សេចក្តីណែនាំ៖ មានតួនាទីលើកតម្លៃសេចក្តីរាយការណ៍នៅក្នុងការផ្សាយព័ត៌មាន។
ដើម្បីសរសេរការណែនាំរឿង អ្នកធ្វើអត្ថាធិប្បាយពឹងផ្អែកលើធាតុផ្សំផ្សេងៗដែលត្រូវយកមកបរិយាយ និងព័ត៌មានដែលផ្តល់ដោយអ្នកយកព័ត៌មាន។ ប្រសិនបើគាត់មានពេលសេសសល់ គាត់ត្រូវពិនិត្យមើលរូបភាពនៃសេចក្តីរាយការណ៍ដែលត្រៀមនឹងចេញផ្សាយតាមលំដាប់លំដោយទៀត ដើម្បី៖
- បរិយាយសេចក្តីរាយការណ៍ដោយផ្សារភ្ជាប់នឹងបរិបទប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត។
- ប្រាប់ពីមូលហេតុដែលនាំឲ្យកើតមានសេចក្តីរាយការណ៍នេះ៖ សន្និសីទសារព័ត៌មាន ហេតុការណ៍ពិតជាក់ស្តែង ការប្រារព្ធខួប ឬការរម្លឹកអំពីព្រឹត្តិការណ៍ដែលបានកើតឡើង ការរៀបចំឡើងស្របតាមរបៀបវារៈជាក់លាក់…។
- បង្កើនតម្លៃនៃការរៀបរៀង និងមុំដែលជ្រើសរើស៖ ផ្តាច់មុខ ដំបូងបង្អស់ គោលការណ៍នៃភាពនៅជិត ការបន្តព័ត៌មាន។
សេចក្តីសន្និដ្ឋានសម្រាប់បំពេញព័ត៌មានបន្ថែមដល់សេចក្តីរាយការណ៍។
ក្រោយការចាក់ផ្សាយ អ្នកធ្វើអត្ថាធិប្បាយអាចបំពេញខ្លឹមសារបន្ថែមដល់សេចក្តីរាយការណ៍ តាមរយៈការអត្ថាធិប្បាយនៅក្នុងស្ទូឌីយោ ដើម្បី៖
- ផ្តល់ព័ត៌មានទូទៅដូចជា លេខទូរស័ព្ទ អាសយដ្ឋាន និងកាលបរិច្ឆេទ។
- ប្រកាសថា ការិយាល័យព័ត៌មាននឹងនាំមកនូវវគ្គបន្តនៃសេចក្តីរាយការណ៍នេះនៅក្នុងការផ្សាយលើកក្រោយ។
- បង្កើតលក្ខណៈសម្គាល់ការបញ្ចប់នៃទំព័រពិសេសមួយ ឬសំណុំរឿងមួយ។
ចំណងជើងសំខាន់ៗនៃមាតិកាព័ត៌មាន
នៅក្នុងការផ្សាយតាមទូរទស្សន៍ ជាញឹកញាប់ ចំណងជើងគឺស្ថិតនៅលើរូបភាព និងត្រូវបានគូសបញ្ជាក់ដោយគំនូសពណ៌។ ចំណងជើងនឹងអមដោយសំឡេងបរិយាយរបស់អ្នកធ្វើអត្ថាធិប្បាយ។ នៅក្នុងមាតិកាព័ត៌មាន គឺអាចមានចំណងជើងរឿងសំខាន់ៗ ៣ ឬ ៤។
- ចំណងជើងរឿងដំបូងៗឆ្លុះបញ្ចាំងពីលំដាប់នៃភាពសំខាន់របស់ព័ត៌មាន។
- ដើម្បីទាក់ចិត្តអ្នកទស្សនាឲ្យតាមដានរហូតដល់ចុងបញ្ចប់នៃកម្មវិធី ជារឿយៗ រឿងចុងក្រោយច្រើនតែជាសេចក្តីរាយការណ៍ដែលជាប្រធានបទស្ថិតនៅក្រោមបង្អស់នៃតារាងលម្អិតប្រធានបទព័ត៌មាន (ផ្នែកវប្បធម៌ ឬកីឡា)។
- ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា កម្មវិធីព័ត៌មានអាចចាប់ផ្តើមជាមួយនឹងសេចក្តីរាយការណ៍មួយដែលមិនត្រូវបានប្រកាសនៅក្នុងមាតិកា។ នេះគឺជា « ព័ត៌មានក្រៅមាតិកា » ដែលបង្ហាញពី « ហេតុការណ៍ក្នុងថ្ងៃនេះ » ឬដំណឹងទាន់ហេតុការណ៍…។
- ការផ្សាយព័ត៌មានអាចបញ្ចប់ដោយការរម្លឹកចំណងជើងរឿងសំខាន់មួយ ឬច្រើន។
ចំណងជើងនីមួយៗមាន ២ ឬ ៣ ឃ្លាខ្លីៗ។ វាត្រូវបានសរសេរឲ្យស្របជាមួយប្រធានបទ សាច់រឿង និងអត្ថន័យនៃការណែនាំរបស់អ្នកធ្វើអត្ថាធិប្បាយ។
អ្នកធ្វើអត្ថាធិប្បាយត្រូវរក្សាភាពស្មោះត្រង់ចំពោះអត្ថន័យ តែត្រូវជៀសវាងការនិយាយឃ្លាដូចដើមទាំងស្រុងឡើងវិញ៖
ចំណងជើង៖ « នៅឆ្នាំ ១៩៩៨ មនុស្សជិត ៨៥០០ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ។ នេះជាតួលេខដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ ឆ្នាំមកនេះ »។
ចំណងជើងរង៖ គ្រោះថ្នាក់ចរាចរណ៍៖ ជនរងគ្រោះជាយុវជន
ការណែនាំ៖ « មានមនុស្ស ២៣ នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបារាំង កាលពីឆ្នាំមុន។ នេះជាកំណត់ត្រាដ៏គួរឲ្យព្រួយបារម្ភ សម្រាប់អាជ្ញាធរដែលសម្គាល់ឃើញថា មានអត្រាកំណើននៃអ្នកស្លាប់ ៥,៦% ។ គ្រោះថ្នាក់នេះច្រើនកើតឡើងចំពោះយុវជនអាយុចន្លោះពី ១៨ ដល់ ២៤ ឆ្នាំ ហើយនេះគឺជាមូលហេតុចម្បងនៃការស្លាប់របស់ក្រុមយុវជនតែម្តង។ ជីវិតរបស់ពូកគេត្រូវរលត់តែក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ »។
ការអត្ថាធិប្បាយ៖ « សម្រាប់ Andrey អាយុ ២៥ ឆ្នាំ ជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរកាលពីថ្ងៃទី ២៥ មីនាកន្លងទៅនេះ។ នៅថ្ងៃនោះ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយមិត្តរបស់នាង… »។