អ្នកនិពន្ធ
-
CFI & ESJ
ទស្សនៈ និងការអភិវឌ្ឍគម្រោង ២៤ ម៉ោង
គម្រោងនេះត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងារសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបារាំង(CFI)និងសាលាជាន់ខ្ពស់សារព័ត៌មាន (ESJ) ដើម្បីបំពេញបន្ថែមលើសេវាកម្មដែលស្នើដោយអ្នកវិជ្ជជាជីវៈព័ត៌មានវ័យក្មេង និងនិស្សិតសារព័ត៌មាន (គម្រោង)។ ទស្សនៈ និងការអភិវឌ្ឍត្រូវបានដឹកនាំឡើងដោយលោក អ៊ីវ រ៉ឺណាដ៍ (Yves Renard) អ្នកយកព័ត៌មាន និងជាប្រធានដេប៉ាតឺម៉ង អភិវឌ្ឍន៍ប្រទេសបារាំង និងអន្តរជាតិនៃសាលាជាន់ខ្ពស់សារព័ត៌មានទីក្រុងលីល(ESJ Lille)និងដោយលោក ឡូរ៉ង់ អាឡារី (Laurent Allary) ទីប្រឹក្សារបស់អគ្គនាយក CFI។ គេហទំព័រនេះត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងារ La Confiserie ក្រោមកិច្ចសហប្រតិបត្តិការជាមួយលោក ហ្ស៊ុលីយៀង ហ្គុយអេត (Julien Gueit) អ្នកទទួលខុសត្រូវប្រព័ន្ធផ្សព្វផ្សាយថ្មីសម្រាប់ CFI ។
-
លោក អាឡាំង រ៉ូឡាត (ALAIN ROLLAT)
២៤ម៉ោងនៃការងារកាសែត
លោក អាឡាំង រ៉ូឡាត ជាអ្នកយកព័ត៌មានអាជីពអស់រយៈពេល៤៩ឆ្នាំមកហើយ។ លោកបានចាប់ផ្តើមការងារនេះនៅឆ្នាំ១៩៦៣ នៅសារព័ត៌មាន MidiLibre កាសែតប្រចាំថ្ងៃមួយរបស់ Languedoc-Roussillon ។ បន្ទាប់មក លោកបានក្លាយជាអ្នកនិពន្ធព័ត៌មាននៅទីក្រុងម៉ុងពើល្យ៉េ ទីក្រុងការកាស់សូន ទីក្រុងពែរពីញ៉ង់ និងទីក្រុងប៉ារីស។ នៅឆ្នាំ១៩៧៧ លោកបានធ្វើការក្នុងផ្នែកនយោបាយរបស់កាសែត Le Monde។ ពេលនោះ លោកបានក្លាយជាអនុប្រធានផ្នែក មុននឹងដឹកនាំផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅឆ្នាំ១៩៩២ ដែលលោកបានបង្កើតឡើង រហូតលោកបានក្លាយជាសមាជិកនិពន្ធនាយក អ្នកសរសេរបទវិចារណកថា និងអ្នកសរសេររឿងរ៉ាវប្រវត្តិសាស្រ្ត។ លោកធ្វើការជាមួយថ្នាក់ដឹកនាំកាសែត Le Monde ក្នុងឋានៈជាអនុប្រធានក្រុមហ៊ុន។ ក្រោយមក ជាមួយតំណែងនេះ លោកបានដឹកនាំសារព័ត៌មានប្រចាំថ្ងៃ CentrePresse នៅទីក្រុងអាវ័យរ៉ុង មុននឹងលោកបានចាកចេញពីកាសែត Le Monde ដោយស្ម័គ្រចិត្ត នៅឆ្នាំ២០០១។ នៅខែមីនា ឆ្នាំ២០០៦ លោកបានបង្កើតសារព័ត៌មាន La Gazette de Sète។ បច្ចុប្បន្ននេះ លោកគឺជាប្រធានគម្រោងសម្រាប់ ESJ-International ។ លោក អាឡាំង រ៉ូឡាត ក៏ជាអ្នកនិពន្ធសៀវភៅប្រមាណជាង១០ក្បាលផងដែរ។
-
លោក រីឆាត ពែរណូលឡេ (RICHARD PERNOLLET)
២៤ម៉ោងនៃការងារវិទ្យុ
បច្ចុប្បន្ននេះ ខ្ញុំជាអ្នកយកព័ត៌មានជាន់ខ្ពស់ និងជាគ្រូបណ្ដុះបណ្តាលអន្តរជាតិ នៅសាលាជាន់ខ្ពស់សារព័ត៌មានអន្តរជាតិ (ESJ) និងស្ថាប័នផ្សេងទៀត ដូចជាវិទ្យាស្ថាន Panos Paris, GRET ឬ [Est-Ouest consulting]។ ខ្ញុំបានបំពេញបេសកកម្មជាង៦០ នៅក្នុងប្រទេសចំនួន២៥ ក្នុងក្របខណ្ឌកម្មវិធីគាំទ្រប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកំពុងមានវិបត្តិ (ទ្វីបអាហ្រ្វិក ទ្វីបអាស៊ី អឺរុបខាងកើត…)។ នៅសាលា ESJ ចាប់តាំងពីឆ្នាំ២០១០ ខ្ញុំគឺជា « គ្រូបណ្តុះបណ្តាល » សម្រាប់ថ្នាក់អនុបណ្ឌិតអន្តរជាតិប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយ IAE (ថ្នាក់ឧត្តមសិក្សាគ្រប់គ្រង នៃសាកលវិទ្យាល័យ លីល២)។ ថ្នាក់សិក្សានេះទើបតែដំណើរការបាន៣វគ្គ ដោយមានការចូលរួមពីបេក្ខជននៃបណ្តាប្រទេសភាគខាងត្បូង។
កាលពីមុន ខ្ញុំបានធ្វើការអស់រយៈពេលជាង២០ឆ្នាំ នៅ Radio France ក្នុងតំណែងជាអ្នករាយការណ៍ព័ត៌មាន ឬអ្នកធ្វើអត្ថាធិប្បាយព័ត៌មាន (France Inter និង France Info) និងជាបុគ្គលិកជាន់ខ្ពស់នៅបណ្តាញព័ត៌មាន France Bleu តាមស្ថានីយវិទ្យុក្នុងស្រុក រួមមានតំណែង៣ជានិពន្ធនាយក តំណែងពីរជានាយក។
ខ្ញុំជាអ្នកនិពន្ធទស្សនាវដ្តីវិទ្យុជាច្រើន និងក៏ជាអ្នកប្រមូលផ្តុំឯកសារ-អ្នករៀបចំឯកសារវីដេអូ។
ឯកសារ « ២៤ម៉ោងនៃការសរសេរព័ត៌មានវិទ្យុ » គឺជាផ្លែផ្កានៃការសហការមួយជាមួយលោក អ៊ីវ រ៉ឺណាដ៍ នាយកសាលា ESJ International និងលោក ព្យែរ សាវារី នាយកផ្នែកសិក្សានៃសាលា ESJ Lille ដែលនៅទីនោះពួកយើងបានប្រមូលផ្តុំបទពិសោធន៍ទៅវិញទៅមកជាអ្នកយកព័ត៌មានវិទ្យុ ដើម្បីបកប្រែគោលការណ៍សំខាន់ៗ និងបច្ចេកទេសនៃសារព័ត៌មានវិទ្យុ ជាពាក្យសាមញ្ញៗ។
-
លោក ដាវីដ ស៊ែរវេណាយ (DAVID SERVENAY)
២៤ម៉ោងនៃការងារវេបសាយព័ត៌មាន
លោក ដាវីដ ស៊ែរវេណាយ គឺជាអ្នកយកព័ត៌មាន (ប្រចាំវិទ្យុបារាំងអន្តរជាតិ RFI គេហទំព័រព័ត៌មាន Rue89.com OWNI.fr និង Les Inrocks…) អស់រយៈពេលជាង១៥ឆ្នាំមកហើយ។ លោកមានឯកទេសខាងស៊ើបអង្កេតទាក់ទងនឹងរឿងនយោបាយ ធុរកិច្ច និងសេដ្ឋកិច្ច ទាំងសម្រាប់សារព័ត៌មាន និងសម្រាប់ការបោះពុម្ពផ្សាយ (សៀវភៅពីរក្បាលត្រូវបានបោះពុម្ពផ្សាយដោយរោងពុម្ព La Découverte)។ សព្វថ្ងៃនេះ លោកធ្វើការងារដោយឯករាជ្យ និងផ្តល់វគ្គបណ្ដុះបណ្តាលលើរឿងស៊ើបអង្កេត និងសារព័ត៌មានពហុផ្សព្វផ្សាយ សម្រាប់ស្ថាប័នផ្សេងៗ (ESJ Lille និង CFI)។
-
លោក ឌីដេយ៉េ ដេស័រម៉ូ និងលោកស្រី ប្រ៊ីហ្សីត ប៉េស (DIDIER DESORMEAUX ET BRIGITTE BESSE)
២៤ម៉ោងនៃការងារទូរទស្សន៍
លោក ឌីដេយ៉េ ដេស័រម៉ូ គឺជានិពន្ធនាយក និងជាអ្នកទទួលខុសត្រូវដេប៉ាតឺម៉ង «ព័ត៌មាន និងការបោះពុម្ពផ្សាយពហុប្រភេទ» នៅសាកលវិទ្យាល័យ France Télévisions ។ លោកគឺជាបណ្ឌិតផ្នែកវិទ្យាសាស្រ្តព័ត៌មាន និងទំនាក់ទំនង។ លោករៀបចំ និងផ្តល់វគ្គបំពាក់បំប៉នសម្រាប់បុគ្គលិកជាន់ខ្ពស់ និងអ្នកយកព័ត៌មានរបស់ France-Télévisions។ លោកក៏បានបំពេញបេសកកម្មអភិវឌ្ឍន៍អន្តរជាតិនៅតាមស្ថានីយទូរទស្សន៍អាស៊ី អាហ្រ្វិក និងមជ្ឈិមបូព៌ា សម្រាប់ស្ថានីយ Canal International និងនៅអឺរ៉ុបខាងកើត សម្រាប់សមាគមទូរទស្សន៍ប្រចាំតំបន់នៃទ្វីបអឺរ៉ុប (Circom)។ លោកគឺជាប្រធានសមាគមអ្នកទទួលខុសត្រូវវគ្គបណ្តុះបណ្តាលវិទ្យុនិងទូរទស្សន៍បារាំង (FORTEF)។ នៅក្នុងក្របខណ្ឌការងារនេះ លោកបង្ហាញបទពិសោធន៍ជាមួយវិធីសាស្រ្តថ្មីៗនៃការសរសេរបទយកការណ៍បច្ចុប្បន្នភាព (ជាមួយឧបករណ៍រូបភាពឌីជីថល ឬ 3D)។
លោកស្រី ប្រ៊ីហ្សីត ប៉េស គឺជានាយិកាផ្នែកសិក្សានៅវិទ្យាស្ថានសារព័ត៌មានប្រចាំតំបន់ប៊រដូ អាគីតែន (IJBA) និងជាអ្នកទទួលខុសត្រូវជំនាញទូរទស្សន៍។ លោកស្រីបញ្ចប់ថ្នាក់បណ្ឌិតភាសាវិទ្យា និងរោគសញ្ញាវិទ្យា។ លោកស្រីជាអ្នកឯកទេសខាងអំណះអំណាង និងរបាយការណ៍ជាអត្ថបទ-រូបភាព។ លោកស្រីបានដឹកនាំកម្មវិធីបញ្ចេញមតិរិះគន់ និងការសរសេរ សម្រាប់ស្ថានីយ TF1 France Télévisions, Radio-France និង RTBF (វិទ្យុ ទូរទស្សន៍ប៊ែលហ្សិកនិយាយភាសាបារាំង) TSR (វិទ្យុ ទូរទស្សន៍ស្វីស រ៉ូម៉ង់) និង INA (វិទ្យាស្ថានជាតិសោតទស្សន៍)។ សម្រាប់ CFI លោកស្រីរៀបចំបេសកកម្មបណ្តុះបណ្តាលអំពីបទយកការណ៍ទូរទស្សន៍ (នៅប្រទេសស្រីលង្កា បង់ក្លាដេស និងហ្គាណា)។ ជាមួយនឹង «អ្នកធ្វើការផ្នែករោគសញ្ញាវិទ្យា» ដែលជាភ្នាក់ងារវិភាគប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបង្កើតទ្បើងដោយលោកស្រីនៅឆ្នាំ២០០២ ជាមួយលោក អេរិក ម៉ាសេ (Eric Macé) លោកស្រីបានសម្រេចជោគជ័យលើការសិក្សាផ្នែកសង្គម-រោគសញ្ញាវិទ្យា ជាពិសេសសម្រាប់ឧត្តមក្រុមប្រឹក្សាសោតទស្សន៍ (CSA) និងក្រុមប្រឹក្សាអឺរ៉ុបនៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងការប្រកាន់ពូជសាសន៍នៅក្នុងកីទ្បា MARS។
លោកស្រី ប្រ៊ីហ្សីត ប៉េស និងលោក ឌីដេយ៉េ ដេស័រម៉ូ បានសរសេររួមគ្នានូវសៀវភៅ «ផលិតបទយកការណ៍ទូរទស្សន៍» ដែលត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៧ និងបកប្រែជាភាសាអង់គ្លេសនៅឆ្នាំ២០០៣ (« Television news reporting ») ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់សភាអឺរ៉ុប ។ បន្ទាប់មក សៀវភៅនេះត្រូវបានបកប្រែជាភាសារុស្ស៊ី នៅឆ្នាំ២០០៤ តាមរយៈការឧបត្ថម្ភរបស់សហភាពអឺរុប និងត្រូវបានផ្សព្វផ្សាយដោយ Internews។ សៀវភៅ «ផលិតបទយកការណ៍ទូរទស្សន៍-ពហុប្រភេទ» ត្រូវបានបោះពុម្ពផ្សាយលើកទី៤ ជាភាសាបារាំង ដោយរោងពុម្ព Victoires Editions ។ ដោយមានការចូលរួមលោក អ៊ែរវ៉េ ប្រ៊ុយស៊ីនី (Hervé Brusini)
លោកស្រី ប្រ៊ីហ្សីត ប៉េស និងលោក ឌីដេយ៉េ ដេស័រម៉ូ បានសរសេររួមគ្នានូវសៀវភៅ «អក្ខរាវិរុទ្ធបារាំង ៣» ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០០៨។