិកជន ពួកគាត់នឹងតាមដានព័ត៌មាន បើសិនជាប្រធានបទ (សេចក្តីផ្តើមនៃព័ត៌មាន) ទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់ ហើយបើសិនជាស្ទីលបង្ហាញរឿងគួរឲ្យចាប់ចិត្ត ហើយបើសិនជាវានាំមកនូវព័ត៌មានថ្មីៗ។